CamNews

តារា 

ជួន សុជា អ្នកនិពន្ធកំសត់ ត្រូវសង្សារក្បត់ស្នេហ៍ លើកដំបូង

ភ្នំពេញ៖ បើនិយាយពីឈ្មោះ អ្នកនិពន្ធបទច្រៀង នៅក្នុងមជ្ឈដ្ឋាន មហាជនទូទៅ ហាក់មិនសូវបានឮ និងស្គាល់ជាទូទៅនោះទេ ប៉ុន្តែបើនៅក្នុង ចង្កោមអ្នកសិល្បៈ ដូចគ្នា គឺពិតជាបានស្គាល់យ៉ាងច្បាស់ ទៅលើឈ្មោះ និងស្នាដៃរបស់អ្នកនិពន្ធ ខណៈដែលអ្នកនិពន្ធ បទចម្រៀងនីមួយៗ បានធ្វើឲ្យតារាចម្រៀងខ្លះ ល្បីល្បាញដល់កំពូល ទស្សនិកជនគាំទ្រយ៉ាងកុះករ ប៉ុន្តែនៅពីក្រោយ នៃភាពល្បីឈ្មោះនេះ គេមិនបាននឹកឃើញ ដល់អ្នកនិពន្ធ ដែលបានរិះរកបទចម្រៀង បញ្ចេញស្នាដៃពិសេស ដល់តារាចម្រៀងនោះឡើយ ។

ជាការពិត ងាកមកមើលពីជីវិតឯកជន របស់អ្នកនិពន្ធវ័យក្មេងមួយរូប របស់ផលិតកម្មសាន់ដេ លោក ជួន សុជា ឯណេះវិញ អ្នកនិពន្ធរូបនេះ បានខិតខំនិពន្ធបទចម្រៀង បញ្ជាក់ពីរឿងរ៉ាវស្នេហា បែកបាក់របស់យុវវ័យ ក្នុងសង្គមបច្ចុប្បន្ន រហូតដល់ជួបប្រទះ នូវវិបត្តិស្នេហ៍ខ្លួនឯង ដោះស្រាយមិនចេញ ធ្វើឲ្យឈឺចុកចាប់ ព្រោះតែសង្សារបណ្ដូលចិត្ត ស្រឡាញ់ស្មើនឹងកែវភ្នែក បានសម្រេចចិត្តចាកចោល រូបលោកទាំង គ្មានអាល័យ និងគ្មានហេតុផលអ្វី បន្តិចសោះ ។

អ្នកនិពន្ធកំសត់ស្នេហ៍ ជួន សុជា បានទទួស្គាល់ថា រូបលោកពិតជា បានជួបប្រទះស្នេហ៍ឈឺចាប់ ព្រោះតែសង្សារត្រូវដើរចេញពីបេះដូង របស់ លោកមែន តែអ្វីដែលលោកមិនអស់ចិត្តនោះ គឺភាពអន្ទះសារចង់ដឹង ពីហេតុផលពិតប្រាកដ នៃការបញ្ចប់ស្នេហ៍ ទាំងពាក់កណ្ដាលទីបែបនេះ និងការស្ដាយនូវអនុស្សាវរីយ៍ ជាមួយគ្នារាប់មិនអស់ ។ កវីនិពន្ធខកស្នេហ៍ ជួន សុជា បានថ្លែងទាំងអារម្មណ៍វិលវល់ថា "ខ្ញុំមិននឹកស្មានថា សង្សាររបស់ខ្ញុំ នាងដាច់ចិត្តចាកចោលខ្ញុំ ទាំងយើងទាំងពីរនាក់ មានស្នាមស្នេហ៍ រាប់មិនអស់ជាមួយគ្នា។ តាំងពីខ្ញុំធ្វើខួបកំណើតឲ្យនាងមក ខ្ញុំសង្កេតឃើញថា នាងចាប់ផ្ដើមមាន សកម្មភាពប្លែកៗជាច្រើន ហើយពេលខ្ញុំសួរដេញដោល គេបានឆ្លើយដោះសាររហូត ..!" ។

លោក ជួន សុជា បានឲ្យដឹងទៀតថា សង្សាររបស់លោក ជាតារាសម្ដែងពន្លកថ្មីម្នាក់ ដែលបានថតបទចម្រៀង ខារ៉ាអូខេ មួយចំនួន ក្នុងផលិត កម្មសាន់ដេ ។ នាងមានឈ្មោះ ជា ទីកា វ័យ២៣ ឆ្នាំ ជាកូនអ្នកធូរធា ហើយបានផ្ដើមស្នេហ៍ជាមួយគ្នា អស់រយៈពេលជាង១ឆ្នាំ មកហើយ ។ អ្វីដែលលោកធ្លាប់បានរំពឹងថា នឹងឮសំឡេងភ្លេងការ ក្រាបផ្ទឹមសំពះមេបា ញាតិមិត្តប្រុសស្រី ជាគូអនាគត នៅថ្ងៃខាងមុខនោះ ត្រូវបានរលាយ សាបសូន្យ ដូចអំបិលត្រូវទឹក ព្រោះតែស្នេហាមួយនេះ ដើរបានត្រឹមតែពាក់កណ្ដាលទី ហើយត្រូវបែកគ្នាទាំងមិនអស់ចិត្ត ។

យ៉ាងណាក្ដី អ្នកនិពន្ធ ជួន សុជា បានដាក់ការសង្ស័យ ទៅលើហេតុផលមួយចំនួន ដែលបណ្ដាលឲ្យសង្សាររបស់លោកត្រូវដើរចេញ ពោលគឺអាចបណ្ដាលមកពី មានអ្នកទី៣ចូលជ្រែក ហើយបុរសថ្មីនោះ គេជាអ្នកមានជាងលោក ។ ដោយឡែកហេតុផលទី២ អាចមកពី គំនាបចាស់ទុំខាងស្រី ដែលមិនចង់ឲ្យស្នេហាមួយនេះ បន្តទៅមុខទៀត ពេលដឹងឮដល់ពួកគាត់ ។ អ្នកនិពន្ធ ជួន សុជា បាននិយាយថា " សុជា អាចកំណត់រឿងរ៉ាវ ជួបព្រាត់បែកបាក់ របស់តួអង្គ ក្នុងបទចម្រៀងបាន តែមិនអាចកំណត់រឿងរ៉ាវ ស្នេហារបស់ខ្លួនបានឡើយ..!" ៕


 

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh