ភ្នំពេញ៖ ចាងហ្វាងផលិតកម្ម មហាហង្ស លោក អ៊ិន សុភិន នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤ នេះ ដែលត្រូវជាពិធីកាន់បិណ្ឌវេនទី៨ នៃបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ បានដឹកនាំតារាសម្ដែង ក៏ដូចជាក្រុមការងារ ប្រមាណជាជិត ៤០ នាក់ ចូលរួមយកចង្ហាន់ និងទេយ្យទាន ទៅប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា ក្នុងមូលដ្ឋានវត្តកៀនស្វាយក្នុង ស្ថិតក្នុងសង្កាត់ ក្បាលកោះ ខណ្ឌច្បារអំពៅ ដើម្បីជាការរំឭក ដឹងគុណដល់ទីដ្ឋានវត្តមួយនេះ ដែលជាទីកន្លែង ផលិតកម្មមហាហង្ស ចាប់ផ្ដើមថតរឿងដំបូងបំផុត របស់ខ្លួន ហើយទទួលបានការគាំទ្រ មកដល់សព្វថ្ងៃ ។
បន្ទាប់ពីតារាសម្ដែង និងក្រុមការងារ បានធ្វើដំណើរទៅដល់ តាមរយៈរថយន្តក្រុង នៅម៉ោងប្រមាណជិត១០ ព្រឹកថ្ងៃទី១៦នេះ ក្រុមតារាសម្ដែង បានរួតរះយកទេយ្យទាន មានដូចជា ស្លាដក ចង្ហាន់ បច្ច័យ ដើម្បីប្រគេនព្រះសង្ឃ បង្សុកូល ឧទ្ទិសមគ្គផលដល់ ជីដូនជីតា ញាតិការទាំង៧សន្ដាន ដែលបានចែកឋាន ទៅកាន់លោកខាងមុខ និងចាប់ផ្ដើមរាប់បាត តាមប្រពៃណី ព្រះពុទ្ធសាសនា គ្រប់ៗគ្នាក្រោមទឹកមុខ សប្បាយរីករាយ ជ្រះថ្លាក្នុងចិត្ត ។
លោក អ៊ិន សុភិន បានថ្លែងប្រាប់ឲ្យដឹងថា នេះជាលើកទី១ ក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌ ដែលបានដឹកនាំក្រុមតារាសម្ដែង និងក្រុមការងារ មកដាក់បិណ្ឌរាប់បាត ក្នុងវត្តកៀនស្វាយក្នុង នៅពេលនេះ ។ មូលហេតុដែលលោកគិតថា នឹងនាំតារាសម្ដែង ទាំងអស់ មកចាប់អារម្មណ៍ និងមកដាក់បិណ្ឌក្នុងវត្តនេះ គឺលោកចង់រំឭកអនុស្សាវរីយ៍ កាលពី៤ឆ្នាំមុន ដែលផលិតកម្មមហាហង្ស ចាប់បដិសណ្ឋិឡើង និងថតរឿង "អច្ឆរិយៈស្នេហ៍" លើកដំបូងបំផុត នៅក្នុងវត្តនេះ ហើយយើងទទួលបាន ជោគជ័យ រហូតមកដល់សព្វថ្ងៃ ។
លោក អ៊ិន សុភិន បន្តថា កន្លងមកក្រុមតារាសម្ដែង ជាប់មមាញឹករៀងៗខ្លួន ក្នុងការថតរឿងផ្សេងៗ ទើបថ្ងៃនេះយើងបានស្រុះស្រួលបបួលគ្នា មកដាក់បិណ្ឌក្នុងវត្តកៀនស្វាយក្នុង ក្នុងន័យរំឭកដឹងគុណដល់ទីដ្ឋានវត្ត និងក្នុងន័យឧទ្ទិសកុសល ដល់ញាតសន្ដាន ក៏ដូចជានាំបច្ច័យមួយចំនួន មកជួយកសាង ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងទីវត្តអារាមនេះផងដែរ ។
សូមបញ្ជាក់ថា សកម្មភាពក្រុមតារាសម្ដែង ក្នុងផលិតកម្ម មហាហង្ស ដែលបានអញ្ជើញចូលរួមដាក់បិណ្ឌ ក្នុងវត្តកៀនស្វាយក្នុង រួមគ្នានេះ មានដូចជា លោក អូន ឧស្សាហ៍ កញ្ញា ភិន សុដាលីស លោក ហម ឈរ៉ា លោក លឹម ជាឡាយ កញ្ញា ជុំ រចនាពេជ្រ ហៅ Baby លោក ស្រេង សុវណ្ណ និងតារាសម្ដែងល្បីឈ្មោះ ជាច្រើនដួងទៀត ៕