ភ្នំពេញ៖ ចាប់តាំងពីតារាសម្តែង ចាស់វស្សា អ្នកនាង ចន ច័ន្ទលក្ខិណា ចាប់ផ្តើមមានទំនាក់ទំនង ស្នេហា ជាមួយបុរសអ្នកជំនួញមក គេសង្កេតឃើញថា ជានិច្ចកាល ពួកគេទាំងពីរ ហាក់បង្ហាញពីភាពផ្អែមល្ហែម កៀកកើយស្អិតដូចស្ករតាំងម៉ែ បណ្តើរគ្នាត្រសងទៅគ្រប់ទីកន្លែង បេះមិនចេញនោះទេ ។
ពិធីការិនីល្បីឈ្មោះ ប្រចាំស្ថានីយទូរទស្សន៍បាយ័ន អ្នកមេម៉ាយចាយសម្រស់ អ្នកនាង ចន ច័ន្ទលក្ខិណា មួយរយៈពេលចុងក្រោយនេះ គេឃើញនាងឧស្សាហ៍ ចេញទៅណាមកណា បណ្តើរគូស្នេហ៍មិនដាច់នោះទេ ។ មិនតែប៉ុណ្ណោះ ជារឿយៗគូស្នេហ៍ វ័យជ្រេមួយនេះ តែងតែបណ្តើរគ្នា ទៅដើរកម្សាន្តនៅក្រៅប្រទេស នៅតាមខេត្តដាច់ស្រយាល ដើម្បីបង្កើនអនុស្សាវរីយ៍ស្នេហ៍ ឲ្យបានច្រើនជាមួយគ្នា ។ ជាក់ស្តែងថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៍អង្គរសង្គ្រាន្ត នៃពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ កន្លងទៅថ្មិៗនេះ នាងបានបណ្តើរសង្សារ ទៅចូលរួមចេញ និងបានមុខចេញមាត់ជាសាធារណៈ ដោយមិនខ្វល់ និងក្រសែភ្នែកសម្លឹងមើល នាងនិងសង្សារឡើយ ។
បើតាមប្រភពពី អ្នកជិតដិតគូស្នេហ៍មួយគូនេះ បានលួចបង្ហើបប្រាប់ឲ្យដឹងថា អ្នកទាំងពីរ ស្រលាញ់គ្នាខ្លាំងណាស់ ប្រៀបដូចជាលលកញីឈ្មោល ទៅណាត្រសងមិនអាចខ្វះអ្នកណាបានទេ ។ លើសពីនេះ បុរសអ្នកជំនួញធម្មតាៗ លោក ហេង រដ្ឋ ហៅឡុង ដែលជាគូស្នេហ៍ តែងតែតាមហួងហែងនាងគ្រប់ទីកន្លែង មិនថានាងទៅធ្វើការនៅកន្លែងណាទេ គឺលោកតែងទៅតាមនាង មិនដាច់ឡើយ ព្រោះថាបុរសម្នាក់នេះស្រឡាញ់នាងខ្លាំង មិនចង់ឲ្យនាងរស់នៅឃ្លាតឆ្ងាយពីដើមទ្រូងលោកឡើយ ។
ដោយសារតែការស្រឡាញ់ ធ្វើឲ្យលោកក្លាយទៅជាអ្នក ដែលពូកែប្រច័ណ្ឌ។ ដូច្នេះ បើអ្នកនាង ចនច័ន្ទ មិនចង់ធ្វើឲ្យស្នេហា ជួបភាពរកាំរកូស គឺទាល់តែបណ្តើរសង្សារទៅ តាមគ្រប់កន្លែង ទើបធ្វើឲ្យគូស្នេហ៍ មួយគូនេះ នៅផ្អែមល្ហែមជាមួយគ្នា ជារៀងរហូត ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល