ភ្នំពេញ៖ នៅរាត្រីយប់មិញនេះ តារាសម្តែង និងជាតារាបង្ហាញម៉ូដល្បីឈ្មោះ អ្នកមេម៉ាយចាយសម្រស់ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញអារម្មណ៍ រំភើបស្ទើរតែទប់ទឹកភ្នែកមិនជាប់ នៅពេលដែលនាង ត្រូវបានគូស្នេហ៍ បណ្តូលចិត្ត លួចលាក់ រៀបចំពិធីជប់លៀង ខួបកំណើតធ្វើឲ្យនាង មានការភ្ញាក់ផ្អើល។ អ្វីដែលកាន់តែមាន អារម្មណ៍រំជើបរំជួលកាន់តែខ្លាំងជាងនេះ គឺគូស្នេហ៍របស់នាង បានត្រៀមកាដូខ្សែពេជ្រ ជូននាងទុកជាការបញ្ចាំ ចិត្តនាងថែមទៀតផង ។
បើទោះជាពន្លកស្នេហារវាង អ្នកមេម៉ាយចាយរាង អ្នកនាង ចន ច័ន្ទលក្ខិណា និងបុរសពោះម៉ាយ លោក ហេង ឡុង ទើបតែចាប់ផ្តើមបាន ប្រមាណជិត១ឆ្នាំ ក៏ពិតមែន តែស្នេហាមួយនេះ មានភាពផ្អែមល្ហែម ល្អូកល្អិន ជាមួយគ្នាខ្លាំងណាស់ ដែលជាដើមហេតុ ធ្វើឲ្យគូស្នេហ៍មិនតិចទេ ដែលមានការច្រណែន និងស្នេហារបស់ពួកគេ ។អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺជានិច្ចកាលពួកគេទាំងពីរនាក់ តែងតែបណ្តើរគ្នា ចូលរួមកម្មវិធី ទាំងក្នុង និងក្រៅសិល្បៈ ជាបន្តបន្ទាប់មិនដាច់ទេ ហើយបុរសសង្ហារម្នាក់នេះ ក៏តែងតែខំប្រឹង រកអ្វីដែលថ្មីៗ ធ្វើឲ្យគូស្នេហ៍សប្បាយ និងរំភើបចិត្តមិនតិចទេ ។
ជួបសម្ភាសន៍ ជាមួយគេហទំព័រ LookingTODAY តារាស្រីរូបស្រស់រាងខ្ពស់ស្រឡះ អ្នកនាង ចន ច័ន្ទលក្ខិណា បានថ្លែងប្រាប់លាយឡំ និងសំណើចសើចតិចៗថា ជាការពិតណាស់ កាលពីយប់មិញនេះគាត់ (គូស្នេហ៍) បានលួចលាក់រៀបចំកម្មវិធី ជប់លៀងខួបកំណើត ឲ្យនាងស្ងាត់ៗ ដោយនាងមិនបានដឹងខ្លួនមុនឡើយ ព្រោះថាគូស្នេហ៍នាងបានប្រាប់ថា ទៅចូលរួមខួបកំណើតបងស្រីធម៌ របស់គាត់ នៅដីឡូតិ៍មួយកន្លែង នៅព្រែកឯង តែដឹងអីពេលទៅដល់ ស្រាប់តែពិធីជប់លៀងនោះ គឺជារបស់នាងទៅវិញ ។
ពិធីការិនីប្រចាំស្ថានីយទូរទស្សន៍បាយ័ន បានថ្លែងបានឲ្យដឹងទៀតថា «នៅពេលជប់លៀងនោះ គាត់បានធ្វើឲ្យខ្ញុំរំភើបចិត្តម្តងទៀត គឺគាត់បានយកកាដូខ្សែកពេជ្រ មកឲ្យខ្ញុំហើយពាក់ឲ្យខ្ញុំទៀត អារម្មណ៍ពេលនោះ ពិតជារំភើបស្ទើរយំទៅហើយ ខ្ញុំចង់បញ្ជាក់ថា អ្វីដែលរំភើបនោះ មិនមែនជាកាដូ ដែលមានតម្លៃថ្លៃទេ អ្វីដែលមានតម្លៃ ធ្វើឲ្យខ្ញុំចង់យំនោះ គឺទឹកចិត្ត ដែលគាត់មាន ចំពោះខ្ញុំគាត់ធ្វើគ្រប់យ៉ាង ឲ្យខ្ញុំសប្បាយចិត្ត និងភ្ញាក់ផ្អើល នេះហើយជាចំណុចល្អ របស់គាត់ ដែលតែងតែធ្វើឲ្យខ្ញុំ…»។
បើទោះជាតារាសម្តែងរូបនេះ បានប្រាប់ឲ្យដឹងថា «ខ្ញុំបានទទួលខ្សែកពេជ្រ ពីគូស្នេហ៍ តែខ្ញុំមិនអាចប្រាប់ថា វាមានតម្លៃប៉ុន្មានទេ ព្រោះខ្ញុំមិនហ៊ានសួរគាត់ ពីតម្លៃឡើយ តែអ្វីដែលខ្ញុំដឹង គឺគ្រឿងពេជ្រនោះ មិនមានតម្លៃរាប់ម៉ឺនដុល្លារទេ ដោយសារគាត់គ្រាន់ តែជាអ្នកជំនួញធម្មតា មិនមានសមត្ថភាព ឲ្យរបស់ថ្លៃៗមកខ្ញុំឡើយ តែសម្រាប់ខ្ញុំរបស់របរវា មិនសូវសំខាន់ឡើយ អ្វីដែលសំខាន់ គឺទឹកចិត្ត និងការទទួលខុសត្រូវរបស់គាត់» ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល