CamNews

តារា 

ថន លក្ខិណា ត្រៀមបង្ហាញ មុខនៅលើកញ្ចាក់ទូរទស្សន៍ ហង្សមាស

ភ្នំពេញ៖ តារាសម្ដែង និងជាពិធីការិនីដ៏ស្រស់សោភា កញ្ញា ថន លក្ខិណា ត្រូវបានគេមើលឃើញថា នៅតែរក្សាតំណែង ជាតារាសម្ដែង ស្រីលេចធ្លោរ ជួរមុខដដែល បើទោះជាមិនសូវល្បីល្បាញខ្លាំងក្លា ក្នុងការសម្ដែងដូចមុនក៏ដោយ ព្រោះមានអាជីពក្នុងការនិយាយស្ដីផង និងសម្ដែងដែលវាអាចយិតយោងគ្នាបាន មិនធ្វើឲ្យនាងស្ងប់ស្ងាត់។

ថ្មីៗនេះ ថន លក្ខិណា បានដើរលុកលុយ ស្ថានីយទូរទស្សន៍ថៃជាច្រើន ព្រោះត្រូវថតរឿង ជាមួយតារាសម្ដែងប្រុសដ៏ល្បីរបស់ថៃ ដូចនេះនាង ត្រូវទៅថតតាមទីតាំងដែលត្រូវថត ។ នេះជាឱកាសមួយដ៏មានន័យសម្រាប់ជីវិត ជាតារាសម្ដែងរបស់នាង ហើយត្រូវបានប្រទេសជិតខាង ទទួលស្គាល់ ថាជាតារាសម្ដែងល្បីរបស់កម្ពុជា ។ ចំណែកឯការងារក្នុងស្រុកវិញ មានតែកម្មវិធីនៅទូរទស្សន៍ស៊ីធីអិន មួយប៉ុណ្ណោះ ដែលមានកម្មវិធី "ផ្ទះលោកតា" ជាកម្មវិធីមួយផ្ដល់ភាពសប្បាយរីករាយ ដល់អ្នកទស្សនា និងមានឈ្មោះល្បីគួរសម ។ ប៉ុន្តែ ថន លក្ខិណា មិនមែនបុគ្គលិកពេញសិទ្ធិរបស់ ស៊ីធីអិនទេ។

ថន លក្ខិណា មានសេរីភាពគ្រប់គ្រាន់ ក្នុងការជ្រើសរើស បានការងារគ្រប់ប្រភេទ និងមិនប្រកាន់ថា ស្ថានីយណាទេ ឲ្យតែនិយាយត្រូវគ្នា នាងនឹងធ្វើការជាមួយបានភ្លាម ។ ថន លក្ខិណា បាននិយាយប្រាប់ LookingTODAY ថា បន្តិចទៀត តន្ត្រីរបស់ភេសជ្ជៈខារាប៉ាវ នឹងធ្វើការប្រគំតន្រ្តីទេសចរណ៍ទៀតហើយ រួមទាំងចាក់ផ្សាយ លើកញ្ចក់ទូរទស្សន៍ហង្សមាសទៀតផង ។ ថន លក្ខិណា នឹងទទួលបានតំណែង ជាពិធីការនីដដែល មិនផ្លាស់ប្ដូរឡើយ ។ ទាក់ទងនឹងការបង្ហាញមុខនៅហង្សមាស គេអាចនឹងសង្ស័យថា នាងត្រូវវេចបង្វិចមកហង្សមាស ជាទូរទស្សន៍ល្បីមួយឈានមុខ នាពេលបច្ចុប្បន្ន និងអាចក្លាយជាទ្រនំរឹងមាំ ដែលអ្នកណាក៏ចង់ឈរ នៅទីនោះដែរ ។

ថន លក្ខិណា និយាយបញ្ជាក់បន្ថែមថា នាងមិនប្រកាន់ថា ខាងណាខាងណីទេ សំខាន់គឺធ្វើឲ្យទាំងអស់ ព្រោះខាងភេសជ្ជៈខារ៉ាបាវ ជាអ្នកចង់បាននាង មកធ្វើពិធីការិនី មិនមែនខាងស្ថានីយនោះទេ ។ នាងមិនមែនបុគ្គលិក ជាប់កុងត្រាដូចនេះ ធ្វើការងារខាងណាក៏បាន មិនរើសកាងារនោះឡើយ។

ថន លក្ខិណា ក៏ត្រូវបង្ហាញមុខមាត់ នៅប្រទេសថៃជាញឹកញាប់ តាមរយៈកម្មវិធីនានា ព្រោះអាចប្រើប្រាស់ភាសាថៃបានល្អមិនចាញ់ អ្នកអាជីពឡើយ ហើយវាមានភាពងាយស្រួល ក្នុងការទំនាក់ទំនងគ្នា ទើបនាងហាក់មានទីផ្សារជាងតារាសម្ដែងដទៃ ដើម្បីស្វែងរកភាពល្បីល្បាញ ពីប្រទេសជិតខាង ដែលជាការបន្ថែមកេរ្តិ៍ឈ្មោះ មួយមក្រិតទៀត៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh