ភ្នំពេញ៖ តារាសិចស៊ី វ៉ាង ស្រីណូ ថ្មីៗនេះ បានទទួលរងព្រនង់ នៃការរិះគន់យ៉ាងចាស់ដៃ ក្រោយពីនាងត្រូវបានអ្នកលេង Facebook មួយចំនួន បានយករូបរបស់នាង ថតបង្ហាញម៉ូដឲ្យ ហាងសំអាងការមួយ ដែលគ្រងឈុតកូនក្រមុំ បែបរចនាបថថៃ ហើយនាងត្រូវបានទស្សនិកជន លើកឡើងថា បែរជាចូលរួម លើកកម្ពស់ប្រពៃណី គេមិនខ្វល់ពីប្រពៃណីជាតិ យើងទៅវិញ ។
បន្ទាប់ពីតារាសម្តែង និងជាតារាចម្រៀង កញ្ញា វ៉ាង ស្រីណូ បានវិលចូលមកប្រឡូកសិល្បៈជាថ្មី គេឃើញវត្តមានរបស់នាង មានការមមាញឹកជាមួយ ការងារខ្លាំងមិនចាញ់ តារាសិចស៊ីស្រករក្រោយឡើយ ។ ប៉ុន្តែទន្ទឹមនឹងការងារសិល្បៈ កំពុងតែមានសន្ទុះ ទៅមុខនោះ នាងក៏ត្រូវបានទស្សនិកជន ធ្វើការរិះគន់ ទៅលើនាងដែលយករូបសម្រស់ ទៅថតបង្ហាញម៉ូដសម្លៀកបំពាក់ កូនក្រមុំបែបជាទម្រង់របស់ថៃ បង្អួតភ្នែកមហាជន ដោយមិនមានការក្រែងចិត្ត ឬគិតឲ្យច្បាស់ថា អ្វីដែល នាងបង្ហាញទៅនេះជាការលើកស្ទួយ ប្រពៃណីខ្មែរ ឬក៏ប្រពៃណីប្រទេសជិតខាង ។
ទាក់ទងទៅនឹងការរិះគន់ លើការតុបតែងខ្លួន របស់តារាស្រីរូបនេះ គេហទំព័រ LookingTODAY មិនអាចទាក់ទងទៅម្ចាស់សាមីខ្លួន ដើម្បីសាកសួរបានទេ ។ តែនៅក្នុងនោះម្ចាស់សំអាងការ ដែលជួលនាងថតស្ពតឲ្យ បានចេញមុខបកស្រាយប្រាប់ គេហទំព័រយើងឲ្យដឹងថា «ខ្ញុំពិតជាមិនអស់ចិត្ត ក្នុងការចោទថា សំអាងការខ្ញុំស្លៀកខោអាវថៃ ព្រោះអ្វីៗធ្វើឡើង ដោយទឹកដៃកូនខ្មែរ ទាំងអស់ សូម្បីតែការស្លៀកសំពត ក៏មានរចនាបទខ្មែរដែរ តែខ្មែរមួយចំនួនតូច យល់ថា វាជារបស់ថៃទៅវិញ នេះគឺជារឿងដែលយល់ច្រឡំ ធំមែនទែន»។
លោកបន្តថា រវាងថៃហ្នឹងពិបាកក្នុងការបែងចែង វប្បធម៌ណាស់ ព្រោះវាស្រដៀងគ្នាតែបើរចនាបទខ្មែរសំពតគឺ បត់ស្អាតត្រឹមត្រូវ មិនមែនដេរស្រាប់ៗដូចថៃទេ ហើយស្បៃយើងក៏មានលក្ខណៈស្អាតជាងដែរ ។ អ្វីដែលសំខាន់ខោអាវនេះ មិនមែនខោអាវដែលទិញពីថៃ ដូចសំអាងការមួយចំនួន គឺធ្វើនៅខ្មែរពិត ៗវាពិតជាស្នាដៃពិតរបស់កូនខ្មែរ ហេតុដូច្នេះមុនពេលរិះគន់គួរណាស់ តែស្វែងពីសំលៀកបំពាក់ របស់គេ និងខ្មែរឲ្យចាស់ជាមុនសិន ៕
កន្លងមកគេមិនបានឃើញ ក្រសួងវប្បធម៌នឹង វិចិត្រសិល្បៈ អប់រំម្ចាស់សំអាងការទាំងឡាយឲ្យយល់ថា តើសំលៀកបំពាក់ណាមួយ ទើបជាឈុតប្រើ ក្នុងពិធីមង្គលការពិតប្រាកដ ព្រោះខោអាវក្នុង ថ្ងៃមង្គលនេះ ហាក់មានការវិវត្តន៍ឥតឈប់ឈរ រហូតស្ទើរតែរកមិនឃើញនូវចំណុចរួមមួយទៅហើយ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល