ភ្នំពេញ៖ ទីបំផុតសេចក្ដីទុក្ខសោក បានធ្លាក់មកលើ នាយ ទុយ និងក្រុមគ្រួសារ ជៀសមិនរួចមែន ដោយសារតែម្ដាយរបស់លោក ដែលបានធ្លាក់ខ្លួនឈឺ រាំរ៉ៃជាច្រើនឆ្នាំមកនោះ បានទទួលមរណៈ ភាពហើយ កាលពីវេលាម៉ោងជាង៥ ទៀបភ្លឺ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣នេះ ។ ការទទួលមណៈ ភាពនេះ គឺបន្ទាប់ពី នាយទុយ បានបញ្ជូនម្ដាយទៅសង្គ្រោះបន្ទាន់ ជាថ្មីម្ដងទៀត នៅក្នុងមន្ទីរពេទ្យ មួយក្នុងរាជធានីភ្នំពេញ អស់រយៈពេល២-៣ថ្ងៃមកហើយ តែស្ថានភាពជំងឺ មិនស្រាកស្រាន្តឡើយ រហូតបានស្លាប់បាត់បង់ជីវិត វេលាទៀបភ្លឺនេះតែម្ដង។
គ្រាន់តែម្ដាយបានទទួលមរណៈភាពភ្លាម នាយ ទុយ បានបង្ហោះក្ដីទុក្ខសោកនេះ ក្នុងគេហទំព័រ ហ្វេសប៊ុករបស់លោក ប្រកាសប្រាប់មិត្តភក្តិទាំងអស់ ឲ្យបានជ្រាបជាព័ត៌មាន ពោលគឺនាយ ទុយ បានសរសេរយ៉ាងខ្លីថា "ម្ដាយខ្ញុំបានស្លាប់ហើយ"។ ពេលនោះ លោក ឡាយ អ៊ិន ដែលជាមិត្តភក្តិជិត ស្និទ្ធ បានជួយចូលរួមរំលែកទុក្ខសោកនេះភ្លាមៗ និងបញ្ជាក់បន្ថែម លើដំណឹងនេះ ថា " ពេលនេះ ម៉ោង៥ និង ៤៥ នាទី នៅវត្តសន្សំកុសល ចូលរួមបុណ្យសព ម្ដាយនាយ ទុយ" ។
បន្ទាប់ពីមានការចែករំលែក ព័ត៌មានពីមរណៈភាពនេះ ពីសំណាក់លោក ឡាយ អ៊ិន រួចហើយ ត្រូវ បានមិត្តភក្តិ ជាអ្នកសិល្បៈ ចូលរូមរំលែកទុក្ខជាបន្តបន្ទាប់ ។ ម្ដាយ នាយ ទុយ ត្រូវបានគេស្គាល់ ឈ្មោះថា នៅ សុភី បានធ្លាក់ខ្លួនឈឺ អស់រយៈពេលជិត២ឆ្នាំមកហើយ និងធ្លាប់បញ្ជូន ទៅព្យាបាល នៅក្នុងប្រទេសវៀតណាម ម្ដងរួចមកហើយ ប៉ុន្តែមិនទទួលបានលទ្ធផលល្អទេ ក្រុមគ្រួសារក៏បាន បញ្ជូនមកព្យាបាល នៅស្រុកខ្មែរវិញ ព្រោះមិនអាចទប់ទល់រាល់ការចំណាយបាន ខណៈដែល នាយ ទុយ ក៏ត្រូវបាត់បង់ការងារ នៅ CTN មួយរយៈផងដែរ។
ពេលនោះ នាយទុយ ហាក់បង្ហាញពីភាពពិបាកចិត្តយ៉ាងខ្លាំង ស្ទើរនិយាយលែងចេញ នៅពេល ដែលម្ដាយជាទីស្រឡាញ់ក៏ធ្លាក់ឈឺ ឯការងារក៏ត្រូវបាត់បង់ ប៉ុន្តែជាសំណាងមួយ នាយ ទុយ ត្រូវ បានគេអញ្ជើញឲ្យទៅសម្ដែង នៅអាមេរិក រយៈពេល៣ខែ ជាមួយនឹងតារាចម្រៀង ស៊ឹម ថៃណា និងតារាចម្រៀងផ្សេងទៀត ទើបលោក មានក្ដីសង្ឃឹមឡើងវិញបន្តិច ក្នុងការរកលុយជួយព្យាបាល ជំងឺម្ដាយ ហើយពេលត្រឡប់មកពីអាមេរិក ក៏មានការងារធ្វើនៅCTN ឡើងវិញដែរ។
ប៉ុន្តែទោះបីជាយ៉ាងណា មច្ចុរាជ ពិតជាគ្មានក្ដីមេត្តា បានមកផ្ដាច់សង្ខា ម្ដាយ នាយ ទុយ កាលពី វេលាម៉ោងជាង៥ ទៀបភ្លឺ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣នេះ ដោយសាររោគាពាធ ពោលគឺរោគរលាក ខួរក្បាលធ្ងន់ធ្ងរពេក ។ គេហទំព័រ LookingTODAY សូមចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំនេះ ជាមួយ នាយ ទុយ ក៏ដូចជាក្រុមគ្រួសារ និង សូមឲ្យដួងវិញ្ញាណក្ខន្ធ អ្នកម្ដាយរបស់លោក បានទៅកាន់ ត្រើយក្ដីសុខ និងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល