ភ្នំពេញ៖ តារាសម្តែង និងចម្រៀងវ័យ ២៤ឆ្នាំ លោក សាន់ វីហ្សា មួយរយៈចុងក្រោយនេះ ត្រូវបានគេសង្កេតឃើញថា លោកហាក់មានការ មមាញឹកខ្លាំង ក្នុងការងារសិល្បៈ តាមរយៈនៃការបង្ហាញវត្តមាន សម្តែងសាច់រឿង និង ឈុតកាយវិការខារ៉ាអូខេ ព្រមទាំងការឡើងច្រៀងតាមឆាក នៃការប្រគំតន្ត្រី របស់ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកនានា។
ជួបសំណេះសំណាល ជាមួយគេហទំព័រ Looking TODAY តាមទូរស័ព្ទ នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤តារាសម្តែង ប្រុសមាឌតូចល្អិត លោក សាន់ វីហ្សា បាននិយាយថា លោកចាប់ផ្តើមចូលសិល្បៈ តាំងពីឆ្នាំ២០០៦មកម្ល៉េះ ពោលមកដល់ពេលនេះជិត១០ឆ្នាំហើយ ។
កាលនោះព្រោះតែ ការស្រឡាញ់សិល្បៈខ្លាំង លោកតែងតែឆ្លៀតពេល ពីការសិក្សា ទៅចូលរួមកម្មវិធីសិល្បៈផ្សេងៗ បើទោះបីជាពេលខ្លះ ថតបានលុយតិច-ច្រើន ឬមិនបានលុយសោះ ក៏លោកសប្បាយចិត្ត ធ្វើវាដោយពុំដែលមានគំនិតដកថយម្តងណាឡើង ។ លោក សាន់ វីហ្សា បានបញ្ជាក់ថា ក្នុងអំឡុងពេលបច្ចុប្បន្ននេះ ក៏មិនខុសអី កាលពីគ្រាចូលសិល្បៈដំបូងដែរ គឺរាល់ថ្ងៃនេះ លោកតែងតែឆ្លៀតពេលទំនេរ ពីការងារ វេនយប់ (មេកាក្លឹប) និងការសិក្សាជំនាញខ្លីៗ ដើម្បីបានទៅចូលរួម កម្មវិធីសិល្បៈ ដូចជាការថតសម្តែងភាពយន្ត, MV ខារ៉ាអូខេ ឲ្យផលិតកម្មក្រៅស្រុក និងផលិតកម្មតូចធំ ក្នុងស្រុកមួយចំនួន។
សាន់ វីហ្សា បានបន្តទៀតថា "ថ្វីដ្បិតតែខ្ញុំធ្លាប់សម្តែងរឿង និង កាយវិការខារ៉ាអូខេ បានច្រើនបន្តិចមែន ប៉ុន្តែមិនដែល បានថតជាតួអង្គសំខាន់ អីហ្នឹងគេទេបង..! គ្រាន់តែជាតួរង ឬពេលខ្លះបានត្រឹមតែ ជាអ្នករាំកំដរឆាកប៉ុណ្ណោះ"។ ជាមួយគ្នានេះ លោក សាន់ វីហ្សា ក៏បានប្រាប់ឲ្យដឹងដែរថា ក្រៅពីអាជីពសម្តែង សព្វថ្ងៃនេះ លោកក៏កំពុង បម្រើការងារ ខាងក្រៅនៅក្នុងក្លឹបកម្សាន្ត មួយកន្លែងមាន ឈ្មោះ អាយវេន ម្តុំសាលាបាក់ទូក ដោយមានតួនាទី ជាមេការតាមផ្នែកក្នុងក្លឹបកំសាន្តមួយនេះដែរ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល