ភ្នំពេញ៖ តារាចម្រៀង ប្រចាំផលិតកម្មសាន់ដេ ម្ចាស់បទ «បែកអូន៥ខែ អូនស្អាតជាងមុន» លោក អ៊ីណូ បានបង្ហើបឲ្យដឹងថា នៅក្រោយឱកាស បុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ ឆ្នាំ២០១៥នេះ ផលិតកម្មសាន់ដេ បានត្រៀមចេញបទចម្រៀងវ៉ុលថ្មី ១អាល់ប៊ុម សម្រាប់លោកតែម្នាក់ឯងសុទ្ធ ដើម្បីវាយលុកទីផ្សារ បន្ថែមទៀត បន្ទាប់ពីផលិតកម្ម មើលឃើញថា ប្រជាប្រិយភាព ហាក់ស្ទុះឡើងខ្លាំង ក្នុងរយៈពេលដើមឆ្នាំ២០១៥ នេះ ។
តារាចម្រៀងមាឌធំ លោក អ៊ីណូ បានបង្ហើបប្រាប់ LookingTODAY ឲ្យដឹងថា កេរ្តិ៍ឈ្មោះរបស់លោក មានការលោតឡើងខ្លាំង ជាងមុនច្រើន ដោយលោកត្រូវបាន អ្នករៀបចំការប្រគំតន្រ្តី ទាក់ទងហៅច្រៀង តាមបណ្តាខេត្តជិតឆ្ងាយ ជាប់រហូត មិនមានពេលសម្រាកទេ បន្ទាប់ពីលោកបានក្លាយជា តារាល្បី និងមានប្រជាប្រិយភាពទ្វេដង តាមរយៈបទ «បែកពីអូន៥ខែ អូនស្អាតជាងមុន» ដែលជាបទកំពុងតែទទួលបានលការគាំទ្រ ពីយុវវ័យច្រើនជាងគេ។
តារាចម្រៀងអ៊ីណូ បានប្រាប់ឲ្យដឹងទៀតថា ទន្ទឹមនឹងប្រជាប្រិយភាព កំពុងតែចាប់ផ្តើមឡើងកូដនោះ ខាងផលិតកម្មសាន់ដេ បានត្រៀមចេញអាល់ប៊ុមមួយ សម្រាប់លោកតែម្នាក់ឯង ក្រោយឱកាសបុណ្យចូលឆ្នាំខ្មែរនេះ ដោយអាល់ប៊ុមនោះមានឈ្មោះថា «ក្បាច់គុនមនុស្សចិត្តស្មោះ» ក្នុងនោះការនិពន្ធ ទំនុកភ្លេងគ្រប់យ៉ាង គឺជាការនិពន្ធថ្មី ដល់ទៅ៧០% មិនមានការចម្លង ពីបរទេសនោះទេ ។
អ៊ីណូ និយាយថា « បាទបង..! ផលិតកម្មសាន់ដេ បានចេញឲ្យខ្ញុំហ្នឹង ១វ៉ុលម្នាក់ឯងសុទ្ធតែម្ដង ហើយទំនុកភ្លេង គឺនិពន្ធខ្លួនឯង ដល់ទៅ៧០%ឯណោះ ។ ដោយសារតែអាល់ប៊ុមទោលនេះហើយ បានជាមួយថ្ងៃៗ ខ្ញុំមិនទំនេរទេ គឺត្រូវរិះរកអ្វី ដែលថ្មីប្លែក ដើម្បីមហាជន និងអ្នកគាំទ្រ ។ ម្យ៉ាងទៀត ការចេញច្រៀងតាមខនសឺត ក៏ច្រើនដែរ មានទាំងតន្រ្តីលក់សំបុត្រ និងតន្រ្តីរបស់ក្រុមហ៊ុន លក់ផលិតផលតូចធំ..»។
ទោះបីជាយ៉ាងណា លោក អ៊ីណូ រំពឹងថា ក្រោយពីអាល់ប៊ុមនេះ ចេញលក់ នៅលើទីផ្សារ នឹងអាចទទួលបានការគាំទ្រ កាន់តែខ្លាំង ព្រោះជាការខិតខំប្រឹងប្រែង ពីលោកផ្ទាល់ និងក្រុមការងារ ដើម្បីបានចំណីអារម្មណ៍មួយប្លែក ជូនដល់អ្នកគាំទ្រ និងទស្សនិកជន ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល