ភ្នំពេញ៖ បន្ទាប់ពីប្រើពេលវេលាជាង២សប្តាហ៍ នៅក្នុងការចរចាគ្នា ជាលក្ខណៈមនោសញ្ចេតនា ក្រៅប្រព័ន្ធច្បាប់ លើសំណងរវាងជនរងគ្រោះ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ និងក្រុមហ៊ុន SK រួចមក នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤នេះ ជនរងគ្រោះទាំងអស់ ដូចជាតារាចម្រៀង ខេមរៈ សិរីមន្ត នាយកុយ និងយាយណាង បានទទួលសំណង ដ៏សមរម្យមួយ ពីសំណាក់ក្រុមហ៊ុន SK ក៏ ដូចជាក្រុមហ៊ុនធនារ៉ាប់រង កាំមីនកូ ហើយ។
តាមប្រភពព័ត៌មានច្បាស់ការ ដែលអាចជឿទុកចិត្តបាន បានបង្ហើបប្រាប់ LookingTODAY ឲ្យដឹង ថា សំណងដែលក្រុមហ៊ុន SK បានផ្តល់ឲ្យជនរងគ្រោះ ទាំងអស់នោះ មានដូចជា តារាចម្រៀង ខេមរៈ សិរីមន្ត ទទួលបានទឹកប្រាក់ ២.៤០០០ដុល្លារ ពីក្រុមហ៊ុន SK និង ៥.០០០ដុល្លារ ពីក្រុមហ៊ុន កាំមីនកូ។ នាយ កុយ ទទួលបានទឹកប្រាក់ ១០.០០០ដុល្លារ ពីក្រុមហ៊ុន SK និង ៥.០០០ដុល្លារ ពី ក្រុមហ៊ុនកាំមីនកូ និងយាយ ណាង ទទួលបានទឹកប្រាក់ ១០.០០០ដុល្លារ ពីក្រុមហ៊ុន SK និង ៥.០០០ ដុល្លារពីក្រុមហ៊ុនកាំមីនកូដូចគ្នា។ ដោយឡែកជនរងគ្រោះ ផ្សេងទៀត ដែលរងរបួស ក្នុង ហេតុការណ៍នោះ ទទួលបានក្នុងម្នាក់ៗ ជាទឹកប្រាក់ ៤.៥០០ដុល្លារ។
លោក ជួង ជី ហៅនាយ កុយ បានថ្លែងប្រាប់ LookingTODAY មុននេះបន្តិចថា រូបលោក និង គ្រួសារជនរងគ្រោះ ទាំងអស់ ពិតជាបានទទួលសំណង ពីក្រុមហ៊ុន SK និងក្រុមហ៊ុនកាំមីនកូ ពិត ប្រាកដមែន បន្ទាប់ពីបានចរចាគ្នា ក្រៅប្រព័ន្ធតុលាការរួចមក។ លោកគិតថា សំណងនេះ ថ្វីត្បិត តែមិនអាច ធ្វើឲ្យជីវិតរបស់កូនប្រុស រស់ឡើងវិញ ឬមិនអាចស្មើនឹងជីវិតកូនប្រុសក៏ដោយ ប៉ុន្តែ ជាសំណងមួយ អាចទទួលយកបាន និងអាចដោះស្រាយ រាល់ការចំណាយ ពេលធ្វើបុណ្យសព និងចំណាយផ្សេងៗទៀត។ លោកបន្ថែមថា ពិតជាសប្បាយរីករាយ ដែលក្រុមហ៊ុនទាំងពីរខាងលើ មានឆន្ទៈនៅក្នុងការដោះស្រាយ សំណងនេះជូនរូបគាត់ និងគ្រួសាររងគ្រោះដទៃ។
ដោយឡែក លោក ខេមរៈ ភារុណ ដែលជាអ្នកនាំពាក្យ តារាចម្រៀង ខេមរៈ សិរីមន្ត ពេលគេហ ទំព័រ LookingTODAY ទំនាក់ទំនងទៅ ដើម្បីសួរបញ្ជាក់ពីបញ្ហានេះ លោកបានទទួលទូរស័ព្ទ ហើយ បានឆ្លើយទាំងសំឡេង រអាក់រអួលថា លោកកំពុងសម្រាក និងមិនទាន់បានទទួលដំណឹង ពី សំណងអ្វីលើប្អូនប្រុស របស់លោកឡើយ។ លោកនិយាយថា "ខ្ញុំកំពុងសម្រាក មានការអីមែនទេ? រឿងហ្នឹងខ្ញុំ មិនទាន់បានដឹងទេ ចាំមើលខ្ញុំឆែកព័ត៌មានសិនណា... អរគុណ...!"។
ផ្តល់សិទ្ធិ ៖ ដើមអំពិល