ព័ត៌មានអន្តរជាតិ ៖ មេដឹកនាំវ័យក្មេងរបស់កូរ៉េខាងជើង លោក គីម ចុងអ៊ុន បានថ្លែងកាលពីពេលថ្មីៗ នេះថា ប្រទេសរបស់លោក ត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីស្តារទំនាក់ទំនងឲ្យបានប្រសើរ ឡើងជាមួយនឹងកូរ៉េខាងជើង បន្ទាប់ពីប្រទេសទាំងពីរ បានជួបប្រទះភាពតានតឹងខ្លាំងសារជា ថ្មី កាលពីសប្តាហ៍មុន ដែលវាប៊ិះនឹងកើតមានសង្គ្រាមធ្ងន់ធ្ងរទៅហើយ។ នេះបើតាមការ ផ្សាយពីទីភ្នាក់ងារព័ត៌មានរដ្ឋព្យុងយ៉ាង ដែលស៊ិនហួ ដកស្រង់នៅថ្ងៃសុក្រ ទី២៨ ខែសីហា។
សារព័ត៌មានរដ្ឋកូរ៉េខាងជើងលើកឡើង យ៉ាងដូច្នេះថា “កិច្ចព្រមព្រៀងកាលពីសប្តាហ៍មុន គឺជាជោគជ័យ និង ឱកាសដើម្បីបន្ធូរបន្ថយភាពតានតឹង នៅតំបន់ឧបទ្វីបកូរ៉េ ហើយនឹង ឈានទៅរកការ ពិភាក្សាផ្សះផ្សាគ្នា ប្រកបដោយភាពជឿទុកចិត្ត។ វាជាសន្តិភាពដែលកើត ចេញពីពេលកៀកនឹងមានសង្គ្រាម ហើយវាគ្មានអ្វីប្រសើរជាងការចូលក្នុងតុពិភាក្សាគ្នាឡើយ ។ នេះក៏ ត្រូវថ្លែងអំណរគុណដែរចំពោះ យោធាដ៏ខ្លាំងក្លារបស់យើង ដែលបានបង្កើតឡើង ដោយ គណបក្សដ៏អស្ចារ្យ ទើបអាចការពារខ្លួនប្រកបដោយភាពរឹងមាំបែបនេះ។”
យ៉ាងណាក៏ដោយ សារព័ត៌មានរដ្ឋខាងលើនេះ មិនបានលើកឡើងទេ ថាលោកគីម នឹងរៀប ចំកិច្ចប្រជុំកំពូលជាមួយនឹង មន្ត្រីជាន់ខ្ពស់យោធា នាពេលណា គ្រាន់តែថាកិច្ចពិភាក្សា នៅ តំបន់ផាន់ម៉ុនជុំ ជាប់ព្រំដែនកូរ៉េទាំងពីរ កាលពីដើមសប្តាហ៍ កន្លងទៅនេះ ប្រទេសទាំងពីរ បានសម្រេចបន្ធូរបន្ថយភាពតានតឹងដោយយោធា និង សន្យារៀបចំកិច្ចចរចា ៦ភាគីឡើងវិញ ដើម្បីឲ្យប្រទេសទាំងពីរ អាចធ្វើការចរចាគ្នា លើបញ្ហាប្រឈមដទៃៗទៀត៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល