CamNews

តន្រ្តី 

ការលួចចម្លងបទចម្រៀងពីបរទេស របស់អ្នកនិពន្ធចម្រៀងខ្មែរ មិនខុសអ្វីពីវៀតណាម កាលពី ១០ឆ្នាំមុន

កាលពីពេលថ្មីៗនេះ គេហទំព័រ Zing ដ៏ល្បីឈ្មោះរបស់ប្រទេសវៀតណាម បានធ្វើការចុះផ្សាយ
ជាបន្តបន្ទាប់នូវអត្ថបទ ស្តីពីការលួចចម្លងបទចម្រៀងរបស់គេ ជាច្រើនបទ ពីសំណាក់អ្នកនិពន្ធ
បទចម្រៀង និងអ្នកចម្រៀងខ្មែរ មួយចំនួន ដែលបានធ្វើឲ្យ ខាងផលិតកម្ម ក៏ដូចជាម្ចាស់បទ និង
អ្នកគាំទ្រវិស័យសម្រៀងគេ (វៀតណាម) មានការអាក់អន់ស្រពន់ចិត្ត និងមានប្រតិកម្មខ្លាំងៗផង
ដែរ មកលើវិស័យចម្រៀងរបស់កម្ពុជា ដែលក្នុងនោះមានអ្នកគាំទ្ររបស់គេមួយចំនួន បានឲ្យ
យោបល់ដល់ខាង ផលិតកម្ម និងអ្នកចម្រៀងជាម្ចាស់បទ ដែលត្រូវបានខាងកម្ពុជាលួចចម្លង
ដោយគ្មានការអនុញ្ញាត ធ្វើការប្តឹងមកលើខាងផលិតកម្ម ក៏ដូចជាតារាចម្រៀង ដែលបានលួច
យកបទគេទាំងនោះមកច្រៀង ថែមទៀតផង។

ជាក់ស្តែង ទន្ទឹមនឹងអត្ថបទជាច្រើន ដែលបានបកស្បែកមុខ ដ៏ក្រាស់របស់ ផលិតកម្មផលិតបទ
ចម្រៀង និងតារាចម្រៀងខ្មែរមួយចំនួន ឲ្យប្រជាជនគេបានដឹងជាសាធារណៈ ពីភាពពូកែខាង
លួចចម្លងបទចម្រៀងពីគេនេះ គេហទំព័រល្បីឈ្មោះរបស់វៀតណាមមួយនេះ ក៏បានពន្លយឲ្យដឹង
ថា ទិដ្ឋភាព នៃការលួចចម្លងពីបរទេស ក្នុងវិស័យចម្រៀងរបស់កម្ពុជាពេលនេះ វាមិនខុសអ្វីពី
វៀតណាមដែលធ្លាប់បានលួចយកពីបរទេស (ពិសេសពី ចិន) កាលពី ១០ ឆ្នាំមុននោះទេ។

តាមប្រភពដដែលបានឲ្យដឹងថា សំរាប់ប្រិយមិត្តដែលបានតាមដាន ការរីកចំរើននៃវិស័យចម្រៀង
របស់វៀតណាម កាលពី ១០ឆ្នាំមុន គឺមិនខុសអ្វីពី កម្ពុជា បច្ចុប្បន្នឡើយ។ កាលពី ១០ឆ្នាំមុន តារា
ចម្រៀងល្បីៗរបស់វៀតណាមដូចជា Lam Truong, Dan Truong, Cam Ly...ដោយសារតែបានគុណ
ការយកទំនុកភ្លេងបទចម្រៀងពីចិន ទើបធ្វើឲ្យតារាចម្រៀងទាំងនេះ មានឈ្មោះបោះសម្លេង មក
ទល់សព្វថ្ងៃនេះ។

ក្រោយៗមកទៀត ទិដ្ឋភាពវីដេអូកាយវិការ នៃបទចម្រៀងរបស់តារាចម្រៀងវៀតណាម ក៏ធ្លាប់
មាន ភាពស្រដៀងទៅនឹង MV មួយចំនួនរបស់កូរ៉េ តួយ៉ាងដូចជា តារាចម្រៀងស្រី Bao Thy ត្រូវ
បានសង្ស័យថាលួច Copy កាយវីការវីដេអូបទចម្រៀងរបស់ តារាចម្រៀងស្រីកូរ៉េ Hyun A, តារា
ចម្រៀងប្រុស Cao Thai Son ក៏មាន MV ស្រដៀងទៅនឹង MV របស់តារាចម្រៀងប្រុស ល្បីឈ្មោះ
កូរ៉េ Se7en…

យោងតាមអ្វីដែលបានរៀបរាប់ខាងលើ ពិតណាស់ វិស័យចម្រៀងរបស់វៀតណាម (រួមទាំងប្រ-
ទេស មួយចំនួនទៀត ដែលកំពុងតែមានភាពលេចធ្លោក្នុងវិស័យនេះ) កាលពីពេលមុន ពិតជា
គ្មានអ្វីអស្ចារ្យ ហើយក៏មិនសូវខុសគ្នាអ្វី ពីស្ថានភាពយើងបច្ចុប្បន្នឡើយ។ ប៉ុន្តែ ដោយសារការ
ខិតខំប្រឹងប្រែង ច្នៃប្រឌិតដោយប្រើគំនិតខ្លួនឯង ដោយការព្យាយាម ពីបណ្តាអ្នកនិពន្ធរបស់គេ
ជាបណ្តើរៗហូរហែរមក រួមផ្សំ នឹងការតែងតែចូលរួមគាំទ្រឲ្យតំលៃ ផលិតផលជាតិខ្លួន ពីសំ-
ណាក់ប្រជាជនគេមក ធ្វើឲ្យវិស័យចម្រៀងរបស់គេ មានការរីកចំរើនខ្លាំង ដូចសព្វថ្ងៃនេះ។

នេះគឺជាបទពិសោធន៍មួយ ដែលអ្នកនិពន្ធបទចម្រៀង និងតារាចម្រៀងខ្មែរមួយចំនួន ដែលពឹង
ផ្អែកស្ទើរតែទាំងស្រុង ទៅលើការលួចចម្លងពីបរទេស គួរយកមកគិតពិចារណាឡើងវិញ ហើយ
ធ្វើការអភិវឌ្ឍខ្លួនបន្តិចម្តងៗ ដោយខិតខំរិះរកច្នៃប្រឌិត អ្វីដែលថ្មីៗដោយខ្លួនវិញ, "តក់ៗ គង់តែ
ពេញបំពង់", "ព្យាយាម គង់តែសំរេច" ជាមិនខាន។

បើសិនជាមានការខិតខំរបស់អ្នកនិពន្ធ និងតារាចម្រៀងយើងហើយនោះ បញ្ហាការគាំទ្រឲ្យតំលៃ
ផលិតផលជាតិរបស់ខ្លួន ពីសំណាក់ប្រិយមិត្ត ទស្សនិកជនអ្នកស្តាប់ទាំងអស់គ្នា ក៏ជាកត្តាសំខាន់
បំផុតមួយមិនអាចខ្វះបានផងដែរ។ ពិតណាស់ អ្វីដែលដំបូង ទើបតែចាប់ផ្តើម គុណភាពពិតជានៅ
មានការ ខ្វះចន្លោះច្រើន។ ប៉ុន្តែបើសិនជាយើង អ្នកគាំទ្រទាំងអស់គ្នា ជួយផ្តល់ជាមតិយោបល់កែ
លម្អ ចំពោះអ្វីដែលយើងបានមើលឃើញថា នៅមិនទាន់ល្អដោយភាពញញឹមដល់ពួកគាត់ហើយ
នៅតែបន្តគាំទ្រ លើកទឹកចិត្តពួកគាត់ (អ្នកនិពន្ធ តារាចម្រៀងខ្មែរយើង) និងឲ្យតំលៃទៅលើកម្ម
សិទ្ធិបញ្ញា ដោយចូលរួមទិញផលិតផល Original នោះទាំងខាងផលិតកម្មផលិតបទចម្រៀង ទាំង
អ្នកនិពន្ធ (ភ្លេង និងចម្រៀង) និងទាំងតារាចម្រៀងរបស់ខ្មែរយើង នឹងមានកំលាំងចិត្ត និងខិតខំកែ
លម្អ អភិវឌ្ឍខ្លួន រិះរកអ្វីដែលថ្មី (មិនចម្លងពីគេ) ឲ្យកាន់តែល្អប្រសើរជាលំដាប់ ហើយថ្ងៃណាមួយ
វិស័យចម្រៀងរបស់ខ្មែរយើង នឹងមានការរីកចំរើន ដូចបរទេសជាក់ជាមិនខាន។

"ចូលរួមជួយវិស័យចម្រៀងរបស់ខ្មែរ ឲ្យមានភាពរីកចំរើនដោយស្នាដៃខ្លួនឯង គេចផុតពីការមើល
ងាយរបស់បរទេស ដោយចាប់ផ្តើមពីអ្នក"៕

ដោយ៖ សិលា


Tags: 10 years ago vietnam khmer copying music entertainment