ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ២១ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈមនុស្ស ប្រាំពីរនាក់ផ្សេងទៀត បានទទួលរងរបួស ធ្ងន់ និង ស្រាល ក្រោយពីមានគ្រោះអគ្គីភ័យ ឆាបឆេះ មន្ទីរពេទ្យមួយកន្លែង យ៉ាងសន្ធោសន្ធៅ នាវេលាព្រឹកថ្ងៃពុធនេះ នៅឯភាគខាងត្បូង ប្រទេសកូរ៉េ ខាងត្បូង ភ្នាក់ងារ សារព័ត៌មានក្នុងស្រុក Yonhap រាយការណ៍អោយដឹង ក្រោយពីបានដកស្រង់ សម្តីមន្រ្តីផ្លូវការ ប្រចាំតំបន់ ។
ជាការពិត ក្នុងរយៈពេល ៣០ នាទី ព្រឹកមិញនេះ គេឃើញមាន មានគ្រោះអគ្គីភ័យឆាបឆេះយ៉ាង សន្ធោសន្ធៅទៅលើ មន្ទីរពេទ្យមួយកន្លែង ដែលមានទីតាំងនៅក្នុងខេត្ត Jeolla ភាគខាងត្បូងប្រ ទេសកូរ៉េខាងត្បូង ដោយនៅក្នុងនោះ ផ្សែរខ្មួរខ្មាញ់ ក៏បានឆក់ យកជីវិតមនុស្សមិនតិចនោះទេ ក្រោយពីវាបានធ្វើអោយក្រុមអ្នកជម្ងឺទាំងនោះ ឈ្លក់ ។ បន្ថែមពីលើនេះ ភ្នាក់ងារសារព័ត៌មានក្នុង ស្រុក បញ្ជាក់បន្ថែមបានថា គ្រោះអគ្គីភ័យមួយនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង២៧ នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃពុធ នេះ (ម៉ោងក្នុងស្រុក ប្រទេសកូរ៉េ) ។
គួរបញ្ជាក់ថា មន្ទីរពេទ្យខាងលើនេះ មានក្រុមអ្នកជម្ងឺ ចន្លោះពី ៣០ ទៅ ៤០ នាក់បូករួមទាំងក្រុម ការងារ ជាច្រើននាក់ផ្សេងទៀត ។ អំឡុងពេលដែលមានគ្រោះអគ្គីភ័យ បានឆាបឆេះរោលរាល មួយរំពេច ក្រុមអ្នកជម្ងឺនៅជាន់ទី ១ បាន រត់ភៀសខ្លួន បានទាន់ពេល ខណៈក្រុមអ្នកជម្ងឺ ក៏ដូច ជាក្រុមការងារ នៅជាន់ទី ២ ពួកគេ រត់មិនទាន់នោះទេ ។
លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា ក្រុមអ្នកជម្ងឺភាគច្រើន មានអាយុចន្លោះ ពី ៧០ ទៅ ៨០ ឆ្នាំ ពោល សុទ្ធសឹង ជាអ្នកជម្ងឺចាស់ជរា ហើយ ខណៈពេលដែលពួកគាត់ អាច មានចលនាបំលាស់ទី បានតែតិចតួចតែប៉ុណ្ណោះ ។ ក្រោយគ្រោះអគ្គីភ័យ មនុស្ស ៦ នាក់ទទួល រងរបួសធ្ងន់ ខណៈចំនួនអ្នកស្លាប់ ក្រុមការងារ បញ្ជាក់ថា អាចនឹងកើនឡើង លើសពីនេះ ដោយ នៅក្នុងនោះ មូលហេតុ នាំអោយមានគ្រោះ អគ្គីភ័យលើកនេះ ពុំទាន់បានដឹងនៅឡើយនោះទេ ពោលកំពុងស្ថិតនៅក្រោម ការតាមដានស៊ើបអង្កេត នៅឡើយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ