CamNews

ភាពយន្ត 

យ៉ាណា និង ឆាលី គូស្នេហ៍ «Love9» បញ្ហាផ្លូវភេទជារឿងធម្មតាទេ !

(ភ្នំពេញ)៖ តារាសម្តែងប្រុសស្រីមួយគូ ដែលសម្តែងក្នុងរឿង "Love 9" ដែលជាប្រភេទរឿងអប់រំ​បញ្ហាផ្លូវភេទ គឺ កញ្ញា មាន សូនីតា និង លោក សេម បានបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ដោយពួកគេទាំងពីរនាក់ នាំគ្នានិយាយពីការលំបាក និងភាពសប្បាយរីករាយក្នុងសាច់រឿង ហើយមិនតែប៉ុណ្ណោះ​តារាប្រុសស្រីមួយគូនេះ ក៏មានក្តីរំពឹងថា តាមរយៈសារអប់រំរបស់ពួកគេ និងធ្វើឲ្យយុវវ័យមានការយល់កាន់តែច្បាស់ ទៅលើការការពារខ្លួន នៅពេលដែលពួកគេ មានស្នេហា។

តារាប្រុសស្រី ដែលសម្តែងជាគូស្នេហ៍នឹងគ្នាគឺ កញ្ញា មាន សូនីតា ហៅ យ៉ាណា និង លោក សេម ហៅ ឆាលី បានបង្ហាញកាយវិការស្នេហាផ្អែមល្ហែមជាមួយគ្នា នៅក្នុងសាច់រឿង "Love 9" ប្រៀបដូចជា​គូ​ស្នេហ៍ពិតៗក្រៅឆាក បានបង្ហើបឲ្យដឹងពីគន្លឹះមួយចំនួន ដែលនិយាយពីការថតរឿង "Love 9" ទស្សនិកជនប្រាកដជាចង់ដឹងហើយថា ការសម្តែងនៅក្នុងរឿងនេះ មានការលំបាក និងងាយស្រួល​យ៉ាងណា ។

ជាមួយគ្នានោះ តារាសម្តែងមួយគូនេះ ក៏បានប្រាប់ពីការ​លំបាក នៅក្នុងការសម្តែងរឿងនោះផងដែរ ដោយពួកគេទាំងពីរនាក់ បានបង្ហើបប្រាប់ FRESH NEWS តាមទូរស័ព្ទ នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ ដោយតារាស្រីសាច់ស រូបស្អាត មានឈ្មោះ​ក្នុងរឿង "Love 9" ថា យ៉ាណា បាន​ប្រាប់​ឲ្យដឹងពីអារម្មណ៍ផ្ទាល់ខ្លួនរបស់នាងថា សម្រាប់រឿងមួយ​នេះ គឺពិតជាមានការលំបាកខ្លាំងក្នុង​ការសម្តែង ក៏ដូចជាការប្រើពាក្យពេចន៍ ព្រោះថារឿងនេះគឺមាន​បង្កប់ន័យអប់រំ ទៅលើបញ្ហាផ្លូវភេទ ក៏ដូចជាអប់រំទៅលើយុវវ័យ ដែលដើរផ្លូវខុស ហើយអាចងាក​ក្រោយមកកែខ្លួនជាថ្មីជាដើម ។

តារាស្រីរូបនេះបានប្រាប់ឲ្យដឹង បន្តលាយឡំ និងសំឡេងសើច តិចៗថា "នេះជាលើកទីមួយហើយបង ដែលខ្ញុំថតរឿងហើយនិយាយដោយបើកចំហរ លើបញ្ហាទាំងអស់នោះ (បញ្ហាផ្លូវភេទ) ដូចនៅក្នុងឈុតមួយ គឺអ្នកដឹកនាំតម្រូវឲ្យខ្ញុំនិយាយពាក្យថា អាវភ្លៀង (ស្រោមអនាម័យ) ពេលនោះខ្ញុំពិតជាមានអារម្មណ៍អៀនខ្មាសខ្លាំងណាស់ តែក្រោយមកខ្ញុំក៏សម្រួលអារម្មណ៍ ដោយគិតថារឿងនោះ ជារឿងធ​ម្មតាសម្រាប់មនុស្សគ្រប់រូប ហើយវាក៏ជារឿងបើកចំហរយូរហើយ ” ។

ទន្ទឹមជាមួយគ្នានោះ តារាសម្តែងបុរសសង្ហារ ដែលមានចរិករួសរាយ ក្រមិចក្រមើម លោក សេម ហៅ ឆាលី ក៏បានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនថា “ខ្ញុំមានអារម្មណ៍ថា សប្បាយរីករាយខ្លាំងណាស់ ដែលបានចូលរួមថតនៅក្នុងរឿងមួយនេះ ព្រោះថារឿងនេះ គឺបានឆ្លុះបញ្ចាំងពីរឿងពិត ដូចជាបញ្ហាផ្លូវភេទនេះ​ជាដើម ហើយឆ្លៀតពេលនេះ ខ្ញុំក៏ចង់ផ្ញើសារខ្លីមួយបន្ថែមទៀតថា សម្រាប់យុវវ័យ​ដែលមាន​អាយុ ១៧ឆ្នាំ ត្រូវស្វែងយល់ពីបញ្ហាផ្លូវភេទឲ្យច្បាស់ ហើយត្រូវចេះការពារខ្លួន និងប្រើប្រាស់ស្រោម​អនាម័យផង ហើយម្យ៉ាងទៀត នៅក្នុងវ័យសិក្សាគួរណាស់ តែកុំទាន់ចង់ចាប់ផ្តើមរឿងស្នេហាអី”៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល

 


Tags: National news local news social news Cambodia Khmer Asia Phnom Penh