CamNews

តារា 

គៀត សុវណ្ណឡាង ឆេះ​ដុំ រឿង​មាន​ស្នេហា ជា​មួយ​ប្រុស​ចាស់

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង កូនកាត់ចិន ប្រចាំផលិតកម្ម ភ្លេងរីខត កញ្ញា គៀត សុវណ្ណឡាង ថ្មីៗនេះ បានពើប ប្រទះ នឹងព័ត៌មានដ៏រសើបមួយថា នាងបាត់មុខពីវិថីសិល្បៈ ទៅសម្ងំបង្កាត់ភ្លើង ស្នេហ៍លួចលាក់ ជាមួយបុរសវ័យ ចំណាស់ម្នាក់ ដែលជាអ្នកសម្បូរទ្រព្យ ធ្វើឲ្យម្ចាស់សាម៉ីខ្លួនរូបនេះ ឆេះដុំប្រញាប់ចេញមុខ ច្រានចោលព័ត៌មាននោះ ភ្លាមៗ និងសុំចិត្តអ្នកសរសេរព័ត៌មាន នោះថាយល់ចិត្តនាងផង មុនធ្វើការចុះផ្សាយ អ្វីមួយ ។

តារាសម្តែងដែលវិវត្តន៍ខ្លួន ទៅជាតារាចម្រៀង ជ្រកក្រោមដំបូល ផលិតកម្មថ្មី កញ្ញា គៀត សុវណ្ណឡាង គឺជាតារាស្រី មួយដួង ដែលមានចរិកស្រគត់ស្រគំ មិនសូវពើបប្រទះនឹងរឿងអាស្រូវឡើយ ព្រោះថា នាងមិនចង់ឲ្យមាន ការប៉ះពាល់ដល់ប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះឡើយ ។ តែថ្មីៗនេះ អ្វីដែលនាងខ្លាចរអានោះ គឺបានកើតឡើង លើនាងហើយដោយមានព័ត៌មានលេចឮថា នាងបានបង្កាត់ភ្លើងស្នេហាស្ងាត់ៗ ជាមួយបុរសអ្នកមានទ្រព្យស្តុកម្នាក់ យ៉ាងផ្អែមល្ហែមជាមួយគ្នា មិនចាញ់ស្រមោច និងស្ករឡើយ ។

បន្ទាប់ពីមានការចុះផ្សាយ ព័ត៌មានបែបនេះភ្លាមៗ ម្ចាស់សាម៉ីខ្លួនស្រីស្អាត វ័យក្មេង កញ្ញា គៀត សុវណ្ណឡាង ក៏បានបញ្ចេញប្រតិកម្ម យ៉ាងចាស់ដៃ តបតទៅនិងការចុះផ្សាយ ព័ត៌មាននោះថា ជារឿង មិនពិតហើយ និងស្នើឲ្យទស្សនិកជន ក៏ដូចជា អ្នកចុះផ្សាយព័ត៌មាននោះ យល់ចិត្តមុននឹងធ្វើអ្វីមួយ។ នាងនិយាយថា «សូមទស្សនាវដ្ដី… មុនចុះពីខ្ញុំ មានសួរនាំពីខ្ញុំអត់ ? ច្រើនលើកច្រើនសារហើយ សរសេរ អត់ដែលមានពាក្យពិត ខ្ញុំស្នេហ៍ប្រុសចាស់មួយណា? បណ្ដើរប្រុសក្មេងមួយណា? ពេលអ្នកជួបខ្ញុំនៅ Bayon TV គាត់ហ្នឹងជានាក់ make up ឲ្យខ្ញុំទេរាល់ពេលខ្ញុំថត MV ឬលើ TV ខ្ញុំតែងតែយកអ្នក make up មករាល់ពេលអ្នកក៏មានម្ដាយជាស្រី បងស្រី ប្អូនស្រីដែរ បើមានគេសរសេរដាក់ប្អូនស្រីនាក់ រឿងមិនពិតទាំងនោះ តើអ្នកចេះឈឺចាប់ ដូចខ្ញុំនៅពេលនេះ អត់???»។

នៅក្នុងនោះផងដែរ តារាស្រីរូបនេះ បានប្រាប់បន្ថែមទៀតថា ប្រសិនបើព័ត៌មានថា នាងស្រលាញ់បុរសអ្នកមាន សម្បូរលុយនោះ នាងជិះរថយន្តទំនើប ប្រើប្រាស់សម្ភារៈទំនើបៗហើយ មិនមែននាងអត់មានរថយន្តទំនើបជិះ ហើយខំប្រឹង ធ្វើការរកលុយ ពីការងារសិល្បៈទេ ។ ម្យ៉ាងទៀតនាងក៏ចង់ប្រាប់ទៅ អ្នកចុះផ្សាយព័ត៌មាននោះ ថាកុំបង្ខូចកិត្តិយសអ្នកដទៃ ដើម្បីបានប្រយោជន៍ផ្ទាល់ខ្លួនឲ្យសោះ ព្រោះថា នាងមិនចង់ឲ្យគេជាន់ឈ្លី កិត្តិយសនាង និងគ្រួសារឡើយ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh