CamNews

កីឡាអន្តរជាតិ 

ជម្រើសជាតិកម្ពុជា បន្តបំបាក់សិង្ហបុរី ដល់ ក្នុងផ្ទះទៀត (Video Inside)

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាកាលពីពេល ថ្មីៗកន្លងទៅទើបតែបានទម្លាក់ម៉ាកាវ ក្នុងការប្រកួតជម្រុះជុំ ទី១ប្រចាំទ្វីបអាស៊ីនៃពានរង្វាន់ World Cup ឆ្នាំ២០១៨ នៅរុស្ស៊ីយ៉ាងអស្ចារ្យ ប៉ុន្ដែនៅក្បាលព្រលប់ថ្ងៃទី១៩ ខែមីនានេះ ក៏បានបន្តលត់ ក្រុមម្ចាស់ផ្ទះសិង្ហបុរីយ៉ាងចាស់ដៃទៀតដែរដោយលទ្ធផលបច្ចេកទេស ៣-១ ។

បន្ទាប់ពីបញ្ចប់យុទ្ធនាការប្រកួតជម្រុះ World Cup យ៉ាងហត់នឿយជាមួយនឹងក្រុមជម្រើសជាតិម៉ាកាវ និងទទួលបានកៅអីឡើងទៅជុំទី២បន្ដនោះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងលោក Lee Tae Hoon កីឡាករកម្ពុជាមួយចំនួនធំ មិនទាន់បានធ្វើមាតុភូមិនិវត្តន៍នោះទេ ដោយសារត្រូវប្រកួតមិត្តភាពអន្ដរជាតិជាមួយនឹងក្រុមម្ចាស់ផ្ទះសិង្ហបុរី រវាងក្រុមយុវជនអាយុក្រោម២២ឆ្នាំកម្ពុជា និងក្រុមយុវជនអាយុក្រោម ២៣ឆ្នាំសិង្ហបុរី ។

ប៉ុន្ដែជាលទ្ធផលក្នុងជំនួបមិត្តភាពខាងលើ កីឡាករកម្ពុជា ធ្វើបានយ៉ាងល្អ ដោយបានបំបាក់ក្រុមម្ចាស់ផ្ទះ សិង្ហបុរីរហូតដល់ ៣-១ ។ លទ្ធផលដ៏ល្អប្រសើរនេះ ត្រូវបានមន្ដ្រីដឹកនាំកីឡាករកម្ពុជា លើកឡើងថា វាជាសញ្ញាណមួយដ៏ល្អ ដែលបញ្ជាក់ឲ្យឃើញពីភាពរីក ចម្រើនរបស់កីឡាករយុវជនកម្ពុជា ហើយក៏ជាការត្រៀមខ្លួនពោរពេញដោយសេចក្ដីជឿជាក់ក្នុងការ ដណ្ដើមជ័យជំនះជូនជាតិ ពេលចូលរួមប្រកួតជម្រុះពានរង្វាន់ AFC Champions League 2016 នៅប្រទេសថៃនាចុងខែមីនានេះផងដែរ ។

គួរបញ្ជាក់ថា កីឡាករដែលរកគ្រាប់ឲ្យកម្ពុជា ដើម្បីយកឈ្នះក្រុមជម្រើសជាតិ U-23 សិង្ហបុរីខាងលើគឺធ្វើសម្រេច ដោយកីឡាករ ផានី អ៊ីរដ្ឋា នៅនាទី៤៣, កីឡាករ ប្រាក់ មុន្នីឧត្ដម នៅនាទីទី៦៨ និងកីឡាករ សំអឿ ពិដោរ រកបានគ្រាប់បាល់ទី៣នៅនាទីទី៧២ ខណៈគ្រាប់បាល់របស់ម្ចាស់ផ្ទះ គឺធ្វើសម្រេចដោយកីឡាករ Sahaimin ៕


 

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Sport News Cambodia Cambodia win International Friendly over Singapor