ភ្នំពេញ៖ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បាន ចេញមក សម្តែងការអបអរសាទរយ៉ាងខ្លាំង ជាមួយជ័យលាភី របស់កុមារពិការភ្នែកទាំងសងខាង យឿន ពិសី ក្នុងកម្មវិធី «Cambodia’s Got Talent 2014»។ លោកអគ្គលេខាធិការ វ័យជាង៣០ឆ្នាំរូបនេះ បានសម្តែងការ ជឿជាក់របស់ខ្លួន ថា ជ័យលាភីរបស់ យឿន ពិសី នឹងជួយជួយជំរុញកម្លាំងចិត្ត របស់ជនពិការនៅកម្ពុជា កាន់តែ ខ្លាំងថែមទៀត ក្នុងការ តស៊ូប្រយុទ្ធនឹងឧបសគ្គក្នុងឆាកជីវិត ។
លោក ឯម ច័ន្ទមករា ដែលគេស្គាល់ថា ជាមន្រ្តីដែលបានចូលរួមចំណែក ជ្រោមជ្រែងយ៉ាងច្រើន ដើម្បីលើក ស្ទួយ និង ការពារសិទ្ធិរបស់ជនពិការនៅកម្ពុជា បានបង្ហោះសារអបអរសាទរ នៅលើទំព័រហ្វេសប៊ុករបស់លោក ថា «ក្នុងនាម ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ បងសូមចូលរួមអបអរសាទរចំពោះ ប្អូន ប្រុស យឿន ពិសី ដែលបានទទួលជោគជ័យ ក្នុងការប្រកួតប្រជែង Cambodia's Got Tale nt 2014។ នេះគឺជា មោទនភាពមួយ ដែលមិនអាច មិនកោតសរសើរបាន សម្រាប់បងប្អូនជនពិការ នៃកម្ពុជា យើង ។ នេះគឺជាសមត្ថភាព ពិតប្រាកដ ជាសក្ខីភាព ដែលបង្ហាញដល់សាធារណជនថា ចូលមើលឃើញពីសមត្ថភាព ជាជាងមើលឃើញពីពិការ ភាព!!!»។
លោកបានបន្តថា «ជោគជ័យរបស់ប្អូនប្រុស យឿន ពិសី នាពេលនេះ គឺជាការលើកកិត្តិយស និង ជាការលើក ទឹកចិត្ត ដល់បងប្អូនជនពិការដទៃទៀត ឱ្យខិតខំប្រឹងប្រែងបន្ថែម ដើម្បីសម្រេចជោគជ័យក្នុងជីវិត ក៏ដូចជាការ ឈានទៅ សម្រេចឲ្យខាងតែបាន នូវការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់ការទី៣ របស់រាជរដ្ឋាភិបាលកម្ពុ ជា ផែនការយុទ្ធ សាស្ត្រជាតិ ស្តីពីពិការភាព ២០១៤-២០១៨ ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជន ពិការ អនុសញ្ញា ស្តីពីសិទ្ធិ ជនពិការ និង យុទ្ធសាស្ត្រអ៊ីនឈាន់ ធ្វើឲ្យសិទ្ធិក្លាយជាការពិត» ។
លោកអគ្គលេខាធិការ ក៏បានជូនពរ យឿន ពិសី ឲ្យទទួលជោគជ័យបន្ថែមទៀត ដើម្បីជាកម្លាំងចិត្ត ដល់បងប្អូន ជន ពិការ។
កុមារពិការភ្នែកទាំងសងខាង យឿន ពិសី អាយុ ១៥ឆ្នាំ បានក្លាយជាម្ចាស់ពានរង្វាន់ Cambodia’s got talent កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយទទួលបានប្រាក់រង្វាន់ ១០០លានរៀល បន្ទាប់ពីការប្រកួតប្រ ជែងដ៏ស្វិតស្វាញជាមួយបេក្ខជនពោរពេញដោយសមត្ថភាព និង ទេពកោសល្យផ្សេងៗគ្នាជាច្រើននាក់ផ្សេង ទៀត។
យឿន ពិសី គឺជាបេក្ខជន មានទឹកដមសំឡេងពីរោះក្រអួនក្រអៅ តែគេមិនដែលមានវាសនាមើលឃើញពិភព លោកនោះឡើយ។ ពិសី ជាបេក្ខភាពមកពីខេត្តកំពង់ចាម និង ជាសិស្សផ្នែកអក្សរស្ទាបប្រចាំនៅក្នុងអង្គការគ្រួ សារថ្មី។
នៅក្នុងកម្មវិធី Cambodia's got talent ពិសី ទទួលការចាប់អារម្មណ៍តាមរយៈការបកស្រាយបទចម្រៀងដំបូង បំផុត គឺ «ព្រះវិហារសាក្សីស្នេហ៍» របស់លោក ខេមរៈ សិរីមន្ត នៅវគ្គបន្ទាប់បកស្រាយបទ «កំពូលភ្នំស្រួច» ហើយនៅក្នុងវគ្គបញ្ចប់ គឺបានបកស្រាយបទចម្រៀងផ្ទាល់ខ្លួនតែម្ដង ដែលនិពន្ធឲ្យដោយតន្ត្រីករនៅក្នុងគ្រួសារ ថ្មី រៀបរាប់ពីឆាកជីវិតពិត ជាកូនកំព្រាឪពុក រស់លើផ្ទៃទឹកយ៉ាងកម្សត់វេទនា ជាមួយម្តាយ និងប្អូនៗជាច្រើននាក់ ផ្សេងទៀត។ ជាមួយបទចម្រៀងបង្ហាញពីជីវិត ដ៏កម្សត់នារាត្រីផ្តាច់ព្រ័ត្រក្នុងមហោស្រពលើផ្សារទំនើបអេអន យឿន ពិសី ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកទស្សនានៅទូទាំងប្រទេស។
ពិសី ទទួលបានទឹកប្រាក់ចំនួន១០០លានរៀល និងថវិកាលើកទឹកចិត្តជាច្រើន ព្រមជាមួយរង្វាន់ជាស្រាបៀរ និងសម្ភារៈពីក្រុមហ៊ុនជាអ្នកឧបត្ថម្ភជាច្រើនទៀត។ ពិសី បានថ្លែងក្រោយពីទទួលពានថា នឹងយកថវិកាបានពី ការប្រកួតនេះ ទៅជួយក្រុមគ្រួសារ និងប្អូនៗឲ្យមានសម្ភារៈសិក្សាដូចក្មេងទូទៅ និងយកមួយផ្នែកសម្រាប់ផ្គត់ ផ្គត់ចំពោះតម្រូវការរបស់ខ្លួន៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល