ភ្នំពេញ៖ គង់ ចាន់រដ្ឋា បច្ចុប្បន្ននេះ ត្រូវបានគេដឹងថា នាងកំពុងតែស្នាក់នៅសម្តែង លើទឹកដី ប្រទេសមហាអំណាច លោក បារ៉ាក់ អូបាម៉ា ជាមួយនឹងភាពជោគជ័យខ្លាំង ក្រោយពេល តារា ស្រីរូបនេះ បានចាកចេញ ពីកម្ពុជាកាលពីអំឡុងចុង ខែមីនា ឆ្នាំ២០១៤ កន្លងមកនេះ។
ជាការកត់សម្គាល់ ចាប់តាំងពី កញ្ញា គង់ ចាន់រដ្ឋា បានទៅដល់ និងស្នាក់នៅច្រៀង លើដីសហ រដ្ឋអាមេរិក អស់មួយ រយៈមកនេះ តែងមានព័ត៌មានថា នាងត្រូវបានការយកចិត្ត និងគាំទ្រខ្លាំង ពីសំណាក់បងប្អូនខ្មែរ រស់នៅទីនោះ ចំពោះ អត្តចរិតរួសរាយ រាក់ទាក់មិនឆ្មើងឆ្មៃ ពីសំណាក់ តារាចម្រៀង របស់ខ្មែរ នាង គង់ ចាន់រដ្ឋា។ មិនតែប៉ុណ្ណោះ ដោយសារ ការស្រឡាញ់ រាប់អាន ខ្លាំង រដ្ឋា ក៏តែងទទួលបានការ អញ្ជើញចូលរួម ក្នុងកម្មវិធីជប់លៀង នៅតាមហាង និងតាម គេហដ្ឋាន ទៀតផង។
យ៉ាងណាក្តី ដោយសារតែការជោគជ័យ បូករួមនឹងការសប្បាយចិត្ត នៅលើទឹកដីប្រទេស អាមេរិក រហូតធ្វើឲ្យតារាចម្រៀង គង់ ចាន់រដ្ឋា ភេ្លចគិតទៅដល់ការថែរក្សារាង បណ្តោយខ្លួន ឲ្យឡើងទម្ងន់រហូតដល់៤គីឡូ បន្ថែមទៀត ព្រោះតែការញ៉ាំ អាហារច្រើនពេក។
ឆ្លើយឆ្លងគេហទំព័រ LookingTODAY តាមសារអេឡិចត្រូនិច នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០១៤ នេះកញ្ញា គង់ ចាន់រដ្ឋា បានប្រាប់ឲ្យដឹងថា សម្រាប់ការងារ និងសុខភាពរបស់នាង មិនមានបញ្ហាអ្វីទេ ។ ប៉ុន្តែនាងពិបាកចិត្ត ព្រោះឡើងគីឡូ ច្រើនពេក។ គង់ ចាន់រដ្ឋា បានបន្តថា មូលហេតុនាំឲ្យនាងឡើងទម្ងន់ ព្រោះនៅទីនោះ មានភាពត្រជាក់ ហើយធ្វើឲ្យនាងញ៉ាំ អីក៏ ឆ្ងាញ់ និងបានច្រើន។ ម្យ៉ាងទៀត មកពីនាងសប្បាយចិត្ត ព្រោះបងប្អូននៅទីនោះ ចាប់អារម្មណ៍គាំទ្រច្រើន មកលើខ្លួន។
តារាចម្រៀងកញ្ញា គង់ ចាន់រដ្ឋា បានចាកចេញពីស្រុកខ្មែរ ទៅចម្រៀង និងសម្តែងនៅ សហ រដ្ឋអាមេរិក កាលពីអំឡុងចុង ខែមីនា ឆ្នាំ២០១៤តាមរយៈប្រធាន សមាគមខ្មែរ នៅទីនោះ ជា អ្នកធានាចេញទៅ។ បើតាមគម្រោង គឺតម្រូវឱ្យ នាងស្នាក់ នៅទីនោះ រយៈពេល៣ខែ ទើប វិលត្រឡប់ មកស្រុកខ្មែរវិញ៕
ផ្តល់សិទ្ធិ ៖ ដើមអំពិល