ភ្នំពេញ៖ នៅក្នុងការប្រកួតបាល់ទាត់ ជម្រើសជាតិកម្ពុជា កាលពីល្ងាចម្សិលមិញនេះ គេឃើញមាន បងប្អូនប្រជាពលរដ្ឋជាច្រើន ម៉ឺននាក់បានទៅចូលរួម អបអរសាទរ និងលើកទឹកចិត្តក្រុមបាល់ទាត់ ហើយនៅក្នុងនោះ សូម្បីតែអ្នកសិល្បៈតារាសម្តែងស្រីចាស់វស្សា អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បាន ដឹកដៃ គូស្នេហ៍សំណព្វចិត្ត ទៅចូលរួមគាំទ្របាល់ទាត់កម្ពុជា កាលពីយប់មិញ ។
ជាការពិត សម្រាប់មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា វិស័យកីឡានៅកម្ពុជា ចាប់ផ្តើមរីកដុះដាលកាន់តែច្រើនថែមមួយកម្រិតទៀត ហើយទន្ទឹមជាមួយគ្នានោះ សន្ទុះនៃការគាំទ្ររបស់ ប្រជាពលរដ្ឋក៏មានកាន់តែច្រើនជាលំដាប់។ តួយ៉ាងដូចជាការប្រកួត បាល់ទាត់ជម្រើសជាតិកម្ពុជា នាល្ងាចថ្ងៃទី១៦ ខែមិថុនា ម្សិលមិញ មានអ្នកទស្សនា យ៉ាងច្រើនកុះករ ហើយក្នុងនោះ សូម្បីតែតារាសម្តែង រាងខ្ពស់ស្រឡះមានឈ្មោះល្បី អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានបង្ហាញវត្តមានចូលរួម លើកទឹកចិត្តក្រុមកីឡាករ កម្ពុជាផងដែរ ។
សូមបញ្ជាក់ដែរថា នេះជាការបរាជ័យលើកទី២ ក្នុងទឹកដីខ្លួនឯង នៃកីឡាដ្ឋានជាតិ អូឡាំពិកកម្ពុជា និងបន្តឈរនៅបាតតារាងក្នុងពូល E បណ្តោះអាសន្ន គ្មានពិន្ទុរាប់នៅឡើយ ជាមួយនឹងការបរាជ័យ ៤-០ ក្រោមថ្វីជើងរបស់សិង្ហបុរីនៅថ្ងៃបើកឆាក ខណៈដែលអាហ្វហ្គានីស្ថាន ចាញ់ស៊ីរី ៦-០ ក្នុងទឹកដី មុនមកឈ្នះកម្ពុជា ១-០ ទទួលបាន៣ពិន្ទុទាំងប្រផិតប្រផើយ ។ កម្ពុជាត្រូវធ្វើ ដំណើរទៅជួបក្រុមខ្លាំង ម្ចាស់ផ្ទះជប៉ុន នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥ ខាងមុខ ក្នុងជើងទី១ដូចគ្នា មុនទៅជួបក្រុមខ្លាំងស៊ីរី នាថ្ងៃទី០៨ កញ្ញា ឆ្នាំ២០១៥ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល