ភ្នំពេញ៖ តារាសម្តែងស្រីសិចស៊ី និយមស្លៀកពាក់ បញ្ចេញសាច់ដើមទ្រូង កញ្ញា វ៉ាង ស្រីណូ ក្រោយពីផ្អាកការងារសិល្បៈ កាលពី ពេលកន្លងទៅនោះ ត្រូវបានទស្សនិកជន ជាច្រើនគិតថា នាងបានរស់នៅលើគំនរមាសប្រាក់យ៉ាងសម្បូរសប្បាយ មិនខ្វល់ខ្វាយ អ្វីឡើយ ។ តែអ្វីដែលគួរឲ្យមហាជន មានការងឿងឆ្ងល់នោះ គឺពេលថ្មីៗនេះ នាងបានវិលមកផ្តើមការងារសិល្បៈជាថ្មី យ៉ាងជោគជាំ ក្នុងនោះក៏បានចាយទុនរាប់ម៉ឺនដុល្លារ បើកហាងលក់សម្លៀកបំពាក់ និងលក់ឡេលាបខ្លួន បន្ថែមពីអាជីពសិល្បៈទៀតផង។
ជាទូទៅសម្រាប់អ្នកសិល្បៈ ក្រៅពីការងារនេះ ទស្សនិកជនសង្កេតឃើញថា ពួកគេតែងតែបង្កើត មុខរបររកស៊ីផ្ទាល់ខ្លួនដើម្បីរក ប្រាក់ចំណូលបន្ថែម ហើយនៅក្នុងនោះ សូម្បីតែតារាស្រីរូបស្អាត សាច់សរម៉ដ្ឋរលោង កញ្ញា វ៉ាង ស្រីណូ ក៏បានចាយទុនរាប់ម៉ឺន ដុល្លារ បើកហាងលក់សម្លៀកបំពាក់ នាំចូលពីបរទេស និងឡេលាបខ្លួនឲ្យសរខ្ចី ដោយជារឿយៗនាងតែងតែខំប្រឹង បង្អួតម៉ូដខោ អាវថ្មីៗ និងផលិតផលជាច្រើន នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ផ្ទាល់ខ្លួនរបស់នាង ។
បើតាមប្រភព ពីអ្នកនៅជិតដិត តារាសម្បូរសាច់ដើមទ្រូងរូបនេះ បានបង្ហើបប្រាប់ឲ្យដឹងថា កាលដែលស្រីណូ បើកហាងលក់ សម្លៀកបំពាក់ នេះគឺមិនមានអ្វីប៉ះពាល់ ជាមួយការងារសិល្បៈទេ។ ម្យ៉ាងទៀតនាងក៏ឧស្សាហ៍ឡើងចុះក្រៅប្រទេសស្រាប់ផង ហេតុដូច្នេះបើបើកមុខរបរផ្ទាល់ខ្លួនបន្ថែម ទៀតក៏គ្មានបញ្ហាដែរ ។
ប្រភពខាងលើ បានប្រាប់ឲ្យដឹងទៀតថា ដំបូងឡើយ ស្រីណូ បើកលក់សម្លៀកបំពាក់ តាម Online តែដោយសារតែទទួល បានការគាំទ្រ នាងក៏សម្រេចចិត្ត ចាយទុនបន្ថែមទៀត បើកហាងធំតែម្ដង ដែលមានទីតាំង នៅផ្ទះលេខ ៩B , St 368 ,សង្កាត់បឹងកេងកង៣, ខណ្ឌចំការមន ,រាជធានីភ្នំពេញ ។ នៅក្នុងហាងរបស់នាង គឺមានលក់សម្លៀកបំពាក់ បែបយុវវ័យ ទាំងបុរស ស្ត្រី ស្បែកជើង និងមានលក់ឡេលាបខ្លួន ឲ្យសទៀតផង ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល