CamNews

ប្លែកៗ 

ប្រកាសលក់កូនប្រុសតាម Facebook តំលៃ ២០ លានដុល្លាអាមេរិក

មានឪពុកម្នាក់ជាជនជាតិអារ៉ាប់សាអូឌីត បានប្រកាសលក់កូនប្រុសរបស់ខ្លួននៅលើទំព័រ
Facebook ក្នុងតំលៃ ២០លានដុល្លាអាមេរិកដោយសារតែមិនមានថវិការគ្រប់គ្រាន់ដើម្បី
ចិញ្ចឹមកូន។

ទង្វើដែលលោក Nasser Al Shahry បានធ្វើនោះត្រូវបានគេចាត់ទុកថាគឺជារឿងដ៏គួររន្ធត់
បំផុតចំពោះសង្គម អារ៉ាប់ ទាំងមូលក៏ព្រោះតែប្រទេសនេះគឺជាប្រទេសមួយដែលមានការ
យកចិត្តទុកដាក់ខ្ពស់បំផុតចំពោះកូនប្រុសនោះ។ លោកត្រូវទទួលរងការរិះគន់យ៉ាងធ្ងន់
ធ្ងរពីមហាជនទូទៅជាពិសេសគឺពីសំណាក់ថ្នាក់ដឹកនាំនៃសាសនាក្នុងប្រទេស។ អ្នកប្រាជ្ញ
ដ៏ល្បីឈ្មោះម្នាក់នៃសាសនា អ៊ីស្លាមឈ្មោះ Sheikh Mohammed Al Nujaimi បាននិយាយ
ថា Al Shahry ត្រូវមានទោសដោយសារតែទង្វើល្មើសច្បាប់របស់ខ្លួនគឺការប្រកាសលក់កូន
ប្រុសរបស់ខ្លួនក៏ព្រោះតែបញ្ហាហិរញ្ញវត្ថុ។

នៅចំពោះមុខនៃការរិះគន់ទាំងអស់នោះ លោក Al Shahry បានអោយដឹងថាគាត់មិនមាន
បំណងលក់កូនប្រុសរបស់ខ្លួនពិតប្រាកដនោះឡើយ ហើយទង្វើរបស់គាត់ដែលប្រកាស
លក់នោះគឺគ្រាន់តែចង់អោយគ្រប់គ្នាចាប់អារម្មណ៍ចំពោះភាពក្រីក្ររបស់គាត់តែប៉ុណ្ណោះ។
ដោយប្រឈមមុខនឹងភាពក្ស័យធននិងគ្មានអ្នកជួយឧបត្ថម្ភទើបលោក Al Shahry រិះរក
ឃើញនូវជំរើសមួយនេះ។ Al Shahry បានអោយដឹងថា" តាមពិតខ្ញុំគ្មានគំនិតនឹងលក់កូន
ប្រុសរបស់ខ្លួននោះទេ ខ្ញុំធ្វើបែបនេះគឺគ្រាន់តែចង់ទាក់ទាញចំណាប់អារម្មណ៍របស់បណ្តា
អ្នកបង្កើតគំរោងច្បាប់នយោបាយនៅក្នុងប្រទេសស្តីពីស្ថានភាពដ៏វេទនារបស់ខ្លួនខ្ញុំផ្ទាល់
បន្ទាប់ពីបាត់បង់ការងារ និងត្រូវតែធ្វើការស្នើសុំស្បៀងអាហារនិងសំលៀកបំពាក់ "។

បើយោងតាមសំដីរបស់លោក Al Shahry បានអោយដឹងថានៅពេលដែលរដ្ឋអំណាចចេញ
សេចក្តីសំរេចបិទទ្វារក្រុមហ៊ុនរបស់គាត់ គឺបានធ្វើអោយគាត់ប្រឈមមុខនឹងស្ថានភាពបាត់
បង់ការងារនិងជួបនូវផលវិបាកជាច្រើន។ ហើយនៅពេលដែលគាត់បានទៅស្នើសុំជំនួយ
ឧបត្ថម្ភផ្នែកហិរញ្ញវត្ថុពីក្រសួងការងារសំរាប់អ្នកដែលបាត់បង់ការងារនោះ គាត់ក៏ត្រូវបាន
ក្រសួងធ្វើការបដិសេធដោយសារតែអាយុរបស់គាត់បានលើសកំណត់ទៅហើយ។ ក្រោយ
មកទើបគាត់សំរេចចិត្តធ្វើការប្រកាសលក់កូនប្រុសរបស់ខ្លួននៅលើគេហទំព័រ Facebook
ជាមួយក្តីសង្ឃឹមគឺធ្វើការទាក់ទាញចំណាប់អារម្មណ៍ពីព្រះមហាក្សត្រ Abdullah ស្តីអំពីស្ថាន
ភាពដ៏លំបាករបស់ខ្លួននៅពេលបច្ចុប្បន្ននេះ។

ទោះបីជាយ៉ាងណាក្តីបណ្តាអ្នកប្រាជ្ញខាងសាសនានៅក្នុងប្រទេសនៅតែមិនពេញចិត្តចំពោះ
បញ្ហាទាំងនោះនោះឡើយដោយបានលើកឡើងថា " ទង្វើដែលលោក Al Shahry បានធ្វើគឺ
មានការប៉ះពាល់យ៉ាងខ្លាំងនៅក្នុងប្រទេសកាន់សាសនាអ៊ីស្លាម។ ហើយបើទោះបីជាថ្ងៃមុខ
ទៅជាយ៉ាងណានោះ លោក Al Shahry មិនត្រូវប្រកាសលក់កូនប្រុសរបស់ខ្លួនដូច្នេះទៀត
នោះឡើយ។ ទង្វើរបស់លោក Al Shahry នេះបានជះឥទ្ធិពលយ៉ាងអាក្រក់បំផុតដល់សង្គម
ជាតិទាំងមូល" លោក Al Nujaimi បញ្ជាក់បន្ថែម៕

ប្រភព៖ NS
ដោយ៖ រស្មី

Tags: facebookunbeliveablesocial medianasser al shahry