CamNews

កំសាន្ត 

សុគន្ធ នីសា គ្រវាត់ចោល​ក្បាល​មេក្រូ​ កណ្ដាល​ឆាក​តន្រ្តី

ភ្នំពេញ៖ តារាចម្រៀងស្រស់សោភា សុគន្ធ នីសា ដែលកំពុងតែល្បីល្បាញបន្ថែមទៀត ក្នុងបទចម្រៀង «បងប៉ូយ» ជាបទចម្រៀង ឆ្លើយឆ្លងជាមួយបទ «អាប៉ូយ» របស់នាយ ពាក់មី ។ បន្ថែមលើបទមនោសញ្ចេតនាដែល សុគន្ធ នីសា ល្បីស្រាប់ នាងបានហាត់រាំបន្ថែមក្បាច់ញាក់ ដើម្បីឲ្យទាន់សម័យកាល ដែលគេចូលចិត្តបទញាក់ កន្ត្រាក់អារម្មណ៍ តែក្បាច់រាំរបស់នាង មិនទាន់វិវត្តន៍បានល្អ មួយរយភាគរយឡើយ ពោលនៅរាំមួយៗនៅឡើយ ប៉ុន្តែហាក់លួចថែមភាពសិចស៊ីតិចៗទៀតផង ។

ប្រភពកៀកកិតនឹង សុគន្ធ នីសា បាននិយាយថា នីសា ប្រឹងប្រែងទើបរាំបានប៉ុណ្ណឹង ព្រោះនាងមានចំណុចខ្សោយមួយ គឺមិនអាចចាប់ក្បាច់រាំខ្លាំងៗ និងញាប់ៗបានដូចគេឡើយ ។ តែមិនមែនមានន័យថា មិនអាចរាំបាននោះទេ គឺអាចរាំបាន តែមិនសូវល្អខ្លាំង ។ សុគន្ធ នីសា ជាតារាចម្រៀងមានប្រវត្តិល្អច្រើនជាងអាក្រក់ ទោះនាងមានរឿងរ៉ាវមិនល្អញាំញី ក្រោយបែកពីលោក សុខ ជំនោរ ក៏ដោយ ។

ថ្មីៗនេះ សុគន្ធ នីសា បានឡើងសម្ដែងក្នុងកម្មវិធីលំដាប់ពិភពលោកមួយ ត្រូវសម្ដែងដល់ទៅ៤បទ និង២វគ្គផ្សេងគ្នា ។ វគ្គទី១ សុគន្ធ នីសា ច្រៀងបទមនោសញ្ចេតនា២បទ ដែលនាងទទួលបានសំឡេងស្វាមគន៍ យ៉ាងកក់ក្ដៅពីសំណាក់ អ្នកគាំទ្រ និងទស្សនិកជន ។ ចំណែកចូលវគ្គទី២ នាងកាន់តែឡូយជាងមុន ជាមួយក្រុមរាំ និងបទចម្រៀងញាក់ ខោរាងសិចស៊ីបន្តិច ធ្វើឲ្យសំឡេងទះដៃ កាន់តែកងរំពងជាងមុន ។

តែចម្លែកអី ហេតុការណ៍មួយបានកើតឡើង ព្រោះពេល សុគន្ធ នីសា រាំបានដាច់ខ្សែក្បាលមេក្រូ ដែលពាក់នៅនឹងត្រចៀក ទើបធ្វើឲ្យនាង ដោះវាចោលកណ្ដាលឆាក រួចបន្តការសម្ដែងធម្មតា មិនជ្រួលច្របល់អ្វីឡើយ ។ ដោយសារអាក្រក់មើលពេក អ្នករាំក្បែរនាង ក៏យកក្បាលមេក្រូនោះបោះចោលតែម្ដង ។ សម្រាប់បទញាក់បច្ចុប្បន្ន តារាចម្រៀងណាក៏ចាក់ឌីសដែរ ព្រោះពិបាករក្សារសំឡេង ដូច្នេះចាក់តែម្ដងទៅ ។

អ្នករៀបចំកម្មវិធី បាននិយាយថា មុននឹង សុគន្ធ នីសា ឡើងសម្ដែង មានការហាត់សមយ៉ាងច្រើន តែមិនបានសមជាមួយក្បាលមេក្រូ ពាក់ត្រចៀក ទើបភ្លាត់ស្នៀតយ៉ាងនេះ តែ នីសា ពូកែរក្សាលំនឹងណាស់ ទឹកមុខនាងមិនបានប្រែប្រួលសូម្បីបន្តិច ជាកំហុសបច្ចេកទេសតិចតួច តែមិនបង្កជាបញ្ហាធ្ងន់ឡើយ ។ បើអ្នកផ្សេងពិបាកនិយាយដែរ តែ នីសាពិតសំជាកំពូល តារាចម្រៀងមែន ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh