ភ្នំពេញ៖ ទីបំផុតសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានសម្រេចតែងតាំងលោក Ohara Kazunori ជនជាតិជប៉ុន និងជានាយកបច្ចេកទេសថ្មីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ធ្វើជាគ្រូបង្វឹកថ្មីរបស់ក្រុម បាល់ទាត់ជម្រើសជាតិកម្ពុជា (ឈុតធំ) បណ្តោះអាសន្ន សម្រាប់ត្រៀមប្រយុទ្ធក្នុងការប្រកួតជម្រុះពានរង្វាន់ FIFA World Cup Russia 2018 ជុំទី២ប្រចាំទ្វីបអាស៊ី ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១១ ខែមិថុនាខាងមុខនេះ ។
បើតាមការអះអាងរបស់អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាលោក ខៀវ សាម៉េត បានឲ្យដឹងថា ដោយសារតែឆ្នាំ នេះ ថ្នាក់ដឹកនាំសហព័ន្ធផ្ដោតសំខាន់ទៅលើព្រឹត្តិការណ៍ SEA Games លើកទី២៨ នៅសិង្ហបុរីនោះ ថ្នាក់ដឹកនាំក៏បានផ្ដល់អាទិភាពពិសេសដល់គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងលោក Lee Tae Hoon ឲ្យដឹកនាំក្រុមជម្រើសជាតិអាយុ ក្រោម២៣ឆ្នាំ (U-23) កម្ពុជាមួយឈុត ដើម្បីធ្វើការប្រកួតប្រជែងធ្វើយ៉ាងណាឲ្យឆ្លងផុតវគ្គជម្រុះក្នុងពូល និងឈានទៅ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឲ្យបានផងដែរ ។
លោក ខៀវ សាម៉េត បានបញ្ជាក់ទៀតថា ស្របពេលព្រឹត្តិការណ៍ SEA Games លើកទី២៨ និងការប្រកួតវគ្គជម្រុះ World Cup ជុំទី២ ចាប់ផ្ដើមប្រកួតស្របាលៗគ្នានោះលោក Lee មិនអាចងាកទៅដឹកនាំក្រុមឈុតធំផង និងក្រុម U-23 ផងដែរបានទេ ហេតុនេះហើយទើបសហព័ន្ធក៏សម្រេចជ្រើសរើសគ្រូបង្វឹកថ្មីមួយរូបទៀត ដើម្បីដឹកនាំក្រុមឈុតធំ កម្ពុជាជំនួសកៅអីលោក Lee ទៅប្រកួតក្នុងក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកតែម្ដង ។
អនុប្រធាន FFC ខាងលើបានបន្ដថា ក្រោយឆ្លងកាត់ការពិភាក្សាយ៉ាងហ្មត់ចត់ពីសំណាក់ថ្នាក់ដឹកនាំសហព័ន្ធកីឡា បាល់ទាត់កម្ពុជា ទើបសម្រេចតែងតាំងលោក Ohara Kazunori ធ្វើជាគ្រូបង្វឹករបស់ក្រុមឈុតធំកម្ពុជា ព្រោះជនជាតិ ជប៉ុនរូបនេះ មុននឹងផ្លាស់មកធ្វើជានាយកបច្ចេកទេសរបស់ FFC លោកក៏ធ្លាប់ដឹកនាំក្រុមជម្រើសជាតិប៉ូតង់បាន ៣រដូវ កាលផងដែរ (២០១២-២០១៤) ។ ដូច្នេះលោក Ohara Kazunori ច្បាស់ជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ ក្រុមជម្រើសជាតិកម្ពុជា ក្នុងយុទ្ធនាការប្រកួតជម្រុះពានរង្វាន់ World Cup នាពេលខាងមុខ ។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតជម្រុះ World Cup ជុំទី២ប្រចាំទ្វីបអាស៊ីនេះ កម្ពុជា គឺស្ថិតក្នុងពូល E ជាមួយក្រុម ជម្រើសជាតិជប៉ុន ស៊ីរី អាហ្វហ្គានីស្ថាន និងសិង្ហបុរី ខណៈមួយប្រកួតបើកឆាករបស់កម្ពុជា នឹងចាប់ផ្ដើមនៅថ្ងៃទី១១ ខែមិថុនាខាងមុខ ស្វាគមន៍ក្រុមភ្ញៀវសិង្ហបុរី ក្នុងទឹកដីខ្លួនឯងនៅពហុកីឡដ្ឋានជាតិ ។ រីឯព្រឹត្តិការណ៍ SEA Games វិញ កម្ពុជាស្ថិតក្នុងពូល A ជាមួយក្រុមម្ចាស់ផ្ទះសិង្ហបុរី ហ្វីលីពីន មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ដែលការប្រកួតនឹងចាប់ ផ្ដើមនៅចុងខែឧសភា មុន World Cup ១ខែ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល