ភ្នំពេញ៖ តារាចម្រៀងមានឈ្មោះល្បីគួសម ប្រចាំផលិតកម្មសាន់ដេ កញ្ញា អ៊ីវ៉ា ថ្មីៗនេះបានពើបប្រទះ និងព័ត៌មាន ដ៏រសើបមួយ ដោយលេចឮថានាងកំពុង តែរើបង្វេចផ្លាស់ទ្រនំពីសាន់ដេ ទៅជ្រកក្នុងផលិតកម្មថ្មី ដោយសារតែមាន ភាពរង្គោះរង្គើ បញ្ហាផ្ទៃក្នុងមួយចំនួន ។
ថ្មីៗនេះមានព័ត៌មាន ដ៏រសើបមួយលេចឮថា តារាចម្រៀងដែលមានស្រុកកំណើត នៅខេត្តកំពង់ស្ពឺ កញ្ញា អ៊ីវ៉ា ពេល នេះកំពុងតែត្រៀមខ្លួន ដឹកដៃឪពុកជាទីស្រលាញ់ ចាកចេញពីផលិតកម្មចាស់ផ្លាស់ផលិតកម្មថ្មីដែលមានឈ្មោះថា ផលិតកម្ម “មេហ្គា ស្ទូឌីយោ” ដោយកាលពីពេលថ្មីៗនេះ នាងនិងឪពុក បានរំលេចវត្តមានថតរូប នៅផលិតកម្មនោះ ដោយមិនខ្លាចរអែងចិត្តម្ចាស់ ផលិតកម្មដែល នាងកំពុងតែជ្រកទាល់តែសោះ ។
បើតាមប្រភពអ្នកដែលស្រលាញ់ និងនិយមតាមដាន តារាចម្រៀងសំឡេងផ្អែមរូបនេះ បានប្រាប់ឲ្យដឹងទៀតថាវាពិត ជាចម្លែកណាស់ ដែលនៅសុខតារាចម្រៀងរាងខ្ពស់ស្រឡះរូបនេះ ចេញមុខនៅផលិតកម្មថ្មី ហើយនាងថែមទាំងយក រូបមួយនេះទៅដាក់ជា Cover ក្នុង Facebook របស់នាងជាសាធារណៈបង្ហាញមហាជន ឲ្យមានការងឿងឆ្ងល់ថា កន្លងមកនាងធ្លាប់តែបង្ហាញរូប ឫក៏ Logo របស់ផលិតកម្មសាន់ដេ តែមិនធ្លាប់បង្ហាញរូបអ្វីផ្សេងខុស ពីផលិតកម្ម របស់ខ្លួនឡើយ ។
ប្រភពខាងលើបានប្រាប់ទៀតថា តារាចម្រៀងម្ចាស់បទ “ខឹងឫស្អប់បងអាចជេរអូនបាន” រូបនេះ អាចនិងមានបញ្ហា រង្គោះរង្គើផ្ទៃក្នុង ជាមួយខាងផលិតកម្ម ទើបធ្វើឲ្យនាងអាក់អន់ស្រពន់ចិត្ត រហូតដល់មិនអាចឈរជើង នៅផលិតកម្ម ហ្នឹងទៀត ទើបសម្រេចចិត្តដើរចេញ ពីផលិតកម្មដែលជ្រោងនាងឲ្យល្បីតែម្តងទៅ ។
ទាក់ទងនិងព័ត៌មានខាងលើនេះ គេហទំព័រ Looking TODAY មិនអាចទាក់ទងទៅតារាចម្រៀង កញ្ញា អ៊ីវ៉ា ដើម្បីឲ្យ នាងបកស្រាយ លើព័ត៌មានខាងលើនេះបានទេ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥នេះ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល