ភ្នំពេញ៖ នៅដើមឆ្នាំ២០១៥នេះ ទស្សនិកជនសង្កេតឃើញថា តារាសម្តែងស្រីដែល ធ្លាប់តែសម្តែងតួទឹកភ្នែកកំសត់ កញ្ញា នី មុនីនាថ ហាក់ទទួល បានតំណែងតួខ្មោច៤-៥រឿង ហើយកាលពីពេលថ្មីៗនេះ នាងទើបតែឆក់បានតំណែងតួខ្មោចមួយទៀត នៅក្នុងរឿង “ខ្មោចទឹក” របស់ផលិត កម្មមហាហង្ស ។
ចាប់តាំងពីតារាសម្តែងស្រី កញ្ញា នី មុនីនាថ បានបោះជំហានចាប់អាជីព ជាតារាសម្តែងមកអ្នកដឹកនាំរឿង ភាគច្រើន តែងតែតម្រូវឲ្យនាងសម្តែង ជាតួរទឹកភ្នែកកំសត់តួកាចឆ្នាស់ឆ្នើម ហើយគ្រប់ការសម្តែង មិនថាអត្តចរិករបស់នាង ស្រគត់ស្រគំបង្ហូរទឹកភ្នែកឫកាចទេ គឺនាងទទួលបាន ជោគជ័យ ស្ទើរគ្រប់រឿង តែដោយឡែកនៅក្នុងឆ្នាំថ្មីៗនេះ តារាស្រីរូបនេះបែរជា ត្រូវបានខាងអ្នកដឹកនាំរឿងភាគច្រើន ជ្រើសរើសនាងឲ្យដើរ ជាតួខ្មោចខុសពីការសម្តែងមុនៗទៅវិញ ។
ជួបសម្ភាសន៍ជាមួយគេហទំព័រ Looking TODAY នៅក្នុងពិធីក្រុងពាលីរឿង “ខ្មោចទឹក” របស់ផលិតកម្មមហាហង្ស កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ ២០១៥ ម្សិលមិញនេះ តារាស្រីសម្បុរស្រអែមស្រស់ សំឡេងផ្អែមស្រទន់ កញ្ញា នី មុនីនាថ បានប្រាប់ឲ្យដឹងថា នៅក្នុងឆ្នាំថ្មីនេះនាងបានទទួល ថតរឿងច្រើនជាប់ៗគ្នា ដោយការសម្តែងរឿងភាគច្រើន នាងត្រូវបានអ្នកដឹកនាំតម្រូវឲ្យថតជាខ្មោច ចាប់គូជាមួយតួប្រុស លោក ភឹម តារាវិបុល ជាក់ស្តែងក្នុងរឿង “ខ្មោចទឹក” នេះគឺនាងក្តាប់បានតំណែងជាតួខ្មោចទឹក ហើយសម្រាប់រឿងនេះ គឺធ្វើឲ្យនាងមានការសម្តែង ដែលលំបាកច្រើន ។
តារាស្រីវ័យ២៥ឆ្នាំរូបនេះ បាននិយាយបែបត្អូញត្អែរថា “ សម្រាប់រឿងនេះ គឺមានការលំបាកខ្លាំងណាស់ សម្រាប់ខ្ញុំរឿងមួយនេះតម្រូវ ឲ្យខ្ញុំដើរ ជាតួខ្មោចទឹក ៥០ភាគរយ នៃសាច់រឿងតម្រូវឲ្យខ្ញុំ នៅក្នុងទឹកវាពិតជាពិបាកណាស់ ព្រោះថាខ្ញុំអត់ចេះហែលទឹក ហើយត្រូវនៅក្នុងទឹក វាជាចំណុច លំបាកមួយសម្រាប់ខ្ញុំ ដូច្នេះហើយឆ្លៀត ពេលដែលខាងផលិតកម្មមិនទាន់ថត ខ្ញុំត្រូវខំប្រឹងហាត់រៀនហែលទឹកឲ្យចេះហើយមើលទៅ(សើច)…” ។
តារាសម្តែងនិងជាពិធីការិនីរូបនេះ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា មូលហេតុដែលនាងព្រម ទទួលថតរឿងមួយនេះ ដែលជាប្រភេទរឿង ដែល នាង ចាត់ទុកថាជារឿងលំបាកនោះ ព្រោះថាបើទោះជានាងមាន ការពិបាកមិនចេះហែលទឹក ហើយត្រូវថតនៅក្នុងទឹកក៏ដោយ ក៏នាងមិនមាន ការព្រួយបារម្មណ៍ ដែលដោយសារខាងផលិតកម្ម បានរៀបចំបច្ចេកទេស ការពារសុវត្ថិភាពដល់តួសម្តែង នៅក្នុងទឹកទាំងអស់កុំឲ្យមានបញ្ហា ដូច្នេះ ហើយទើបនាងក៏ទទួលថតហើយម្យ៉ាងទៀតក៏ចង់ ឲ្យមានទស្សនីយភាពប្លែក ដល់ទស្សនិកជនដែរ ។ រឿងនេះនឹងដំណើរការថត នៅចុង ខែមករានេះ ហើយមានគម្រោងដាក់បញ្ចាំង នៅពាក់កណ្តាលឆ្នាំ២០១៥ ខាងមុខនេះ នៅរោងកុនល្បីៗ នៅក្នុងប្រទេសយើង ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល