CamNews

តារា 

សាវិន ហ្វីលីព ចេញ​មុខ​បំ​ភ្លឺ​រឿង សារ៉ា ជំពាក់​លុយ​ក្មួយ​ស្រី ហើយ​អត់​សង

ភ្នំពេញ៖ បន្ទាប់ពីគេហទំព័រ LookingTODAY បានចុះផ្សាយ នូវអត្ថបទមួយ មានចំណងជើងថា «សារ៉ា ក្ដៅចិត្តនឹង សាវិន ហ្វីលីព ដោយសារ លុយ១៥០ដុល្លារ និងត្រៀមចាត់ការ តាមច្បាប់» ចេញផ្សាយ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ នេះ ដោយបង្ហាញឲ្យដឹងពីជម្លោះ រវាងប្រធានក្រុមបង្ហាញម៉ូដ Pop Model កញ្ញា សារ៉ា បានកើតទុក្ខមិន សុខចិត្ត នឹងសារ របស់លោក សាវិន ហ្វីលីព សរសេរបង្ហោះលើ Facebook ជុំវិញរឿង នាងជំពាក់លុយក្មួយស្រី លោក រួចមក នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ នេះ តារាសម្ដែងជើងចាស់ល្បី លោក សាវិន ហ្វីលីព និងកញ្ញា សុវណ្ណ រ៉ាផា ជាក្មួយស្រី បានធ្វើដំណើរមកកាន់ មជ្ឈមណ្ឌលព័ត៌មានដើមអំពិល ដើម្បីបកស្រាយ និងបញ្ជាក់ឲ្យ មហាជនបានដឹងថា នរណាខុស នរណាត្រូវ ក្នុងរឿងនេះ ។

ក្នុងទឹកមុខមាំហំ តារាសម្ដែង សាវិន ហ្វីលីព បានបញ្ជាក់ថា ក្នុងនាមលោកជាអាណាព្យាបាល ជាអ្នកនាំ គាត់(ក្មួយស្រី ) ចូលសិល្បៈ លោកត្រូវតែចេញមុខរកខុសត្រួវ ចំពោះរឿងនេះ ។ រឿងដែលលោក ហ្វីលីព មិនសប្បាយចិត្ត គឺពេលលោកដឹងរឿងនេះ ដឹងថាក្មួយស្រីជាតារាថ្មីត្រូវគេ ធ្វើបាប។ គ្នាខំចំណាយពេល៥ថ្ងៃ (៣ថ្ងៃនៅកំពង់ចាម ៣ថ្ងៃនៅកំពង់សោម) ដើម្បីការងារដើរម៉ូដ ដែល កញ្ញា សារ៉ា បានយកគ្នា ទៅបង្ហាញម៉ូដ ឲ្យក្រុមហ៊ុនមួយ កាលពីចូលឆ្នាំថ្មី ប៉ុន្តែរហូតមកដល់ថ្ងៃនេះហើយ នៅមិនទាន់ឲ្យលុយគ្នាទៀត។ អ្វីដែលលោកកាន់តែហួសចិត្តនោះ គឺមិនឲ្យលុយជំពាក់ហើយ កញ្ញា សារ៉ា បែរជាខលមកជេរម្ដាយរបស់ រ៉ាផា កប់ៗមាត់ ដូចស្រាតសំពត់ទៀត តើឲ្យលោកទ្រាំម្ដេចបាន?

« គាត់(សារ៉ា)មិនសងលុយ ហើយភ រហូតម្ដងថាថ្ងៃនេះ ម្ដងថាថ្ងៃនោះ គាត់មិនសងលុយឲ្យក្មួយខ្ញុំសោះ ។ដល់ពេលថ្ងៃទី២៨ហ្នឹង គាត់ទូរស័ព្ទមកជេរបងស្រីខ្ញុំ (ម្ដាយ រ៉ាផា) ដូចស្រាតសំពត់អ៊ីចឹង គិតមើល៍មិនឲ្យលុយគេហើយ ជេរគេទៀត..!។ គាត់ខលដោយសារគាត់ឃើញខ្ញុំ Post ក្នុង Timeline Facebook ហើយហេតុអ្វីបានខ្ញុំ Post ដោយសារ ខ្ញុំសរសេរក្នុង Inbox គាត់សួរថា សារ៉ា សូមជួយដោះស្រាយ បញ្ហាលុយក្មួយរបស់ខ្ញុំ១៥០ដុល្លារមក ។ គាត់អានហើយ គាត់មិនឆ្លើយតប និង Block Facebook ខ្ញុំចោលទៀត ខ្ញុំមានអារម្មណ៍ថា គាត់មើលងាយខ្ញុំណាស់ គាត់មានកិត្តិយស ខ្ញុំក៏មានកិត្តិយសដូចគ្នា ពេលនោះខ្ញុំសម្រេចចិត្តសរសេរ Timeline នៅពីលើនោះ ហើយ Timeline នោះមិនមែនជាសារគំរាមអ្វីទេ គឺជាសារ ដែលខ្ញុំទារលុយគាត់»។ លោក សាវិន ហ្វីលីព បញ្ជាក់បន្ថែម ។

លោក សាវិន ហ្វីលីព បានបន្តទៀតថា មិនត្រឹមតែផ្ញើសារ ទៅទារលុយ ជំពាក់នោះទេ លោកថែមទាំងបានទូរស័ព្ទទៅប្រាប់ទៀតផង ប៉ុន្តែកញ្ញា សារ៉ា មិនលើកទូរស័ព្ទ និងគេចវេសរហូត ។ លោកយល់ថា បើសារ៉ា ជាមនុស្សល្អ ម្ដេចមិនលើក ទូរស័ព្ទ របស់លោក គឺមានចេតនា ចង់ស៊ីដាច់លុយក្មួយស្រីលោក។

យ៉ាងណាមិញលោក សាវិន ហ្វីលីព បានសង្កត់ធ្ងន់ថា តាមព័ត៌មានកញ្ញា សារ៉ា ចង់ប្ដឹងលោក ជុំវិញការសរសេរសារលើ Facebookនេះ លោកស្វាគមន៍ជានិច្ច ចង់លេងតាមផ្លូវច្បាប់ក៏បាន ព្រោះលោក Post ជាលក្ខណៈបើកចំហរ បង្ហាញភាពស្មោះត្រង់ បើគាត់ ជាមនុស្សស្មោះត្រង់ គាត់ឆ្លើយតបមក ថ្ងៃណា ម៉ោងណា លោកចាំទទួល ។

រហូតមកដល់ពេលនេះ បន្ទាប់ពីមានជម្លោះ យ៉ាងស្រួចស្រាល់ ជាមួយគ្នាហើយនោះ កញ្ញា សារ៉ា នៅមិនទាន់ទូទាត់ប្រាក់ជំពាក់ ចំនួន១៥០ ដុល្លារនោះ ឲ្យក្មួយស្រីលោក សាវិន ហ្វីលីព គឺកញ្ញា រ៉ាផា នៅឡើយទេ ។ បញ្ហាមិនទាន់ឲ្យលុយនេះ លោកហ្វីលីព បានគិតថា បើសារ៉ា លេបកម្លាំងញើសឈាម ក្មួយស្រីលោករួច ក៏លេបទៅចុះ លុយប៉ុណ្ណឹង..!។

«ខ្ញុំបានពិភាក្សា ជាមួយក្រុមគ្រួសារហើយ ប្រសិនបើគាត់លេបលុយ១៥០ដុល្លារ ជាកម្លាំងញើសឈាមក្មួយស្រីខ្ញុំនេះរួច ក៏លេបចុះ ប៉ុន្តែគួរគិតថា គាត់ធ្វើចឹងសមអត់ ឈ្មោះគាត់ជាតារាម្នាក់ដែរ មិនគួរណាដើរបោកគេ អ៊ីចឹងទេ..»។ លោក សាវិន ហ្វីលីព បន្ថែម ។

ជាមួយគ្នានេះ ភរិយាលោក សាវិន ហ្វីលីព ក៏បានបញ្ជាក់បន្ថែមថា ក្នុងករណី កញ្ញា សារ៉ា ប្ដឹងលោក សាវិន ហ្វីលីព ជាប្ដីរបស់នាង គឺនាងនឹងរៀបចំពាក្យប្ដឹងមុន មិនបាច់ឲ្យសារ៉ាប្ដឹងទេ គឺប្ដឹងពីបទទូរស័ព្ទ មកជេរបងថ្លៃស្រី(ម្ដាយកញ្ញា រ៉ាផា) របស់នាង ប៉ុន្តែបើកញ្ញា សារ៉ា ព្រមសងលុយ និងព្រមបញ្ចប់រឿងត្រឹមហ្នឹង គឺគ្មានអ្វីវែងឆ្ងាយឡើយ ពោលត្រូវទទួលខុសត្រូវ លើទង្វើដែលខ្លួនបានធ្វើ ។

ជុំវិញជម្លោះរឿងលុយកាក់ រវាងប្រធានក្រុមតារាបង្ហាញ ម៉ូដ Pop Model កញ្ញា សារ៉ា និងតារាសម្ដែង លោក សាវិន ហ្វីលីព ដែលបានចេញមុខ រកយុត្តិធម៌ឲ្យក្មួយស្រី គឺកញ្ញា រ៉ាផា នៅពេលនេះ គឺបានកើតឡើង ដោយសារតែកញ្ញា សារ៉ា បានជួលក្មូយស្រី លោក សាវិន ហ្វីលីព ឲ្យទៅបង្ហាញម៉ូដ ក្នុងកម្មវិធីបាល់ទះឆ្នេរខ្សាច់ របស់ស្រាបៀរដ៏ល្បីឈ្មោះមួយ ដែលសហការផ្សាយផ្ទាល់ ដោយទូរទស្សន៍ហង្សមាស ដោយឲ្យតម្លៃក្នុង១យប់៣០ដុល្លារ គឺមានរយៈពេល៥យប់។ ប៉ុន្តែតាមរយៈការដឹកនាំពាំយួរ ពីសំណាក់កញ្ញា សារ៉ា នៅពេលនោះ ត្រូវបានគេដឹងថា ខាងក្រុមហ៊ុនបានទូទាត់ប្រាក់ ឲ្យតារាសម្ដែង តារាបង្ហាញម៉ូដ រួចរាល់អស់ហើយ តែគេក៏មិនដឹងដែរថា ហេតុអ្វីបានជាមកដល់ថ្ងៃនេះទៅហើយ ប្រាក់ថ្លៃឈ្នួលនោះ មិនទាន់ទៅដល់ដៃសមាជិក បង្ហាញម៉ូដទៀត ។

មានប្រភពព័ត៌មាន ពីសំណាក់តារាជាច្រើន បានព្រលយថា កញ្ញា សារ៉ា តែងតែហៅតារាថ្មីចាស់ ទៅបង្ហាញម៉ូដ ក្នុងកម្មវិធីនេះ កម្មវិធីនោះ មិនសូវដាច់ ប៉ុន្តែជុំវិញរឿងលុយកាក់ គឺមិនសូវដែលបានធ្លាក់ដល់ដៃ សមាជិកក្រុម ដែលនាងហៅទៅនោះទេ ហើយតារាទាំងនោះ ក៏មិនហ៊ានមាត់កអ្វីដែរ ព្រោះយល់ថា ទុកមុខរាប់គ្នា ។

ជុំវិញបញ្ហានេះ LookingTODAY នៅមិនទាន់អាចទាក់ទង ទៅកាន់កញ្ញា សារ៉ា ដើម្បីឲ្យបញ្ជាក់បន្ថែមបានទេ នៅព្រឹកថ្ងៃនេះ ខណៈលេខទូរស័ព្ទ ដែលនាងធ្លាប់ប្រើ ត្រូវបានប្ដូរ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh