CamNews

តារា 

តារាៗ ទម្លាយរឿង​ផលិត​កម្ម Sunday ដាក់​សម្ពាធ​អ្នក​សិល្បៈ​ល្បីៗ ពេល​ទៅ​ថត​ឲ្យ Town

ភ្នំពេញៈ កាលពី២-៣ថ្ងៃមុននេះ គេសង្កេតឃើញថា មានផលិតកម្មល្បីឈ្មោះធំៗ២ គឺផលិតកម្ម សាន់ដេ និងផលិតកម្មថោន បាននាំគ្នា សម្រុកថត CVD សម្រាប់ត្រៀមទទួលស្វាគមន៍ បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ ដោយផលិតកម្មទាំងពីរ បានជ្រើសថ្ងៃថតខុសគ្នាតែមួយថ្ងៃប៉ុណ្ណោះ ធ្វើឲ្យតារាៗល្បីៗ ដែលផលិតកម្ម ទាំងពីនេះហៅថត ពិបាកក្នុងការធ្វើដំណើរ និងចែកពេលវេលាគ្នាឲ្យដាច់ ។ ទន្ទឹមជាមួយគ្នានោះ ក៏មានតារាល្បីៗ ជាច្រើន បានសម្រេចចិត្តចេញដំណើរ ទៅថតឲ្យផលិតកម្មថោន នៅសៀមរាប ខណៈដែលផលិតកម្មសានដេ ក៏កំពុងថតដូចគ្នា ពោលគឺបានចេញ ទៅទាំងមិនទាន់ថតចប់ ។ ចំណុចនេះបានធ្វើឲ្យម្ចាស់ ផលិតកម្មសាន់ដេ ខឹងសម្បារ និងបានបោះពាក្យបោះសម្ដីថា «បើតារាណារត់ទៅថត ឲ្យផលិតកម្ម ថោន ថ្ងៃក្រោយមិនបាច់មក ថតឲ្យសាន់ដេទៀតទេ» ។

បើតាមប្រភពព័ត៌មាន ពីតារាល្បីៗដែលចូលរួមថត ឲ្យផលិតកម្មទាំងពីរនេះ បានលួចបង្ហើបប្រាប់គេហទំព័រ Looking TODAY ឲ្យដឹងថា ថ្ងៃទី២៤-២៥ កន្លងទៅថ្មីៗនេះ គឺជាថ្ងៃដែលផលិតកម្មទាំងពីរនោះ នាំគ្នាថតបទចម្រៀង ត្រៀមក្នុងឱកាសបុណ្យ ចូលឆ្នាំដូចគ្នា ដោយផលិតកម្ម សាន់ដេ ថតនៅខេត្តកំពង់ស្ពឺ ហើយផលិតកម្ម ថោន ថតនៅខេត្តសៀមរាប ដែលតាមរយៈការថតនេះ បានធ្វើឲ្យតារាៗជាច្រើន មានការលំបាកជាពន់ពេក ទាំងការធ្វើដំណើរផ្លូវឆ្ងាយ និងការត្រៀមសម្លៀកបំពាក់ សម្ភារផ្សេងៗ ជាដើម ។

ប្រភពខាងលើនេះ បានប្រាប់ឲ្យដឹងទៀតថា ដោយសារតែត្រូវធ្វើដំណើរផ្លូវឆ្ងាយ ខាងតារាៗក៏ស្នើ ឲ្យខាងផលិតកម្មសាន់ដេ ជួយសម្រួលឲ្យថតចប់ កាន់តែលឿនកាន់តែល្អ ព្រោះត្រូវធ្វើដំណើរ ទៅខេត្តសៀមរាបបន្ត ។ តែដឹងអីស្រាប់ តែខាងផលិតកម្ម សាន់ដេ បោះពាក្យថា បើតារាណាទៅថតឲ្យ ផលិតកម្មមួយទៀតនោះ(ថោន) គឺមិនបាច់ថតឲ្យផលិតកម្មសាន់ដេទៀតទេ ។ ចំពោះបញ្ហានេះ ក្រុមតារាៗល្បីទាំងនោះ បានលើកឡើយថា ផលិតកម្មសាន់ដេ មិនគួរណាបន្ទោសតួសម្ដែងទេ ព្រោះផលិតកម្មថោន ជាអ្នកហៅពួកគេមុន ។ តែធម្មតាអ្នកសិល្បៈ ពេលមានគេទាក់ទងចេះតែព្រមទទួលទោះបានកម្រៃតិចក្ដីច្រើនក្ដី គឺមិនគិតទេ ព្រោះដើម្បីរក្សាទំនាក់ទំនងល្អ ទៅថ្ងៃក្រោយ ។ ប៉ុន្តែបើផលិតកម្មសាន់ដេ ធ្វើបែបនេះ ហាក់បីដូចជាដាក់គំនាប តួសម្ដែងពេកហើយ ។ ម្យ៉ាងទៀតបើ និយាយពីតម្លៃខ្លួនថតវិញ ក៏ជាចំណុចមួយដែលពួកគេត្រូវធ្វើការថ្លឹងថ្លែងដែរ ។

តាមរយៈការបង្ហាញកាយវិកាបែបនេះ ហាក់បានបញ្ជាក់ យ៉ាងច្បាស់ហើយថា ផលិតកម្មធំទាំងពីរនេះ កំពុងតែមានភាពកាច់កុងគ្នា ប្រជែងយកតារាល្បីៗ ទៅថតនៅផលិតកម្ម របស់ខ្លួនរៀងៗខ្លួន ប៉ុន្តែផលិតកម្មទាំងពីរ មិនបានគិតពីសុខទុក្ខ និងការលំបាករបស់តារាឡើយ ។ ផ្ទុយទៅវិញពួកគេបែរ ជាដាក់សម្ពាធ ធ្វើឲ្យតារាៗ នាំឲ្យពិបាកខ្លាំង មើលមុខគ្នាមិនចំនៅថ្ងៃក្រោយ។

ទាក់ទងទៅនឹងព័ត៌មាន ដ៏រសើបខាងលើនេះ ត្រូវបានលោក ឡាយ សុខចំរើន អ្នកចាត់ការទូទៅប្រចាំផលិតកម្ម សាន់ដេ បានថ្លែងប្រាប់ឲ្យដឹងថា ខាងតារាៗដូចជាអត់ មានបញ្ហាអីទេ ព្រោះពួកគាត់ បាននាំគ្នាថតទាល់តែចប់ ។ ម្យ៉ាងទៀត ការងារសិល្បៈ យើងមិនអាចទៅបិទសិទ្ធិ សេរីភាពគេបានទេ ។ ផលិតកម្ម ទាំង២ក៏ស្គាល់គ្នា គ្មានមូលហេតុអី ត្រូវកាច់កុងគ្នាឡើយ ។

លោកបានប្រាប់ឲ្យដឹងទៀតថា «ចំពោះផលិតករដូចគ្នា គឺយល់ពីគ្នា ហើយម្នាក់ៗសម្រុកថតបញ្ចប់ការងាររៀងៗខ្លួន មិនមានបំណង បំបាក់គ្នាឡើយ ។ ម្យ៉ាងទៀតពេលដែលខាងខ្ញុំ ទាក់ទងទៅតារាៗ ក៏បានសួរពួកគាត់ថា ទំនេរ អាចថតបាន ឬអត់? ហើយបើថតបាន គាត់ក៏មកថត អត់មានអីទេ។ ខ្ញុំគិតថា សម្រាប់ថ្ងៃថតនោះ គឺខ្ញុំមិនបានដឹងមុនឡើយថា ពួកខ្ញុំថតថ្ងៃជាប់គ្នាបែបនេះឡើយ …ធម្មតាឲ្យតែណាត់ អ្នកចម្រៀងគាត់ទំនេរ គឺគោលការណ៍ ខាងក្រុមហ៊ុនខ្ញុំ ចុះថតបណ្តើរៗគ្នា ព្រោះថាយើង មានបទចម្រៀងច្រើន ត្រូវថត ហើយខ្ញុំចង់ផ្តាំថា ពួកខ្ញុំសុទ្ធតែផលិតករ ដូចគ្នា គ្មានហេតុផលអី ត្រូវធ្វើបែបនោះទេ...!» ។

ដោយឡែកអ្នកគ្រប់គ្រង នៅខាងផលិតកម្ម ថោន លោក មាស សុខរតនៈ វិញ ក៏បានចេញមុខ បកស្រាយស្រដៀងគ្នាថា និយាយរួមទៅ លោកបានហៅតួតាំងពីថ្ងៃទី១-២ ខែកុម្ភៈ មកម្ល៉េះ ។ ខាងលោកក៏មិនបានដឹងថា ផលិតកម្មសាន់ដេ គេថតថ្ងៃណាឡើយ ។ «សម្រាប់ខ្ញុំធ្វើការ មិនខ្វល់លើផលិតកម្មដទៃ ឬក៏ប្រកួតប្រជែង ជាមួយខាងណាឡើយ ហើយសម្រាប់តម្លៃខ្លួននោះ ខាងខ្ញុំមិនបានផ្តល់ឲ្យច្រើន គុណនឹង២ឬ៣ ជាមួយផលិតកម្មសាន់ដេឡើយ ព្រោះថា ខ្ញុំមិនបានដឹងថា ខាងគេនោះ ឲ្យប៉ុន្មានទេ ។ សម្រាប់តម្លៃតួនីមួយៗ គឺឆ្លងកាត់ការនិយាយគ្នា មុនពេលមកថត នៅក្នុងនោះដែរ ក៏មានតួខ្លះ គាត់យោគយល់ជួយយើងខ្លះដែរ..!»។

លោក មាស សុខរតនៈ បានបន្ថែមទៀតថា នៅថ្ងៃថតចម្រៀងនោះ គឺមានតួអញ្ជើញ មកចូលរួមច្រើន ហើយតួដែលលោកបានទាក់ទង កាលពីដើមខែកុម្ភៈ ក៏គ្មានអ្នកអវត្តមានដែរ ។ លោកនៅតែបញ្ជាក់ជាថ្មីម្ដងទៀតថា លោកមិនបានដឹងឡើយថា ផលិតកម្មសាន់ដេ គេថតនៅថ្ងៃនោះ ហើយក៏គ្មានបំណងចង់ឲ្យ អ្នកណាលំបាក ឬក៏មានបញ្ហាអ្វី ដែរហើយម្នាក់ៗ ធ្វើការទៅតាមគោលការណ៍ ក្រុមហ៊ុនរៀងៗខ្លួន ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh