ភ្នំពេញ៖ មុនជំនួបជុំទី១ ជើងទី១ នៃវគ្គជម្រុះពានរង្វាន់ បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០១៨ រវាងនឹងក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា និងជម្រើសជាតិម៉ាកាវ ចាប់ផ្ដើមនាថ្ងៃទី១២ ខែមីនាខាងមុខ ថ្ងៃនេះគេហទំព័រ LookingTODAY សូមជម្រាបអំពីលទ្ធផល ៤ប្រកួតក ដែលក្រុមទាំងពីរ ធ្លាប់ជួបគ្នាក្នុងព្រឹត្តិការណ៍ បាល់ទាត់ពានរង្វាន់ AFC Challenge Cup តាំងពីឆ្នាំ២០០៨មក ។
លោយ ឆាំង ពិសិដ្ឋ អ្នកចាត់ការទូទៅ នៃក្រុមជម្រើសជាតិកម្ពុជា បានថ្លែងឲ្យដឹងថា មុននឹងចាប់ឆ្នោត ជួបគ្នាក្នុងវគ្គជម្រុះពាន World Cup ប្រចាំទ្វីបអាស៊ីនេះ ក្រុមជម្រើសជាតិកម្ពុជា និងម៉ាកាវ ធ្លាប់ជួបគ្នា ៤ដងរួចមកហើយ ក្នុងវគ្គជម្រុះពានរង្វាន់ AFC Challenge Cup ហើយជាលទ្ធផល ក្រុមជម្រើសជាតិកម្ពុជា ឈ្នះ ៣ដង និងចាញ់ម្ដង ។
អ្នកចាត់ការខាងលើ បានបញ្ជាក់ថា ក្នុងឆ្នាំ២០០៨ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះពូលD ដែលជាវគ្គជម្រុះពាន AFC Challenge Cup ក្រុមជម្រើសជាតិកម្ពុជា បានបំបាក់ក្រុមជម្រើសជាតិម៉ាកាវ ក្នុងលទ្ធផលបច្ចេកទេស ៣-១ ប៉ុន្ដែក្នុងនាមជាម្ចាស់ផ្ទះ ជម្រើសជាតិកម្ពុជា មិនអាចឡើងទៅប្រកួតវគ្គបន្ដឡើយ ក្រោយប្រកួតចាញ់ ក្រុមជម្រើសនេប៉ាល់ ក្នុងវគ្គជម្រុះពូល Dដដែល ។
លោកបន្ដថា ចូលដល់ឆ្នាំ២០០៩ ជម្រើសជាតិកម្ពុជា បានធ្វើដំណើរឆ្ពោះទៅ ប្រទេសបង់ក្លាដែស ដើម្បីប្រកួតជម្រុះ និងដណ្ដើមកៅអីពូលA នៃពាន AFC Challenge Cup ម្ដងទៀត ពេលនោះកម្ពុជា ក៏បានជួបក្រុមជម្រើសជាតិម៉ាកាវផងដែរ ហើយជាលទ្ធផលកម្ពុជា បានបន្ដយកឈ្នះម៉ាកាវ ដោយលទ្ធផលបច្ចេកទេស ២-១ ប៉ុន្ដែជម្រើសជាតិកម្ពុជា គ្មានឱកាសឡើងវគ្គបន្ដឡើយ បន្ទាប់ពីប្រកួតចាញ់ផ្ទួនៗ ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ បង់ក្លាដែស និងមីយ៉ាន់ម៉ា ។
រហូដល់ឆ្នាំ២០១១ ក្រុមជម្រើសជាតិ ដែលដឹកនាំដោយ គ្រូបង្វឹកជនជាតិកូរ៉េលោក Lee Tae Hoon បានធ្លាក់ជើងមកប្រកួតវគ្គជម្រុះជុំទី១ឡើងវិញ ហើយជើងទី១ ប្រកួតជាមួយម៉ាកាវ ក្នុងទឹកដី ជម្រើសជាតិកម្ពុជា បានប្រកួតឈ្នះម៉ាកាវ ៣-១ ប៉ុន្ដែដល់ពេលទៅប្រកួត លើទឹកដីម៉ាកាវវិញ ក្នុងជើងទី២នោះ ម្ចាស់ផ្ទះម៉ាកាវ បានយកឈ្នះជម្រើសជាតិកម្ពុជាវិញ ដោយលទ្ធផល ៣-២ ។
ដោយសំអាងតាមលទ្ធផលខាងលើនេះ លោក ឆាំង ពិសិដ្ឋ បានបញ្ជាក់ថា ជំនួបជាមួយ ក្រុមជម្រើសជាតិម៉ាកាវ នាវេលាម៉ោង ៤រសៀល ថ្ងៃទី១២ ខែមីនា នៅលើទីលានស្ដាតចាស់ខាងមុខ លោកជឿជាក់ថា ជម្រើសជាតិកម្ពុជា មានសង្ឃឹមឈ្នះច្រើន ព្រោះជាការប្រកួត ធ្វើនៅលើទឹកដី ហើយអ្នកគាំទ្រ ក៏សុទ្ធតែប្ដេជ្ញាចិត្ត ចូលរួមលើកទឹកចិត្ត ដល់ក្រុមជម្រើសជាតិ ខ្លួនផងដែរ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល