ភ្នំពេញៈ ទស្សនិកជនតែងតែ សម្លឹងឃើញថា ឆាកជីវិតអ្នកសិល្បៈ គឺមានតែភាពសប្បាយរីករាយ ហ៊ឺហារស៊ីវិល័យ ដែលមានមនុស្សជាច្រើន ប៉ងប្រាថ្នាចង់បាន ឆាកជីវិតដូចអ្នកសិល្បៈ ប៉ុន្តែទស្សនិកជន នៅមិនទាន់ដឹងទេថា នៅពីក្រោយខ្នង របស់ពួកគេ មានបង្កប់នូវទុក្ខ ព្រួយកម្រិតណានោះទេ ។ ជាក់ស្តែងថ្មីៗនេះ តារាកំប្លែងនាយ ពាក់មី បានបង្ហាញសារមួយរៀបរាប់ ពីអារម្មណ៍ខូចចិត្តរបស់ខ្លួន ពេលរងការរិះគន់ ពីទស្សនិកជន ។
ជាទូទៅរាល់ការបង្ហាញ វត្តមានរបស់តារាកំប្លែងល្បីឈ្មោះ ប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអ៊ីន នាយ ពាក់មី តែងធ្វើឲ្យទស្សនិកជន មានការសើចសប្បាយ ជាមួយការនិយាយ កំប្លុកកំប្លែង ។ ប៉ុន្តែថ្មីៗនេះតារាកំប្លែងរូបនេះ បែរជា បង្ហាញសារខ្លីមួយរៀបរាប់ ពីអារម្មណ៍ខូចចិត្ត បង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook បានរៀបរាប់ឲ្យដឹងថា “ជីវិតជាអ្នកកំប្លែង ធ្វើឲ្យបងប្អូនខ្មែរ យើងរាប់លាននាក់ បានសើចសប្បាយ មិនមែនជារឿងធម្មតាទេ ពេលខ្លះ ក៏សម្តែងបានល្អ ពេលខ្លះក៏លេងមិនកើត នៅលើឆាកខំធ្វើឆ្កួត ធ្វើឡប់ឲ្យបងប្អូនសើច បងប្អូនខ្លះមិនសើច ហើយរិះគន់ទៀត ។ បើបងប្អូនមកធ្វើដូចខ្ញុំ ក៏ពិបាកដែរ កំប្លែងការនិយាយ មិនបានគ្រោងទុកមុនទេ ពិបាកណាស់ ជួនកាលខំបង្ហោះ រូបឲ្យបងប្អូនមើលសប្បាយ បងប្អូនខ្លះបែទៅជាជេទៅវិញ ហ៊ឺ!!!!!” ។
នេះជាលើកទី១ហើយ ដែលតារាកំប្លែង និងជាតារាចម្រៀង នាយ ពាក់មី បង្ហោះសារបង្ហាញពី អារម្មណ៍ពិត នៅលើបណ្តាញទំនាក់ទំនង សង្គមផ្ទាល់ខ្លួន បង្ហាញពីអារម្មណ៍ឈឺចាប់ និងខូចចិត្ត ប្រាប់ដល់អ្នកគាំទ្រ ប៉ុន្តែលោកមិនបានបង្ហាញ ពីហេតុផល ជាសាធារណៈឡើយ ថាលោកបាន ទទួលរងព្រនង់ នៃការរិះគន់ពីទស្សនិកជន ដោយសាររឿងអ្វី ឬហេតុផលអ្វីទេ ដោយនៅសុខៗ លោកស្រាប់តែ និយាយត្អូញត្អែរ ពីការលំបាក និងអារម្មណ៍ខូចចិត្ត បែបនេះទៅវិញ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល