ភ្នំពេញ៖ ភរិយារូបស្រស់ របស់មហាសេដ្ឋីស្រុកខ្មែរ អ្នកឧកញ៉ា គិត ម៉េង គឺលោកស្រី ម៉ៅ ចំណាន ហៅស្រីតូច ចំណាន បានសរសេរថ្លែង ជាសាធារណៈ នៅ Account Facebook របស់ខ្លួន នៅម៉ោងប្រមាណ ៣៖០០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមេសាឆ្នាំ២០១៥នេះថា « បន្ទាប់ពីនាងខ្ញុំបានដាក់ពាក្យបណ្តឹង ជូនអគ្គស្នងការនគរបាលជាតិ ដើម្បីមាន វិធានការ ចាប់ជនខិលខូចដែលក្លែងបន្លំប្រើប្រាស់ឈ្មោះ និងរូបថតនាងខ្ញុំនៅលើបណ្តាញសង្គមហ្វ៊េសប៊ុករួចមក បច្ចុប្បន្ននេះ គណនីហ្វេសប៊ុកទាំងពីរ ត្រូវបានជនល្មើសបិទ ដើម្បីរត់គេចចេញ ពីសំណាញ់ច្បាប់ហើយ ។ ចំណែក គណនីហ្វេស ប៊ុកមួយចំនួនទៀត ដែលក្លែងបន្លំ ប្រើប្រាស់ឈ្មោះ និងរូបថតនាងខ្ញុំ ខ្លះក៏បានបិទគណនី ចោលហើយ និងខ្លះទៀត មិនទាន់បានបិទគណនីចោល នៅឡើយទេ បន្ទាប់ពីនាងខ្ញុំ បានធ្វើការជូនដំណឹងទៅ ដល់ម្ចាស់គណនី ទាំងអស់នោះរួចមក» ។
លោកស្រី ស្រីតូច ចំណាន បានសរសេរបន្តថា «ដូច្នេះនាងខ្ញុំសូមធ្វើការរំឭកជាលើកចុងក្រោយ ទៅដល់ម្ចាស់គណនី ហ្វេសប៊ុក ដែលក្លែងបន្លំប្រើប្រាស់ឈ្មោះនិងរូបថតនាងខ្ញុំ ដែលមិនទាន់បានបិទគណនីចោលនោះ (ដូចមានឈ្មោះ និងអាស័យដ្ឋានដាក់បង្ហាញ នៅខាងក្រោមនេះ) មេត្តាប្រញាប់បិទគណនីទាំងអស់នោះ ចោលជាបន្ទាន់ មុនពេល នាងខ្ញុំ មិនទាន់បន្តដាក់ពាក្យបណ្តឹង ជូនអគ្គស្នងការនគរបាលជាតិ ដើម្បីធ្វើការស្រាវជ្រាវ នឹងចុះចាប់ទៀតនោះ» ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៥ នេះ លោកស្រី ម៉ៅ ចំណាន ហៅ ស្រីតូច ចំណាន បានដាក់ពាក្យ ប្ដឹងទៅកាន់ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចំពោះអ្នកបន្លំឈ្មោះ Account Facebook របស់លោក ស្រី ដើម្បីចាត់ការតាមផ្លូវច្បាប់ ប៉ុន្តែរហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងថា ពាក្យបណ្ដឹងនោះ មានចំណាត់ការ ដល់ណានោះទេ ។ ទោះជាយ៉ាងណា តាមរយៈសារព្រមានជាថ្មីនេះ អាចបញ្ជាក់បានថា ជនខិលខូច ពិតជាមាន ចេតនាគេចវេចពីសំណាញ់ច្បាប់ បានជាមាន Account Facebook ខ្លះដែលបន្លំឈ្មោះនោះត្រូវបានបិទ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល