ភ្នំពេញ៖ តារាចម្រៀងសំឡេងស្អក យក់ ឋិតរដ្ឋា បានធ្វើឲ្យទស្សនិកជន ភ្ញាក់ផ្អើលមិនតិចទេ នៅពេលនាងលេចមុខជាទីប្រឹក្សា របស់កម្មវិធី The Voice Cambodia ដែលត្រូវបានអញ្ចើញដោយ លោក ឆន សុវណ្ណរាជ ។ យក់ ឋិតរដ្ឋា បានបំពេញតួនាទី ល្អឥតខ្ចោះ ក្នុងនាមជាអ្នកផ្ដល់ដំបូន្មាន ក្នុងការប្រើប្រាស់សំឡេង និងបច្ចេកទេស ក្នុងការច្រៀង ឲ្យមានភាពពីរោះឡើង គេចាប់អារម្មណ៍ថា សំឡេងក្នុងការនិយាយរបស់អ្នកនាង ហាក់ពីរោះគួរឲ្យចង់ស្ដាប់ ព្រោះតារាចម្រៀង ពេលខ្លះសំឡេងច្រៀងពីរោះ តែសំឡេងនិយាយ មិនសូវពីរោះទេ ។
ប្រភពកៀកកិតបំផុត នឹងអ្នកនាង យក់ ឋិតរដ្ឋា បាននិយាយប្រាប់គេហទំព័រ LookingTODAY មិនបាច់ឆ្ងល់អ្វីច្រើនទេ មនុស្សមានផ្ទៃពោះឡើង គីឡូជារឿងធម្មតាទៅហើយ ព្រោះមានមនុស្សម្នាក់ទៀត នៅក្នុងពោះរឿងអីមិនធាត់នោះ ។ ប្រភពដដែល បានបន្តថា អ្នកនាង យក់ ឋិតរដ្ឋា មានកូនក្នុងផ្ទៃ ប្រមាណជាបីខែហើយ តែមិនទាន់ប្រាប់ ដល់អ្នកសារព័ត៌មានទេ ព្រោះមិនចង់អោយខ្ចរខ្ចាយច្រើន ។
ជារឿងដ៏ល្អមួយ ព្រោះអ្នកនាង យក់ ឋិតរដ្ឋា មានកូនប្រុសមួយ អាយុ៦ឆ្នាំហើយ ល្មមអាចមានកូនមួយទៀត ដើម្បីបន្ថែមភាពអ៊ូអរ ក្នុងក្រុមគ្រួសារ ព្រោះក្រុមគ្រួសារ អ្នកនាង យក់ ឋិតរដ្ឋា ជាក្រុមគ្រួសារមួយ ដែលស្រលាញ់គ្នាបំផុតក្នុងគ្រួសារ អាចជាក្រុមគ្រួសារគំរូ ដល់មហាជនផងដែរ ព្រោះក្រុមគ្រួសារអ្នកនាង ប្រកបអាជីវកម្ម រួមគ្នា ដោយមិនមានការ ច្រណែនឈ្នានីសគ្នាឡើយ។
សម្រាប់គំរោង យកកូនម្នាក់ទៀតនេះ អ្នកនាង យក់ ឋិតរដ្ឋា ហាក់មានយូរណាស់ហើយ ទើបតែបានសម្រេចនៅពេលនេះ ។ សម្រាប់ការសម្រាលកូន គេមិនទាន់ដឹងថា អ្នកនាងសម្រេចថា នឹងសម្រាលនៅទីណា នៅឡើយទេ គេហទំព័រ LookingTODAY នឹងព្យាយាមទាក់ទង អ្នកនាង ដើម្បីបំភ្លឺនៅពេលក្រោយ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល