CamNews

កំសាន្ត 

យ៉ែម សំអូន អះអាងថាមិន បានរកស៊ីកាត់មុខកាត់មាត់ ឌួង ហ្សូរីដា

ភ្នំពេញ៖ លោក យ៉ែម សំអូន មិនត្រឹមតែបានឡើង វីឡាភ្លោះ នៅក្នុងបុរី បែបហាយក្លាស ប៉ុណ្ណោះទេ លោកក៏បានបង្ហាញ ក្រុមការងារ របស់លោក ដែលមានសមាជិកសុទ្ធតែ តារាល្បីពីក្រុម ម៉ូដែលរបស់នាង ឌួង ហ្សូរីដា និងតារាចម្រៀង ចាស់ថ្មីជាច្រើន ខណៈក្រុមនេះមាន សមាជិកតារាល្បី ច្រើនជាងគេ នៅកម្ពុជា បើប្រៀបជាមួយ ក្រុមផ្សេងៗ ។

ក្រុមរបស់លោក យ៉ែម សំអូន មានសេវាកម្ម គ្រប់បែបយ៉ាង តាំងពីតារាចម្រៀង តារាសម្ដែង ពីធីករ និង រៀបចំកម្មវិធីផ្សេង មួយចប់តែម្ដង ។ ជាពិសេសថ្មីៗនេះ លោកបាន សហការជាមួយ ហាងប៉ារ៉ាឌី សំអាងការ ដូចនេះ មានតាំងពីភ្លើង ភ្លេង អ្នកចម្រៀង តារាសម្ដែង និង សំអាងការ មានគ្រប់សេវាកម្ម ខាងកម្មវិធីមង្គលតែម្ដង ដែលមុខរបរនេះ លោករកស៊ី បានច្រើនឆ្នាំមកហើយ ។

ទាក់ទងនឹងរឿងនេះ មហាជនងឿងឆ្ងល់ថា សមាជិកក្នុងក្រុម លោក យ៉ែម សំអូន សម្បូរតារារបស់ CambodIa Super Model ដែលបង្ហាញនូវ ភាពប្រទាញប្រទង់គ្នា ក្នុងរឿងការងារ តែអ្វីដែលកាន់តែក្ដៅជាងនេះ គឺក្រុមលោក យ៉ែម សំអូន មានការងារក្នុងមួយខែ ជាប់រហូត ចំណែកឯក្រុម កញ្ញា ឌួង ហ្សូរីដា វិញ ក្នុងមួយខែៗហាក់មិនសូវ រវល់ខ្លាំងនោះទេ សូម្បីតែកម្មវិធីថ្នាក់ជាតិនានា ក៏ក្រុម ឌួង ហ្សូរីដា លែងមានដូចមុនដែរ ព្រោះគេនាំចាំបានថា ក្រុម ឌួង ហ្សូរីដា ធ្លាប់មានបញ្ហា ម្ដងរួចមកហើយ កាលពីទៅសម្ដែង នៅប្រទេសវៀតណាម ជាមួយក្រសួងទេសចរណ៍ ដូចនេះកាលពី បុណ្យសមុទ្រ កន្លងទៅ ក៏គ្មានវត្តមាន ក្រុមនាងឡើយ ។

មហាជនឆ្ងល់ថា តើមានរឿងអ្វីកើតឡើង រវាងលោក យ៉ែម សំអូន និង កញ្ញា ឌួង ហ្សូរីដា ? ព្រោះលោក យ៉ែម សំអូន យកសមាជិកក្រុមនេះ ទៅបើកជាអាជីវកម្ម ផ្ទាល់ខ្លួន។ ជាពិសេសក្នុងថ្ងៃឡើង វីឡាថ្មី របស់លោក យ៉ែម សំអូន គេមិនបានឃើញ វត្តមានកញ្ញា ឌួង ហ្សូរីដា ចូលរួមឡើយ តើអាចនឹងមានការ អន់ចិត្តគ្នា ឬយ៉ាងណា ?

លោក យ៉ែម សំអូន បាននិយាយ ទៅកាន់អ្នកសារព័ត៌មានថា លោកមិនបាន រកស៊ីកាច់កុង កញ្ញា ឌួង ហ្សូរីដា ទេ ព្រោះក្រុមរបស់នាង ជាក្រុមដើរម៉ូដ ឯក្រុមលោក ជាក្រុមពហុជំនាញ ពិសេសក្នុងកម្មវិធីមង្គលការ ក្រុមលោកគឺ ជំនាញណាស់ ។ ប៉ុន្តែពេលមាន ការងារដើរម៉ូដ លោកក៏រុញឲ្យ ហ្សូរីដា ធ្វើ ហើយពេល ហ្សូរីដា មានការងារត្រូវជំនាញ ក្រុមរបស់លោក នាងក៏រុញឲ្យលោកធ្វើ ហើយពួកគេ ស្រឡាញ់គ្នា រាប់អានគ្នាណាស់ គ្មានរឿងអ្វីទេ ។ អវត្តមាន ឌួង ហ្សូរីដា ព្រោះនាងរវល់ ភារកិច្ចផ្ទាល់ខ្លួន តែអ្នកម្ដាយ និងបងប្អូន មកទាំងអស់ ។

ថ្វីដ្បិតលោក យ៉ែម សំអូន បានអះអាង បែបនេះក្ដី តែគេមិនទាន់ជឿ បានមួយរយភាគរយថា គ្មានរឿងរ៉ាវបែបនេះ កើតឡើងនោះទេ ព្រោះមនុស្ស រកស៊ីមុខរបរដូចគ្នា តែងតែមានបញ្ហា ជាមួយគ្នាមិនខាន ទោះជាបញ្ហានោះ តូចក្ដី ធំក្ដី ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh