បុរសម្នាក់រស់នៅរដ្ឋ Georgia (សហរដ្ឋអាមេរិច) ត្រូវបានចោទប្រកាន់ថា បានវាយប្រហារទៅលើ នារីម្នាក់ ដែលបុរសនោះបានស្គាល់គ្នាតាមបណ្តាញទំនាក់ទំនងសង្គម ដោយសារតែ នៅពេលដែល ជួបគ្នានៅខាងក្រៅ ភាគីខាងស្រីមានរូបរាងមុខមាត់ មិនដូចនឹងរូបថត ដែលបានបង្ហោះនៅក្នុង បណ្តាញទំនាក់ទំនងសង្គម។
បើតាមប្រភពព័ត៌មានពីការិយាល័យ ប៉ូលិសតំបន់ បានឲ្យដឹងថា ជនជាប់ ចោទឈ្មោះ Cornelius Jefferson អាយុ ៣៣ឆ្នាំ បន្ទាប់ពីរូបគេបានស្គាល់នារី ម្នាក់នៅលើបណ្តាញទំនាក់ទំនងសង្គម បុរសម្នាក់នេះ បានផ្ទេរមកនៅ Kentucky ពីរដ្ឋ Georgia ដើម្បីចាប់ផ្តើម កសាងទំនាក់ទំនងស្នេហា យូរអង្វែង មួយជាមួយនារីដែលខ្លួនបានស្គាល់។
ប៉ុន្តែបន្ទាប់ពីបានជួបភាគីខាងស្រី នៅខាងក្រៅ Jefferson បានឈ្លោះប្រកែកគ្នាជាមួយនាង ដោយ សារតែ រូបគេបានគិតថា នាងគឺមិនដូចនឹងនារី ដែលគេស្គាល់នៅក្នុងអ៊ីនធឺណេត ហើយរូបគេក៏ត្រូវ បានជាប់ចោទថា បានច្របាច់ក គប់អាហារទៅលើនារីដែលមកជួបខ្លួន និងបានអូសវ៉ាលីដើរចេញ ទៅបាត់ទៅ។ បណ្តាមន្ត្រីប៉ូលិស បានស្វែងរកឃើញបុរសម្នាក់នេះ នៅពេលដែលរូបគេកំពុងតែ ដើរនៅតាមដងផ្លូវមួយនៅ Kentucky កាលពីថ្ងៃទី ២១ ខែតុលា កន្លងទៅនេះ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ Huffington Post, vreview