CamNews

ព័ត៌មានជាតិ 

ទាន់ហេតុការណ៍ ៖ មនុស្សប្រុស-ស្រី​ ក្មេង ចាស់ ២០នាក់ បានពុលផ្សិតកញ្ជោរ កំពុងសង្គ្រោះបន្ទាន់

បន្ទាយមានជ័យៈ យ៉ាងហោចណាស់ មានប្រជាពលរដ្ឋ៤គ្រួសារ ត្រូវបានបញ្ជូន ទៅសង្គ្រោះបន្ទាន់ នៅ មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក បន្ទាប់ពីពួកគាត់បរិភោគផ្សិតកញ្ជោររួចក៏ពុល ។ ហេតុការណ៍ នេះ បានកើតឡើងកាលវេលាម៉ោង ១០យប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៤ នៅក្នុងភូមិបន្ទាយទីមួយ ឃុំ ទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកស្រី មុំ រុន ទំទប់ទី១ នៃឃុំទួលពង្រ ទទួលបន្ទុកកិច្ចការនារី ស្ត្រី និងកុមារ បានឲ្យអ្នកយកព័ត៌មាន ដឹងថា នៅល្ងាចនោះឈ្មោះ មាន ខន ភេទប្រុស អាយុ ៣៨ឆ្នាំ បានមកពីកាប់ឬស្សី ដកទំពាំង ដូចសព្វ មួយដង ដើម្បីយកទៅលក់ តែរូបគាត់បានដកផ្សិតកញ្ជោរយ៉ាងច្រើនពីព្រៃ សម្រាប់ឲ្យកូនស្រីធ្វើម្ហូប និងបានចែកឲ្យអ្នកជិតខាង ៣គ្រួសារទៀត បានទទួលទានដែរ ។ ក្រោយបរិភោគសមាជិកទាំង ៤ គ្រួសារ មានគ្នាប្រមាណ ១៨នាក់ ត្រូវបានពុលផ្សិតកញ្ជោរទាំងអស់គ្នា ។ អ្នកទាំងអស់គ្នានោះ ត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីសង្គ្រោះបន្ទាន់ បន្ទាប់ពីបរិភោគរួច ហើយមានអការៈខ្លះក្អួតចង្អោរ និងមានចេញឈាមផងដែរ ខ្លះដួលសន្លប់បាត់ស្មារតី ។ ក្នុងនោះកុមារចំនួន៧នាក់ ស្រី៤នាក់ ក៏ត្រូវ សង្គ្រោះបន្ទាន់ដូចគ្នាដែរ ។ បន្ទាប់ពីបានបញ្ជូនទៅដល់មណ្ឌលសុខភាព ទួលពង្រ បុគ្គលិកមណ្ឌល សុខភាព ២នាក់ ក៏បានពុលដូចគ្នាដែរ ខណៈជួយសង្គ្រោះ ។

លោកស្រីបន្តទៀតថា ដោយស្ថានភាពនៃការពុល មានលក្ខណៈធ្ងន់ធ្ងរ និងមន្ទីរពេទ្យ ស្រុកម៉ាឡៃ មាន ការចង្អៀត ក៏បានបញ្ជូនបន្តមកមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ។

លោកស្រីក៏បានបញ្ជាក់ នៅរសៀលថ្ងៃទី៥ ខែកញ្ញា នេះថា ជនរងគ្រោះទាំងអស់ មានសភាពធូរស្រាល វិញហើយ ខណៈបានការយកចិត្តទុក ពីក្រុមគ្រូពេទ្យ ហើយគ្រូពេទ្យបានអះអាងថា ផុតគ្រោះថ្នាក់ ហើយ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh