ព័ត៌មានអន្តរជាតិ ៖ មនុស្សស្លាប់ដោយសារ គ្រោះរញ្ជួយដីនៅចិន បានកើនឡើងរហូតដល់ ៣៦៧ នាក់ និង បង្ករបួស ដល់់មនុស្ស ១.៨៨១នាក់ផ្សេងទៀត បន្ទាប់ពីកម្លាំងញ័ររញ្ជូយកម្រិត ៦,៥ នៃ រង្វាស់រិកទ័រ បានវាយប្រហារខេត្តយូណាន ភាពនិរតីប្រទេសចិន កាលពីល្ងាចថ្ងៃអាទិត្យ ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃចន្ទ ទី០៤ ខែសីហា ឆ្នាំ ២០១៤ នេះ ដោយដក ស្រង់សម្តីពី មន្ត្រីសង្គ្រោះចិននៅតំបន់ កើតហេតុថា នៅក្នុងសង្កាត់ លូទៀន នៃទីក្រុងហ្សាវតុងមាន ប្រជាជនស្លាប់ច្រើន ជាងគេរហូតដល់ទៅ ២៩៦នាក់ និង ១.៥៩១នាក់ ទៀតរបួស។ ដោយឡែកនៅ សង្កាត់ កៅជា ទីក្រុង ដដែល មានប្រជាជនស្លាប់ ៦០នាក់ និង របួស ១៩៣នាក់ ព្រម ទាំងសង្កាត់ ហ៊ុយហ្សេ នៃក្រុមគូជីង មានមនុស្សស្លាប់ ១០នាក់ និង របួស ៩៧នាក់ផងដែរ។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដី ដ៏កក្រើកខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០ នាទី ល្ងាច ម៉ោងនៅក្នុងខេត្តតំបន់ ដែលមានជម្រៅពី ក្នុងដីប្រមាណ១២គីឡូម៉ែត្រ ប្រភពពី មជ្ឈមណ្ឌល បណ្តាញ ព្យាករណ៍រញ្ជួយដី ចិនបាន អះអាងទៀតថា គ្រោះរញ្ជួនដី បានវាយប្រហារ ធ្ងន់ធ្ងរបំផុត នៅរយៈចម្ងាយ ២៣គីឡូម៉ែត្រ ពីសាលាសង្កាត់លូទៀន នៃទីក្រុង ហ្សាវតុង របស់ ខេត្តយូណាន។
ឆ្លើយតបចំពោះគ្រោះមហន្តរាយ នេះ សេតវិមានអាម៉េរិកនៅថ្ងៃចន្ទ នេះបានសម្តែងនូវ សមានទុក្ខ ជូនចំពោះរដ្ឋាភិបាល សាច់ញាតិជនរងគ្រោះ និង ប្រជាជនចិនទាំងអស់ ដែលបាន បាត់បង់ អាយុ ជីវិត និង រងរបួស ប្រជាជនរាប់ពាន់នាក់ នៅខេត្តយូណាន។ អ្នកនាំពាក្យ ក្រុមប្រឹក្សាសន្តិសុខជាតិ អាម៉េរិក លោកស្រី ប៊ឺណាដេតតេ មីហេន បានថ្លែងថា នៅក្នុង ស្ថានភាពដ៏យ៉ាប់យឺននេះ អាម៉េរិក បានត្រៀមខ្លួន រួចជាស្រេចក្នុងការ ជួយប្រទេសចិនភ្លាមៗ ប្រសិនបើភាគីចិនត្រូវការ៕
ប្រភព ៖ ដើមអម្ពិល ប៊ីប៊ីស៊ី និង ស៊ិនហួរ