CamNews

ព័ត៌មានអន្តរជាតិ 

អ៊ីរ៉ង់ប្រហារជីវិតអ្នកវិទ្យាសាស្ដ្រនុយក្លេអែរ ព្រោះតែផ្ដល់ព័ត៌មានសំខាន់ ឱ្យអាមេរិក

ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី ៧សីហាកន្លងទៅ បានទទួលស្គាល់ជាផ្លូវការថា បានប្រហារជីវិតអ្នកវិទ្យា
សាស្ដ្រ Shahram Amiri ក្រោមបទចោទប្រកាន់ថា បានប្រព្រឹត្តិអំពើចារកម្ម នៅពេលផ្ដល់ព័ត៌
មានអំពីកម្មវិធីនុយក្លេអែររបស់ប្រទេសនេះ ទៅឱ្យអាមេរិក។



BBC បានចេញផ្សាយថា អ្នកនាំពាក្យតុលាការអ៊ីរ៉ង់ Gholamhosein Mohseni Ejehi បានឱ្យដឹង
ថា អ្នកវិទ្យាសាស្ដ្រនុយក្លេអែរ Shahram Amiri អាយុ ៣៩ឆ្នាំ ត្រូវបានកាត់ទោសប្រហារជីវិត ព្រោះ
តែបាន “ផ្ដល់ព័ត៌មានសំខាន់របស់ប្រទេសជាតិ ទៅឱ្យសត្រូវ តាមរយៈទំនាក់ទំនងនៅអាមេរិក”។

កាលពីថ្ងៃទី ៦សីហា ម្ដាយរបស់ Amiri ប្រាប់ថា សាកសពកូនប្រុសរបស់អ្នកស្រី ត្រូវបានប្រគល់មក
ឱ្យគ្រួសារ ជាមួយនឹងខ្សែនៅជាប់នឹងកនៅឡើយ។ ប្រការនេះ បញ្ជាក់ថា អ្នកវិទ្យាសាស្ដ្ររូបនេះ ត្រូវ
បានប្រហារជីវិតដោយព្យួរ ក។

សូមបញ្ជាក់ថា អ្នកវិទ្យាសាស្ដ្រ Amiri កាលពីឆ្នាំ ២០០៩ បានបាត់ខ្លួនដោយមិនដឹងមូលហេតុ នៅ
ពេលចូលរួមក្នុងពិធីដង្ហែធម្មយាត្រាទៅកាន់ទីសក្ការៈបូជាសាសនាអ៊ីស្លាម នៅអារ៉ាប៊ី សាអូឌីត។ មួយ
ឆ្នាំក្រោយមក លោក Amiri ត្រូវបានគេឃើញ មានវត្តមាននៅក្នុងវីដេអូមួយដែលថតនៅអាមេរិក
ជាកន្លែងដែលលោកនិយាយថា លោកត្រូវបានក្រសួងស៊ើបការសម្ងាត់អាមេរិក (CIA) ចាប់ខ្លួន និង
បង្ខំឱ្យលោក ប្រាប់អំពីព័ត៌មានសំខាន់របស់ប្រទេសជាតិ។ ប៉ុន្តែ មន្ដ្រីអាមេរិកនិយាយថា Amiri
បានក្បត់ប្រទេសជាតិខ្លួន ដោយបានផ្ដល់ព័ត៌មានដែលមានប្រយោជន៍ដល់ក្រុងវ៉ាសីងតោន ទាក់ទឹន
នឹងកម្មវិធីនុក្លេអែររបស់អ៊ីរ៉ង់។

ទំព័រ Washington Post ចេញផ្សាយថា កាលពីខែកក្កដា ឆ្នាំ ២០១០ នៅពេលដែល Amiri ត្រឡប់
ទៅកាន់ក្រុងតេអេរ៉ង់ លោកត្រូវបានគេជឿថា បានទទួលប្រាក់ ៥លានដុល្លារអាមេរិក ជាថ្នូរនឹងការ
ផ្ដល់ព័ត៌មានស្ដីពីកម្មវិធីនុយក្លេអែររបស់អ៊ីរ៉ង់ ទៅឱ្យ CIA។

ក្រោយពីបានត្រឡប់មកកាន់ក្រុងតេអេរ៉ង់ លោក Amiri ត្រូវបានគេទទួលស្វាគមន៍ដូចទៅនឹងអ្នក
ក្លាហានម្នាក់ ដោយសារតែបានគេចផុតពី CIA។ ប៉ុន្តែ បន្ទាប់មក សារព័ត៌មានអ៊ីរ៉ង់ បានចុះផ្សាយថា
លោក Amiri ត្រូវបានចាប់ខ្លួនពីបទក្បត់ជាតិ។ បច្ចុប្បន្ន មិនទាន់មានព័ត៌មានផ្លូវការណាមួយស្ដី
អំពីអ្វីដែលបានកើតឡើង ក្នុងអំឡុងពេលតុលាការអ៊ីរ៉ង់ឃុំខ្លួន និងកាត់ក្ដី អ្នកវិទ្យាសាស្ដ្រនុយក្លេអែរ
នេះនៅឡើយ៕

ប្រែសម្រួល ៖ បុត្រា


Tags: អ៊ីរ៉ង់ អ្នកវិទ្យាសាស្ដ្រ នុយក្លេអែរ ប្រហារជីវិត