ទូរទឹកកកធម្មជាតិដែលមានឈ្មោះថា Mitticool ត្រូវបានវិស្វករ និងជាស្មូនជនជាតិឥណ្ឌាម្នាក់ គឺ
លោក Mansukhbhai Prajapati ជាអ្នកបង្កើតឡើង កាលពីឆ្នាំ ២០០៦។ ទូរទឹកកកនេះ ធ្វើឡើង
អំពីដីឥដ្ឋ និងដំណើរការដោយមិនចាំបាច់ប្រើអគ្គីសនី ហើយវាអាចរក្សាអាហារឱ្យនៅស្រស់ បាន
៥ថ្ងៃ។
Mitticool – ទូរទឹកកកធ្វើអំពីដីឥដ្ឋ
Mitticool គឺពិតជាទូរទឹកកកពិសេសមួយដ៏មានតម្លៃសម្រាប់តំបន់ដាច់ស្រឡាយ និងតំបន់ដែលមិន
មានភ្លើងអគ្គីសនីប្រើប្រាស់ និងសមស្របសម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាប។
ទូរទឹកកក Mitticool ដំណើរការដោយយោងទៅលើលក្ខណៈពិសេសនៃការរក្សាធាតុត្រជាក់របស់
ដីឥដ្ឋ និងចំហាយទឹក។ ទឹកនៅក្នុងថតខាងលើនឹងស្រក់មកក្រោម រួចចេញជាចំហាយទឹក ជួយ
បណ្ដេញធាតុក្ដៅ ចេញទៅខាងក្រៅ ដើម្បីរក្សាទូរឱ្យនៅត្រជាក់។
លោក Mansukhbhai Prajapati ដែលជាអ្នករកឃើញ និងបង្កើតទូរទឹកកកធ្វើអំពីដីឥដ្ឋនេះ បាន
ឱ្យដឹងថា ៖ “កាលពីជំនាន់មុន ក្រឡធ្វើអំពីដី ត្រូវបានគេចាត់ទុកដូចជាទូរទឹកកក របស់អ្នកក្រីក្រ។
បច្ចុប្បន្ន មានមនុស្សជាច្រើនស្រមៃចង់បានទូរទឹកកកមួយ ឬអ្នកខ្លះមានហើយ ប៉ុន្ដែមិនមានប្រាក់
គ្រប់គ្រាន់ដើម្បីបង់ថ្លៃភ្លើង។ ដោយមើលឃើញប្រការនេះ ខ្ញុំក៏បានគិតដល់ការបង្កើតទូរទឹកកក
មួយប្រភេទ ធ្វើអំពីដីឥដ្ឋ”។
ម្ចាស់របកគំហើញនេះ បានបន្ថែមថា ដើមឡើយ លោកត្រូវចំណាយពេលរាប់ខែដើម្បីច្នៃបានជា
ទូរទឹកកកមួយគ្រឿង ពេលនេះ លោកចំណាយពេលត្រឹមតែពី ៨ ទៅ ១០ថ្ងៃប៉ុណ្ណោះ។ ប្រភេទ
ទូរនេះ មានរូបរាងស្អាត សាមញ្ញ មានលក្ខណៈធម្មជាតិ និងមិនអស់ប្រាក់ច្រើន។ Mansukhbhai
Prajapati បង្ហើបឱ្យដឹងថា ៖ “ប្រាក់ចំណាយសម្រាប់ធ្វើបានជាទូរទឹកកក Mitticool មួយគ្រឿង គឺ
ប្រហែល ១,៧០០ Rupees ហើយពេលលក់ចេញ គឺ លក់ក្នុងតម្លៃ ២,០០០ Rupees (ប្រហែល
៦០ដុល្លារអាមេរិក) ”។
Mansukhbhai Prajapati បច្ចុប្បន្ន មានអាយុ ៤៨ឆ្នាំ ត្រូវបានគេលើកសរសើរថាជាអ្នកជំនួញដ៏
ជោគជ័យម្នាក់របស់តំបន់ជនបទឥណ្ឌា ហើយគាត់ថែមទាំងមានវត្តមាននៅក្នុង Top ៧ នៃបញ្ជី
ឈ្មោះអ្នកជំនួញជនបទរបស់ទំព័រ Forbes ដែលបានចេញផ្សាយកាលពីខែសីហាឆ្នាំ ២០១០ ។
Mansukhbhai Prajapati ក៏ទទួលបានពានរង្វាន់ធំៗជាច្រើននៅក្នុង និងក្រៅប្រទេស ចំណែកក្រុម
ហ៊ុន Mitti Cool Clay Creations របស់លោក ក៏ត្រូវបានពិភពលោកទទួលស្គាល់ផងដែរ។
ក្រៅពីទូរទឹកកកខាងលើ ក្រុមហ៊ុនរបស់ Mansukhbhai Prajapati ក៏កំពុងតែសិក្សា ដើម្បីសាង
សង់ផ្ទះដែលមានភាពត្រជាក់ដោយមិនចាំបាច់ដាក់ម៉ាស៊ីនត្រជាក់។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
អង្គរក្សនារីចិននឹងធ្វើជាផ្ទាំងស៊ីប ការពារមនុស្សសំខាន់
ក្លាយជាអ្នកមាន ដោយសារបង្ហោះវីដេអូ នៅលើ YouTube
នារីបម្រើតាមយន្ដហោះ មិនស្រណុកដូចអ្នកគិត
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Thehindu/Kh