ភ្នំពេញ៖ តារាចម្រៀងស្រី និងជាស្ដេចស្រីនៃបទចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា ដែលឆ្នាំ២០១៤ បានចប់ស្រេចបាច់ដែរ តំណែងនាងជាកំពូល តារា ចម្រៀងស្រីក៏មិនបានផ្លាស់ប្ដូរដែរ នាងនៅតែកាន់ជាប់នឹង ដៃមិនព្រលែងចោលឡើយ ។
កាលពីថ្ងៃរាត្រីដំណាច់ឆ្នាំ កន្លងទៅនាងពិតជាមមាញឹកមិនតិចទេ ជាមួយការប្រគំតន្ត្រីនានា ពិសេសជាមួយ ក្រុមហ៊ុន ស្រាបៀវកម្ពុជា ដែលជាការ ប្រគំតន្ត្រីដ៏ធំមួយក្នុងចំណោមការប្រគំតន្ត្រីនានា ។ បន្ទាប់ចុះពីរថយន្តលុចស៊ីសមួយ ដែលបានដឹកនាងចេញពី ស្ថានីយ៍ទូរទស្សន៍ បាយ័ន នាងក៏បន្តរត់ចូលក្នុង រថយន្តមួយផ្សេងទៀត ដែរត្រៀមរួច នៅក្រោយឆាកស្រាបៀវកម្ពុជា បន្ទាប់មកនាងក៏ផ្លាស់សំលៀកបំពាក់ក្នុង រថយន្ត រួចក៏ត្រៀមខ្លួនឡើងឆាកហង្សមាស។ ទស្សនិកជនជាច្រើនពាន់នាក់ រង់ចាំវត្តមាននាង ព្រោះគេចង់ដឹងណាស់ ថានាងមានអ្វីប្លែកសម្រាប់ ពួកគេក្នុងរាត្រីឆ្លងឆ្នាំនេះ ។
ឱក សុគន្ធកញ្ញា ជាតារាចម្រៀងស្រីម្នាក់មិន ដែលធ្វើឲ្យអ្នកគាំទ្ររបស់នាង អស់សង្ឃឹមឡើយ ព្រោះនាងតែងតែមានស្ទីលថ្មីៗ ក្នុងពេល នាងឡើង ឆាកសម្ដែង ។ សុគន្ធកញ្ញា បានច្រៀងបទចម្រៀងផ្ទាល់ៗ និងជាបទស្រែកកប់ៗ ជាច្រើនបទ ពិសេសនាងបានឆ្លងឆ្លើយជាមួយ លោក ណុប ប៉ាយារិទ្ធ ដែលមានដូចជាបទ Un Break My Heart , Boy និង បៀម ព្រះមកស្បថក៏មិនជឿ ដែលបទចម្រៀងទាំងនោះ បានធ្វើឲ្យមានសំលេង ហ៊ោកញ្ជ្រាវលាន់ ស្ទើររង្គើកោះពេជ្រ។ សុគន្ធកញ្ញា មិនអស់ត្រឹមហ្នឹងនោះទេ នាងឆ្លៀតថែមបទញាក់ បន្ថែមពីរបទទៀត ដែលធ្វើឲ្យអ្នកគាំទ្រ របស់នាងញញឹមបិទមាត់ មិនជិតទេ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល