ព័ត៌មានអន្តរជាតិ ៖ ស្រ្តីម្នាក់មកពីរដ្ឋ Virginia បានប្តឹងក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ដោយអះអាងថា អ្នកបម្រើលើយន្ដហោះ បានធ្វើកំពប់ស្រោចកាហ្វេក្ដីលើភ្លៅរបស់គាត់ ដែលបណ្តាលឱ្យមានការរលាកធ្ងន់ធ្ងរ នេះបើយោងតាមពាក្យបណ្តឹង។ អ្នកស្រី Zahra Azizkhani វ័យ ៧២ ឆ្នាំ កំពុងប្ដឹងទាមទារសំណងជំងឺចិត្ដ ៨៥០,០០០ ដុល្លារ ពីក្រុមហ៊ុនខាងលើ។
ស្រ្ដីរូបនេះ បាននិយាយថា ខ្លួនបានធ្វើដំណើរតាមយន្ដហោះពីរដ្ឋ Virginia ទៅកាន់ប្រទេសអ៊ីរ៉ង់ កាលពីឆ្នាំមុន ដើម្បីទៅទស្សនាប្រទេសនេះជាលើកដំបូង។
របួសរបស់គាត់ បានកើតឡើង នៅជើងហោះហើរកណ្ដាល នៅពេលដែលស្រ្ដីរូបនេះ បាននិយាយថា អ្នកបម្រើម្នាក់ ដែលបម្រើកាហ្វេជូនភ្ញៀវ បានធ្វើឱ្យកំពប់កាហ្វេ ទៅលើពោះរបស់អ្នកដំណើរ ដែលបណ្តាលឱ្យរលាកធ្ងន់ធ្ងរ និងឈឺចាប់ នេះបើយោងតាមពាក្យបណ្តឹង។
ស្រ្ដីរូបនេះ អះអាងថា អ្នកបម្រើលើយន្ដហោះ មិនបានអើពើ ជួយដល់រូបគាត់ឡើយ។ ការរលាកនេះមានសភាពធ្ងន់ធ្ងរ ដែលធ្វើឱ្យគាត់ មិនអាចស្លៀកសំពត់លើវាបាន ដែលរឹតត្បឹតដំណើរទស្សនកិច្ចរបស់គាត់ នៅក្នុងប្រទេសអ៊ីរ៉ង់ ដោយសារតែច្បាប់របស់ប្រទេសនេះ តឹងរឹង ចំពោះសម្លៀកបំពាក់របស់ស្ត្រី។
នៅក្នុងកំណត់របស់តុលាការ ក្រុមហ៊ុនអាកាសចរណ៍ បានច្រានចោល ការចោទប្រកាន់នោះ។ ពាក្យបណ្តឹងបន្ដអះអាងថា កាហ្វេកំពប់នោះ ក៏ធ្វើឱ្យខូចលិខិតឆ្លងដែនរបស់ស្ត្រីនោះផងដែរ ដែលបណ្តាលឱ្យវារលប់។
ពាក្យបណ្តឹង បានអះអាងថា ឧបទ្ទវហេតុនោះ បណ្តាលឱ្យអ្នកស្រី Azizkhani ត្រូវបានឃាត់ខ្លួនអស់រយៈពេលជាងពីរម៉ោង នៅឯព្រលានយន្តហោះអន្តរជាតិទីក្រុងតេរ៉ង់ ខណៈពេលដែលមន្រ្តីអន្តោប្រវេសន៍សួរចម្លើយគាត់។
គាត់និយាយថា នៅទីបំផុត រូបគាត់ត្រូវបានអនុញ្ញាតឱ្យចាកចេញ បន្ទាប់ពីអាជ្ញាធរបានកំណត់ថា អត្តសញ្ញាណរបស់គាត់ គឺស្របនឹងច្បាប់៕
ប្រែសម្រួល ៖ សារ៉ាត
ប្រភព ៖ Inside Edition