CamNews

តារា 

លីឡា ធ្លាយជម្លោះជាមួយ អ្នកដឹកនាំរឿងម្នាក់ ចង់រាងចាលនឹង​ អាជីពសម្ដែង

ភ្នំពេញ៖  រយៈពេលប៉ុន្មានខែ ចុងក្រោយនេះ តារាស្រីសាច់សរ រាងខ្ពស់ស្រឡះ កញ្ញា លីឡា ត្រូវបានពើបប្រទះ នឹងព័ត៌មានក្តៅគគុកមួយថា នាងបានសម្រេចចិត្ត ផ្អាកសិល្បៈ ទៅសំងំរស់នៅយ៉ាងហ៊ឺហារ ចាយលុយដុល្លារ ជាមួយគូស្នេហ៍ថ្មី ជាអ្នកសម្បូរទ្រព្យ ដោយមិនខ្វល់ខ្វាយ និងការងារសិល្បៈតទៅទៀតឡើយ ។ ចំណុចនេះ ក៏ជាដើមហេតុ ធ្វើឲ្យនាងផ្តាច់ខ្លួន ពីសិល្បៈទាំងស្រុងដែរ ។ ប៉ុន្តែនៅទីបំផុត ពាក្យចចាមអារ៉ាម ទាំងអស់នោះ បែរជាសាបរលាបទៅវិញ បន្ទាប់ពីតារាស្រី លីឡា ចេញមុខបកស្រាយ និងអះអាងថា នាងមិនបានឈប់ពីសិល្បៈ ដូចអ្វីដែលគេនិយាយទេ ពោលក្រោយឱកាសបុណ្យអុំទូកនេះ ទស្សនិកជននិងបានឃើញវត្តមាននាង ជាថ្មីជាក់ជាមិនខាន ។

នៅក្នុងកិច្ចសម្ភាសន៍ តាមទូរស័ព្ទជាមួយ គេហទំព័រ LookingTODAY តារាសម្តែង និយមស្លៀកពាក់បញ្ចេញសាច់ គួរឲ្យក្នក់ក្នាញ់ កញ្ញា លីឡា បានប្រាប់ឲ្យដឹងថា ប៉ុន្មានខែ ដែលនាងផ្អាកការងារ សិល្បៈនោះ មិនមែននាងទៅសំងំ រស់នៅហ៊ឺហារ ឬក៏អ្នកមានទ្រព្យណាឡើយ ពោលគឺនាងមានការមមាញឹក ជាមួយការងារផ្ទាល់ខ្លួនច្រើន ទើបមិនអាចដកឃ្លា ទៅបន្តការងារសិល្បៈ ប៉ុន្តែពេលនេះ ការងារផ្ទាល់ខ្លួន បានបញ្ចប់ ។ ហេតុដូច្នេះ ក្រោយឱកាសបុណ្យអុំទូកនេះ នាងនឹងវិលមកផ្តើមការងារ ជាថ្មីម្តងទៀត ។ជាមួយគ្នានោះ នាងក៏ចង់លុប ចោលពាក្យចចាមអារ៉ាម ដែលធ្លាប់លេចឮវាយប្រហារនាង ទាំងអស់នោះផងដែរ ។

តារាសម្តែងស្រី នាង លីឡា បានបញ្ជាក់ពីមូលហេតុ ដែលនាងផ្អាកសិល្បៈមួយរយៈនោះ ឲ្យដឹងថា "ធាតុពិតទៅមុនខ្ញុំ ផ្អាកការងារ គឺខ្ញុំមានបញ្ហាស្មុគស្មាញច្រើន ព្រោះថាមុនខ្ញុំ ដកឃ្លាចេញ ខ្ញុំមានបញ្ហាតិចតួច ជាមួយអ្នកដឹកនាំរឿងមួយ ដែលគាត់បានទាក់ទង ហៅខ្ញុំថតរឿង ជាលើកដំបូង ដោយពួកខ្ញុំ បានព្រមព្រៀងគ្នា រួចអស់ហើយ តែជិតដល់ថ្ងៃថត ក្រុមការងារបែរជា មានបញ្ហាប្រះឆា ជាមួយគ្នាដោយខ្ញុំ មិនដឹងខ្លួនឡើយ ។ នៅក្នុងនោះគេផ្អាកថត ក៏មិនបានផ្តល់ដំណឹង ឲ្យខ្ញុំទៀត ក៏មានបញ្ហារកាំរកូស ជាមួយគ្នា ហើយម្យ៉ាងទៀតពេលនោះ ខ្ញុំក៏មានការងារផ្ទាល់ខ្លួនផង ក៏សម្រេចចិត្តផ្អាក បណ្តោះអាសន្ន តែម្តងទៅ"។

លីឡា បានបន្តថា នាងពិតជាមិនសប្បាយចិត្តទេ ដែលការសម្តែងរឿង របស់នាង លើកទី១ ត្រូវបានបរាជ័យបែបនេះ វាពិតជាប៉ះពាល់ ជាមួយអារម្មណ៍ និងប្រជាប្រិយភាព របស់នាងខ្លាំងណាស់ ។ នាងចង់បញ្ជាក់ថា គ្រប់យ៉ាងការបាត់វត្តមាន ពីសិល្បៈរបស់នាង មិនមែនដូចអ្វី ដែលពាក្យចចាមអារ៉ាម និយាយទេ ពោលគឺវាជាសម្ពាធការងារ ច្រើនជាង ដែលបង្ខំធ្វើបែបនេះ តែនាងមិនចំឡែកចិត្តទេ ព្រោះថាជាធម្មតា សម្រាប់អ្នកសិល្បៈ នៅពេលដែលបាត់មុខពីសិល្បៈ គឺគេមិនខ្វល់ថា មកពីមូលហេតុអ្វី ពិតទេ ពោលគឺគេតែងតែ និយាយបែបនេះទាំងអស់ មិនថាយើងមែន ឬមិនមែនទេ ។

តារាស្រីរូបនេះ បានបង្ហើបឲ្យដឹងបន្ថែមទៀតថា នៅពេលដែលនាង វិលចូលសិល្បៈជាថ្មី នៅក្នុងពេល ឆាប់ៗខាងមុខនេះ នាងនឹងបើកឱកាស ឲ្យខ្លួនឯង ទទួលការងារគ្រប់យ៉ាងច្រើនទាំង ការសម្តែង ច្រៀង ជាដើម ព្រោះថាកន្លងមកធ្លាប់ មានគេ ទាក់ទងហៅនាង តែនាងច្រើនបដិសេធ ដោយគិតថា សមត្ថភាពខ្លួនឯងមិនអាចទៅរួច និងមានអារម្មណ៍ថាភ័យ តែពេលនេះនាងបានតាំងចិត្ត ខ្លួនឯងហើយ ថានាងអាច ធ្វើវាបានមិនធ្វើឲ្យ ទស្សនិកជន និងអ្នកដឹកនាំ ខកចិត្តឡើយ ៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh