ម៉ានីល៖ ទីភ្នាក់ងារព័ត៌មាន AP បានចេញផ្សាយនៅថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ ២០១៣ នេះ
ថា ភ្នំភ្លើងដែលមានសកម្មភាពបំផុត នៅប្រទេសហ្វីលីពីន បានផ្ទុះជះ កម្អែរថ្ម និង ផេះ ឡើង
ទៅលើមេឃ យ៉ាងកម្រោលនៅព្រឹកព្រហាម ថ្ងៃអង្គារ នេះតែម្តង ដោយបានសម្លាប់ អ្នកឡើង
ភ្នំចំនួន ៥នាក់ និង មនុស្សមួយចំនួនទៀត ទទួលរងរបួស។
ឧទ្ធម្ភាគចក្រ និង ក្រុមសង្គ្រោះត្រូវបានគេបញ្ជូន ទៅកាន់តំបន់ភ្នំភ្លើង មេយ៉ាន ហើយ ដែលវា
ស្ថិតនៅ ភាគកណ្តាលប្រទេសហ្វលីពីន ព្រមទាំងមិនដែលធ្លាប់ បញ្ចេញសកម្ម ភាពគម្រាម
កំហែងណាមួយនោះទេ ក្នុងរយៈពេល ៣ឆ្នាំកន្លងទៅនេះ។ មនុស្ស ៧ នាក់ ក្នុងចំណោមអ្នក
ឡើងភ្នំទាំងអស់ ២០នាក់បានទទួលរងរបួស នៅក្នុងហេតុការណ៍បន្ទុះ ភ្នំភ្លើងដែលមិនបាន
ទទួលការព្រមានជាមុនសោះនោះ។
មន្ត្រីក្នុងតំបន់ បានរាយការណ៍ថា មនុស្សស្លាប់ទាំង ៥នាក់ខាងលើនេះ បានទទួលរង នូវដុំថ្ម
ជាច្រើនដុំ ដែលបានព្រួសចេញ ជាមួយកម្អែរភ្នំភ្លើង។ អ្នករងគ្រោះទាងអស់ មាន ចម្រុះជាតិ
សាសន៍ដូចជា អាល្លឺម៉ង់ អូទ្រីស និង ជនជាតិ ហ្វីលីពីន ដោយក្រុមនេះបាន ធ្វើដំណើរកំសាន្ត
ឡើងភ្នំតាំងពីពេលយប់មកម្ល៉េះ។
សូមបញ្ជាក់ផងដែរថា ភ្នំភ្លើងខាងលើនេះ មានចម្ងាយ ៣៤០ គីឡូម៉ែត្រ ភាគអាគ្នេយ៍ នៃរដ្ឋ
ធានីម៉ានីល៕
ផ្តល់សិទ្ធដោយ៖ ដើមអំពិល