CamNews

សុខភាព 

វាគួរឲភ្ញាក់ផ្អើលណាស់ ដែលអ្នកជំងឺ Ebola បានជាសះស្បើយ និង បានចាកចេញពីមន្ទីរពេទ្យ (មានវីដេអូ)

បុគ្គលិកជំនួយ សហរដ្ឋអាមេរិក ម្នាក់ដែលបានជាសះស្បើយពីជំងឺ Ebola មានចិត្តរំភើប ជាខ្លាំង នៅពេលដែលគាត់ និងអ្នកជំងឺម្នាក់ទៀតបានចេញពីមន្ទីរពេទ្យ និងបានរស់រាន ម្តងទៀត ។




វេជ្ជបណ្ឌិត Kent Brantly អាយុ ៣៣ឆ្នាំ បានថ្លែងអំណរគុណដល់អ្នកគាំទ្រ ក្នុងសន្និសិត សារពត៌មានមួយ នៅក្នុងទីក្រុងអាត្លង់តា។ Nancy Writebol បានចាកចេញ ពីមន្ទីរពេទ្យ កាលពីថ្ងៃអង្គារ។ អ្នកទាំងពីរនាក់នេះ ត្រូវបាននាំយកទៅសហរដ្ឋអាមេរិក ដើម្បីព្យាបាល កាលពី៣សប្តាហ៏មុន។

វេជ្ជបណ្ឌិត Kent Brantly ដែលមើលទៅហាក់ដូចជាមានសុខភាពល្អ បាននិយាយថា៖
ថ្ងៃនេះ គឺជាថ្ងៃមានអព្ភូតហេតុដ៏អស្ចារ្យ។ គាត់មានចិត្តរំភើបជាខ្លាំង ដែលអាចមានជីវិត ម្តងទៀត និងអាចជួបជុំជាមួយគ្រួសាររបស់គាត់បាន។ ក្នុងនាមជា បុគ្គលិកសុខភាពម្នាក់ គាត់មិនដែលស្រមៃថា ខ្លួនគាត់អាចមានថ្ងៃនេះទេ។

គួរឲរំលឹកផងដែរថា បន្ទាប់ពីគ្រួសាររបស់គាត់បានត្រលប់មកសហរដ្ឋអាមេរិកវិញ នៅពេល មានការផ្ទុះឡើងនៃមេរោគEbola នៅអាហ្រ្វិចខាងលិច គាត់បានបន្ត ព្យាបាលអ្នកជំងឺ Ebola នៅទីនោះ ហើយនៅថ្ងៃទី ២៣ កក្កដា គាត់ចាប់ផ្តើមមានអារម្មណ៏មិនស្រួល។ Kent Brantly បាននិយាយថា៖ គាត់បានសំរាក នៅលើគ្រែអស់រយៈពេល ៩ថ្ងៃ ដោយមានអាការៈ កាន់តែខ្សោយទៅៗ។ នៅថ្ងៃទី ១ សីហា គាត់ត្រូវបាននាំមកទីក្រុងអាត្លង់តា ដើម្បីព្យាបាលនៅឯមន្ទីរពេទ្យ Emory។

អ្នកជំនាញជំងឺឆ្លងនៃមន្ទីរពេទ្យ Emory វេជ្ជបណ្ឌិត Bruce Ribner បាន និយាយថា៖ បន្ទាប់ពីការព្យាបាល និងការធ្វើតេស្តយ៉ាងហ្មតចត់ ពួកយើងមានទំនុកចិត្ត ថា វេជ្ជបណ្ឌិត Brantly បានជាសះស្បើយ ហើយគាត់អាចត្រលប់ទៅជួបជុំជាមួយ គ្រួសារ និងសហគមន៏បាន ព្រមទាំងអាចត្រលប់ទៅជីវិតកាលពីមុនរបស់គាត់ ដោយគ្មានការព្រួយបារម្ភ សុខភាពសាធារណៈទេ។

ចំណែកឯ ប្តីរបស់ Nancy Writebol លោកDavid បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៏ មួយថា ប្រពន្ធរបស់គាត់ បានជាសះស្បើយពីជំងឺនេះហើយ ប៉ុន្តែហាក់ដូចជានៅខ្សោយ។

ទន្ទឹមនឹងនេះ កាលពីថ្ងៃព្រហស្បតិ៏ អាហ្រ្វិចខាងត្បូង បាននិយាយថា៖ ប្រជាជនដែលមក ពីតំបន់ដែលបានឆ្លងជំងឺ Ebola ​នៅអាហ្រ្វិចខាងលិច មានដូចជា ប្រទេសហ្គីណេ លីបេរីយ៉ា និងសេរ៉ាលីអន មិនត្រូវបានអនុញ្ញាតឲចូលមកក្នុងប្រទេសនេះទេ។

វាគ្មានវិធីព្យាបាល ជំងឺ Ebola ដ៏កាចសាហាវនេះទេ ហើយវាបានបង្កឲមានអត្រាមរណៈ រហូតដល់ ៥០%-៦០%។ ប៉ុន្តែ ទាំងវេជ្ជបណ្ឌិត Brantly និង លោកស្រី Writebol បានទទួល ការព្យាបាល ដោយពិសោធន៏ ដែលគេហៅថា ZMapp។

ថ្នាំ ZMapp ដែលត្រូវបានបង្កើតឡើងដោយមាន ចំនួនកំណត់ ជាក់លាក់នោះ មិនដែលត្រូវបាន ធ្វើតេស្តសាកល្បងលើ មនុស្សទេ ហើយវានៅតែមិនទាន់ប្រាកដថា ការជា សះស្បើយ របស់ពួកគេទាំងពីរ បណ្តាលមកពីថ្នាំនេះ រឺមួយយ៉ាងណា។ ម៉្យាងវិញទៀត ថ្នាំ ZMapp នេះ ក៏ត្រូវបានផ្តល់ឲ បព្វជិតជនជាតិអេស៉្បាញម្នាក់ ដែលបានស្លាប់បាត់ទៅហើយ វាក៏ត្រូវបាន ផ្តល់ទៅឲបុគ្គលិកសុខភាព ជនជាតិលីបេរីយ៉ា៣នាក់ផងដែរ ហើយពួកគេកំពុងមាន អការៈធូរស្បើយ។



ប្រែសំរួលដោយ៖  មុន្នី
ប្រភព៖  bbc