CamNews

កំសាន្ត 

គង់ ចាន់រដ្ឋា ច្រានចោល ដំណឹងស្នេហ៍បុរសអាមេរិក

ភ្នំពេញ៖ តារាសម្តែង និងចម្រៀងស្រអែមស្រស់ កញ្ញា គង់ ចាន់រដ្ឋា បន្ទាប់ពីជោគជ័យច្រើន គួរសម លើអាជីពសិល្បៈ បច្ចុប្បន្នត្រូវបានមហាជន មើលឃើញថា តារាស្រីរូបនេះ ហាក់កំពុង មានយឺអ៊ុនស្ទុះឡើង គួរឱ្យកត់សម្គាល់។ ស្របពេលថ្មីៗនេះ ក៏បានលេចឮព័ត៌មានចេញមកថា នាងកំពុងភ្ជាប់ទំនាក់ទំនង ស្នេហ៍ថ្មីថ្មោង ជាមួយបុរស អាណិកជនខ្មែរ រស់នៅអាមេរិក យ៉ាងសប្បាយចិត្ត។

ប្រភពពីរង្វង់អ្នកសិល្បៈ ដូចគ្នាបានបង្ហើបមកថា តារាចម្រៀងស្រី គង់ ចាន់រដ្ឋា ឥឡូវនេះ គឺកំពុងមានគូកំណាន់ចិត្តដែលជាអាណិកជនខ្មែរ រស់នៅអាមេរិកម្នាក់ ចាំជួយទំនុកបម្រុង និង ឧបត្ថម្ភដល់ជីវភាពរស់នៅ ប្រចាំថ្ងៃរបស់នាង។ ពិសេសជាងនេះទៅទៀត ក្រោយពេលវិលត្រឡប់ ពីការច្រៀង នៅលើទឹកដី សហរដ្ឋអាមេរិកវិញនោះ ឃើញថា នាងក៏មានភាព ខុសប្លែក ជាងពីមុខ មិនថាតែការរស់នៅនោះទេ សូម្បីតែការប្រើប្រាស់ នូវសម្ភារៈថ្លៃ ៗ និងទំនើប ក៏ រដ្ឋា មានភាពលេចធ្លោឡើង ជាងមុនដែរ។

ប្រភពបានបន្ថែមថា មុននេះតារាចម្រៀង មកពីខេត្តសៀមរាបអង្គរ កញ្ញា គង់ ចាន់រដ្ឋា ក៏បានចំណាយលុយ មិនក្រោមខ្ទង់ម៉ឺនដុល្លារនោះទេ ក្នុងការទិញរថយន្ត ម៉ាកកាមារី បាឡែន ដើម្បីបានជិះឱ្យត្រជាក់ចិត្តគេ។ ប៉ុន្តែការទិញរថយន្តនេះ មិនត្រូវបាន គង់ ចាន់រដ្ឋា បញ្ចេញឱ្យគេដឹងឮ ជាសារធារណៈនោះឡើយ។ ត្រង់ចំណុចនេះ គេបានដាក់ការសង្ស័យថា អាចជាកាដូរស្នេហ៍ របស់បុរសអាណិកជនខ្មែរ ក្រៅប្រទេសម្នាក់នោះ ដើម្បីផ្គាប់ចិត្តស្នេហ៍ពី រដ្ឋា ហើយមើលទៅ។

ប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤នេះ កញ្ញា គង់ ចាន់រដ្ឋា បាននិយាយបដិសេធទាំងអស់សំណើចថា "គ្មានរឿងនេះទេ (សើច) បងឯងដឹងរឿង នេះមកពីអ្នកណាគេ? ហើយអ្នកនិយាយនោះ អីក៏ដឹងជាងសាម៉ីខ្លួនគេម្ល៉េះ ! ខ្ញុំកុំឱ្យតែបានដឹង អីបន្តិចសោះហ្នឹង..!"។

តារាសម្តែង និង ចម្រៀងកំពុងល្បីឈ្មោះ បោះជំហានទៅមុខ គង់ ចាន់រដ្ឋា បាននិយាយ ទៀតថា "ទេ..!ខ្ញុំគ្មានទាន់តែសោះ រឿងមានទំនាក់ទំនង ស្នេហាក្រៅឆាកជាមួយ បុរសអាណិកជន ខ្មែរនៅអាមេរិនោះ។ មានមកពីណាបើ ខ្ញុំមិនដែលគិត ដល់រឿងស្នេហាផងនោះ ។ ចំពោះអ្វីដែលគេនិយាយ គឺគ្រាន់តែពាក្យ បំផ្លើសពីការពិតតែ ប៉ុណ្ណោះ..!"។

ដោយឡែក ជុំវិញការចំណាយលុយ ខ្ទង់ម៉ឺនដុល្លារទិញឡាននោះ ត្រូវបានតារាស្រីសម្តីផ្អែម គង់ ចាន់រដ្ឋា បញ្ជាក់ថា នាងពិតជាបានចំណាយ លុយទិញឡានកាមារី បាឡែននេះមែន ប៉ុន្តែពុំមែ នជាកាដូរស្នេហ៍ពីបុរសណា ម្នាក់នោះឡើយ វាជាលុយដែលបានមកពីការ សន្សំពីការចម្រៀ ង និងសម្តែងអស់រយៈជាច្រើនឆ្នាំមកនេះ។ ម្យ៉ាងទៀតរឿងដែលគេបានដាក់ ការសង្ស័យថា អាចជាកាដូស្នេហ៍ បុរសអាណិកជនខ្មែរ អាមេរិកនោះ ក៏ជារឿងមួយ ដែលមិនពិត ទាល់តែសោះ ព្រោះសព្វថ្ងៃនាងគ្មានអ្នកណា ចាំជួយឧបត្ថម្ភ ពីក្រោយខ្នង ដូចគេនិយាយឡើយ៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh