ភ្នំពេញ៖ តារាសម្ដែងល្បីល្បាញ របស់ស្ថានីយទូរទស្សន៍ អ៊ីធីវី កញ្ញា ផាន វីរ៉ាទី ហៅ ស្ពៃជ្រក់ ដែលលេខធ្លោរ តាមរយៈរឿង «កំលោះក្ដាមប្រៃក្រមុំស្ពៃជ្រក់» បានឆក់យកបេះដូង អ្នកទស្សនា មិនតិចទេ ក្រោយពីនាងបង្ហាញវត្តមាន ក្នុងរឿងភាគ ទទួលបានការ គាំទ្រខ្លាំងមួយនេះ ។ កញ្ញា ស្ពៃជ្រក់ បានក្លាយជាតារាសម្ដែងថ្មី ក្នុងការចាប់អារម្មណ៍របស់មហាជន ព្រោះនាងជាមនុស្សស្រីម្នាក់ ពោរពេញទៅដោយសមត្ថភាព ក្នុងការសម្ដែង ហើយស្អាតគួរឲ្យស្រឡាញ់ ។
កញ្ញា ផាន វីរ៉ាទី បានឈានជើងក្នុងផលិតកម្ម ថោន ដែលជាផលិតកម្មផលិតច្រៀង ដ៏ល្បីល្បាញ និងពោរពេញដោយតារាចម្រៀង មានទេពកោសល្យ ជាច្រើនដូចជា កញ្ញា មាស សុខសោភា សុគន្ធ នីសា ខេម និងករុណា ពេជ្រ ជាដើមដែលសុទ្ធសឹងជា កំពូលតារាចម្រៀងល្បីៗ ។ ថ្មីៗនេះ វត្តមាន កញ្ញា ស្ពៃជ្រក់ បានក្លាយជាដៃគូចម្រៀងថ្មី របស់លោក សុគន្ធ ថេរ៉ាយុ ដែលជាដៃគូដ៏ស័ក្តិសម ព្រោះអ្នកទាំងពីរក្មេង ស្របាក់ស្របាលគ្នា និងទឹកដមសំឡេងប្រហែលគ្នា ។
ប្រពភពីក្នុងផលិតកម្ម ថោន បាននិយាយថា វីរ៉ាទី រង់ចាំតែថ្ងៃចេញបទចម្រៀងតែប៉ុណ្ណោះ ពោលអាចចេញនៅខែក្រោយ ព្រោះខែនេះ ត្រូវចេញបទរបស់តារាចម្រៀងខ្មែរ សុរិន្ទ ចេន សាយចៃ ជាមួយ ខេម សិន ។ ចំណែកខែក្រោយពីចេញបទចម្រៀងរបស់កញ្ញា ស្ពៃជ្រក់ ហើយ ។ ប្រភពដដែល បាននិយាយថា វ៉រាទី ជាតារាចម្រៀងស្រី ដែលមានទឹកដមសំឡេងពីរោះមធ្យម តែជាមនុស្សម្នាក់មានសមត្ថភាព និង ទេពកោសល្យខ្ពស់ណាស់ ក្នុងការសម្ដែង និងរាំច្រៀង យ៉ាងប៉ិនប្រសប់ ពិសេសស្ទីលតុបតែងខ្លួន មិនចាញ់បរទេសនោះទេ ។ ពិសេសនាងបានដៃគូ ជាមួយលោក សុគន្ធ ថេរ៉ាយុទៀត កាន់តែធ្វើឲ្យនាង ឡើងកូដមួយកម្រិតទៀត ។
កញ្ញា ផាន វីរ៉ាទី បានចូលប្រឡូកសិល្បៈ ជាច្រើនឆ្នាំមកហើយ តែនាងមិនសូវលេចធ្លោរខ្លាំងឡើយ ដោយដំបូងនាងច្រៀងក្នុងក្រុមតន្ត្រីមួយ ដែលមានសមាជិកស្រី៥នាក់ ក្រោយមកក៏រំសាយ ហើយនាងព្យាយាមឈរ ក្នុងវិស័យសិល្បៈ មិនថា ពិធីការិនី សម្ដែង ឬ ច្រៀងនោះទេ ពោលគញឺនាងធ្វើទាំងអស់ ដើម្បីកុំទស្សនិកជន ភ្លេចមុខនាង ។ អ្វីដែលសំខាន់ នាងក្រសោបបានតំណែងឯក នៅស្ថានីទូរទស្សន៍ អ៊ីធីវី (ETV)កាន់តែធ្វើឲ្យនាងលេចធ្លោរឡើង ហើយអ្នកគាំទ្រក៏កើនឡើង ជាលំដាប់ ។ កាន់តែភ្ញាក់ផ្អើល នាងនឹងវិលមកធ្វើជា តារាចម្រៀងអាជីព ក្នុងផលិតកម្ម ថោន ជាមួយនឹងកម្លោះសង្ហា សុគន្ធ ថេរ៉ាយុ នៅក្នុងពេលដ៏ខ្លីខាងនេះ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល