CamNews

តារា 

ស្ងាត់ៗ អត្តពលិកជម្រើសជាតិ២រូបត្រៀម ចូលរោងជ័យទៀតហើយ

ភ្នំពេញ៖ ក្រោយបង្ហាញភាពផ្អែមល្ហែមនឹងគ្នារយៈពេលជាង ១ឆ្នាំកន្លងផុតទៅ កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា សាយ ពិសិដ្ឋ ដែលកំពុងលេងឲ្យក្រុមប៉ូលិស និងកីឡាការិនីជម្រើសជាតិ ប្រភេទកីឡាសីប៉ាក់តាក្រ ងួន ច័ន្ទបូរមី បានសម្រេចចិត្ត ចាប់ដៃគ្នា ចូលក្នុងរោងភ្ជាប់ ពាក្យតាមផ្លូវច្បាប់ និងទំនៀមទំលាប់ ប្រពៃណីជាតិខ្មែរ ទៀតហើយ ខណៈកីឡាករ ប្រដាល់ វ៉ន វីវ៉ា និងកីឡាការិនី ស៊ន ដាវីន ទើបចូលរោងការកាលពីចុងឆ្នាំ២០១៤កន្លងទៅ ។

ពិធីភ្ជាប់ពាក្យរវាងអត្តពលិកជម្រើសជាតិកម្ពុជាទាំង ២រូបខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៥នេះ នៅគេហដ្ឋានខាងស្រី ពោលគឺនៅផ្ទះ របស់លោក ប្រាក់ សម្ភស្ស ដែលជាពិធីករដ៏ឆ្នើម ក្នុងការធ្វើអត្ថាធិបាយ កម្មវិធីកីឡាជាតិនានា និងត្រូវជាអនាគត ម្ដាយក្មេងរបស់កីឡាករ សាយ ពិសិដ្ឋ ផងដែរ ។

ប្រភពព័ត៌មានពីមិត្តភ័ក្រស្និទ្ធស្នាលរបស់អនាគតកូនក្រមុំខ្សែប្រយុទ្ធ សាយ ពិសិដ្ឋ បានបង្ហើបឲ្យដឹងថា មុនឈានចូលដល់ការភ្ជាប់ពាក្យសម្ដី និងចាស់ទុំប្រុស-ស្រី ចូលរួមធ្វើជាសាក្សីបែបនេះ កីឡាករ-កីឡាការិនីជម្រើសជាតិទាំង២រូប (ពិសិដ្ឋ-ច័ន្ទបូរមី) បានបង្កើតក្ដីស្រលាញ់ និងផ្ដល់សេចក្ដីទុកចិត្ត ឲ្យគ្នាទៅវិញទៅមក រយៈពេលជាង១ឆ្នាំមកហើយ គឺមុនចេញទៅប្រកួតកីឡា SEA Games កាលពីចុងឆ្នាំ២០១៣កន្លងទៅ ។

ប្រភពដដែលបានបន្ដថា ចំពោះថ្លៃបណ្ដាការ ដែលខាងប្រុស គឺកីឡាករ សាយ ពិសិដ្ឋ បានជូនដល់ខាងស្រី ដែលមានលោកស្រី ប្រាក់ សម្ភស្ស ជាអណាព្យាបាលកូនក្រមុំ និងជាអនាគតម្ដាយក្មេកនោះ គឺមានទឹកប្រាក់ចំនួន ៨៨០០ដុល្លារអាម៉េរិក ។ ប៉ុន្ដែគូស្នេហ៍ ជម្រើសជាតិទាំង២រូប មិនទាន់ចូលរោងការ ក្នុងពេលឆាប់ៗនោះទេ បើតាមការកំណត់ពីចាស់ទុំ ពួកគេនឹងរៀបអាពាហ៍ពិពាហ៍ នៅចុងឆ្នាំ២០១៥ខាងមុខ ។ ដូច្នេះ គេហទំព័រ LookingTODAY និងអ្នកស្នេហាវិស័យ កីឡាជាតិទាំងអស់ សូមជូនពរឲ្យអ្នកទាំង២ ជួបតែសេចក្ដីសុខ និងមានសុភមង្គល ក្នុងគ្រួសារជានិរន្ដរ៍ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh