CamNews

តារា 

ហេង ស្រីពេជ្រ ដឹកនាំ តារាសម្ដែងយកចង្ហាន់ ប្រគេនព្រះសង្ឃ ក្នុងវត្តដាច់ ស្រយាល

ភ្នំពេញ៖ តារាសម្ដែងកំពុង មានទីផ្សារ នាង ហេង ស្រីពេជ្រ ត្រូវបានគេកត់សម្គាល់ឃើញថា ទោះបីជាមានភារកិច្ចជាប់ថតរឿង និងថតបទចម្រៀង តាមបណ្ដាផលិតកម្មនានា ស្ទើរតែគ្មានសម្រាកក្ដី ក៏តារាសម្ដែងដែលចូលចិត្ត ធ្វើបុណ្យធ្វើទានម្នាក់នេះ មិនភ្លេចរៀបចង្ហាន់ ទៅវត្ត ប្រគេនព្រះសង្ឃ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាប្រពៃណីរបស់ខ្មែរ មួយនេះដែរ ។ ជាក់ស្ដែង កាលពីថ្ងៃទី១៤ ខែកញ្ញា នេះ តារាសម្ដែង ហេង ស្រីពេជ្រ បាននាំតារាសម្ដែង និងអ្នកដឹកនាំតារាសម្ដែង ចំនួន៤ នាក់ទៅប្រគេនចង្ហាន់ និងទេយ្យទាន ដល់ព្រះសង្ឃក្នុងវត្តដាច់ ស្រយាលមួយ មានឈ្មោះថា អាស្រមថ្មអន្ទង ស្ថិតក្នុងឃុំកណ្ដឹង ស្រុកបាទីខេត្ត តាកែវ ។

តារាសម្ដែង ដែលរួមដំណើរជាមួយ ហេង ស្រីពេជ្រ ក្នុងពិធីដាក់បិណ្ឌ ដែលមានព្រះសង្ឃ តែ៣អង្គប៉ុណ្ណោះ គង់ចាំព្រះវស្សា ក្នុងវត្តនោះ មានដូចជា តារាសម្ដែង លោក រ៉ានុត លោក ផានុ លោក លី ណូរ៉ា និងអ្នកដឹកនាំសម្ដែង លោក សុភា ហៅ Pea Ice និងមិត្តភក្ដិជិតស្និទ្ធ មួយចំនួនទៀត។

តារាសម្ដែង ហេង ស្រីពេជ្រ បានប្រាប់ឲ្យដឹងថា ទោះជាមមាញឹក ក្នុងការថតរឿង ក៏ដូចជាថតខារ៉ាអូខេ យ៉ាងណាក្ដីក៏នាងត្រូវតែឆ្លៀតពេល ដើម្បីយកចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃ ក្នុងឱកាសរដូវកាលបុណ្យភ្ជុំនេះដែរ ព្រោះនាងជាអ្នកចូលចិត្ត ធ្វើបុណ្យធ្វើទាន។ លើសពីនេះ នាងចូលចិត្តធ្វើដំណើរ ទៅវត្តអារ៉ាមណា ដែលជាតំបន់ដាច់ស្រយាល អត្តខាត់ ដូចឃើញស្រាប់ពេលនេះ នាងបានយកចង្ហាន់ មកវត្តមួយមាន ឈ្មោះថា អាស្រមថ្មអន្ទង ដែលជាវត្តមួយនៅកណ្ដាលព្រៃ មិនសូវមានពុទ្ធបរិស័ទមក ពោលជាវត្តមួយ នៅក្បែររមនីយដ្ឋានភ្នំតាម៉ៅ ។

ហេង ស្រីពេជ្រ បន្តថា ក្នុងនាមជាអ្នកសិល្បៈ ទោះរវល់យ៉ាងណាក្ដី ក៏ត្រូវតែមានពេលមួយ សម្រាប់ធ្វើបុណ្យដែរ ព្រោះការធ្វើបុណ្យ គឺជាការបំពេញកុសល ដើម្បីឧទ្ទិសមគ្គផលទាំងនេះ ទៅដល់ជីដូនជីតា ញាតិការទាំងប្រាំពីរសន្ដាន ដែលបានចែកឋាន ទៅកាន់លោកខាងមុខ ហើយការយកទេយ្យវត្ថុ ទៅកាន់វត្តដាច់ស្រយាល ធ្វើឲ្យយើងមានអារម្មណ៍ជ្រះថ្លា ទទួលបានបុណ្យកុសលច្រើន ព្រោះព្រះសង្ឃ កំពុងតែជួបនូវការខ្វះខាត ។

យ៉ាងណាក្ដី តារាសម្ដែង ដែលបានរួមដំណើរជាមួយគ្នា ក៏បានសម្ដែងក្ដីរំភើបរីរាយ ក្នុងពេលធ្វើដំណើរទៅដាក់ បិណ្ឌក្នុងឱកាសនេះ ដោយពួកគេបានលើកឡើងថា ទោះជាមានការលំបាក ក្នុងការធ្វើដំណើរបន្តិចក្ដី តែពិតជាធ្វើឲ្យពួកគេចងចាំ និងមានអារម្មណ៍ជ្រះថាក្នុងចិត្ត ពេលបានទៅដល់វត្ត កណ្ដាលព្រៃមួយនេះ ។ ពួកគេមិនមានការនឿយហត់ឡើយ និងថែមទាំងសប្បាយរីករាយទៀតផង និងសូមឲ្យបងប្អូន ជាមិត្តសិល្បៈ ទាំងអស់ចូលរួមធ្វើបុណ្យ ក្នុងឱកាសភ្ជុំបិណ្ឌ ឲ្យបានគ្រប់គ្នា ដើម្បីបានបំពេញនូវបុណ្យកុសល នៅក្នុងជាតិនេះ ក៏ដូចជាជាតិខាងមុខ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh