ភ្នំពេញ៖ ផលិតកម្មក្មេងខ្ចី ទើបមានឈ្មោះបោះសំឡេងលើទីផ្សារបានបន្តិច «Diamond Music» បន្ទាប់ពីផលិតបទចម្រៀងលក់នៅលើទីផ្សារ អស់មួយសន្ទុះធំមក ឃើញថា កំណើននៃការគាំទ្រ ហាក់មានការកើនឡើង គ្រាន់បើ បើធៀបជាមួយនឹង ផលិតកម្មតូចៗផ្សេងៗទៀត។
ការកើនឡើង នូវសំឡេងគាំទ្រ គឺដោយសារតែមួយរយៈពេលចុងក្រោយនេះ ផលិតកម្មខាងលើ បានផ្តើមវិវឌ្ឍន៍ខ្លួន ជាថ្មីជាមួយនឹង ការខិតខំសម្រិតសម្រាំង ប្រមូលតារាចម្រៀងប្រុស-ស្រី ធ្លាប់មានឈ្មោះល្បី នៅលើទីផ្សារសិល្បៈឲ្យមកចូលច្រៀង នៅក្នុងផលិតកម្មរបស់ខ្លួន ដើម្បីប្រជែងយកទីផ្សារ ល្បីឈ្មោះនាពេលបច្ចុប្បន្ន។ ប៉ុន្តែទន្ទឹមគ្នានឹងការចាប់ផ្តើម លេចមុខមាត់នៅលើទីផ្សារនេះដែរ កាលពីពេលថ្មីៗកន្លងមក Diamond Music ក៏ធ្លាប់ទទួលរងនូវសំឡេងរិះ គន់ មួយចំនួន ជុំវិញរឿងផលិតបទចម្រៀង។
យ៉ាងណាមិញ ទើបតែស្ងប់ស្ងាត់សំឡេងរិះគន់នេះ មិនទាន់បានយូរប៉ុន្មានផង ថ្មីៗនេះស្រាប់តែឮព័ត៌មានមកថា ផលិតកម្ម Diamond Music បានកោះប្រជុំប្រាប់ ទៅដល់តារាចម្រៀងប្រុស-ស្រី របស់ខ្លួន ជុំវិញរឿងផ្តល់សម្ភាសន៍ ដល់ក្រុមអ្នកសារព័ត៌មាន គឺមុននឹងផ្តល់ព័ត៌មាន ណាមួយនោះ ត្រូវតែឆ្លងកាត់ ឬសុំការអនុញ្ញាត ពីផលិតកម្ម ជាមុនសិន។
បើតាមប្រភព លេចធ្លាយល្ហិចល្ហៀង ពីក្នុងផលិតកម្ម បាននិយាយថា ផលិតកម្ម Diamond មួយរយៈចុងក្រោយនេះ ហាក់កំពុង បំបិទសិទ្ធិតារាចម្រៀងបុ្រស-ស្រី របស់ខ្លួនឲ្យឃ្លាតឆ្ងាយ ពីក្រុមអ្នកកាសែត ខណៈមិនត្រូវបាន អនុញ្ញាត ឲ្យពួកគេ សូម្បីនិយាយឆ្លើយតប ផ្តល់ព័ត៌មានដល់អ្នកកាសែតទៀតផង។ កត្តានេះបានធ្វើឲ្យអ្នកចម្រៀង នៅក្នុងផលិតកម្ម និងបណ្តាអ្នកសារព័ត៌មាន កំពុងតែមានភាពលំបាក សម្រាប់ការប្រាស្រ័យ ទាក់ទងគ្នាទៅវិញទៅមក ដើម្បីសួរនាំអំពីរឿងរ៉ាវ មួយចំនួនដែលទាក់ទងទៅនឹង អាជីពសិល្បៈរបស់ពួកគេ ក៏ដូចជាជីវិតរស់នៅ ឯកជនខាងក្រៅផងដែរ។
ប្រភពដដែល បានបន្ថែមថា រាល់ការផ្តល់សម្ភាសន៍ ដល់អ្នកសារព័ត៌មាន មិនថាតារារូបណា នោះទេ គឺត្រូវតែឆ្លងកាត់ ការអនុញ្ញាត ចេញពីខាងក្រុមហ៊ុនសិន ទើបអាចនិយាយបាន មិនថា ជារឿងអ្វីឡើយ។ ម្យ៉ាងទៀតពេលខ្លះក៏តម្រូវឲ្យអ្នកសារព័ត៌មាន ទូរស័ព្ទទៅសួរនាំ ពីខាងក្រុមហ៊ុនវិញ ជុំវិញរឿងរ៉ាវតារាចម្រៀង នៅក្នុងផលិតកម្ម មួយនេះ។
គេហទំព័រ LookingTODAY នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥នេះ មិនទាន់អាចស្វែងរក ការបកស្រាយណាមួយ ពីខាងផលិតកម្ម Diamond Music ជុំវិញការលេចឮព័ត៌មាន ខាងលើនេះ បាននៅឡើយទេ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល