ភ្នំពេញ៖ អស់ពេលជាច្រើនឆ្នាំហើយ ដែលអតីតតារាសម្តែង សាច់សរ ម៉ដ្ឋរលោង អ្នកនាង លី ម៉ារីណា បានបាត់មុខ ចេញពីសង្វៀនសិល្បៈ ទៅសម្ងំរស់នៅយ៉ាងអាថ៌កំបាំង ជាមួយស្វាមី ដែលជាអាណិកជនខ្មែររស់នៅអាមេរិក ហើយ នាងក៏មិនដែលបង្ហាញ ពីជីវិតឯកជន ឲ្យមហាជនបានដឹង ជាសាធារណៈឡើយ ។ ប៉ុន្តែបន្ទាប់ពីនាង និងកូនបានមក លេងស្រុកកំណើត កាលពីពេលថ្មីៗនេះប្ដីរបស់នាងបានមកទទួលនាង ទៅរស់នៅអាមេរិកវិញ ព្រោះតែក្ដីនឹករឭក ពេក ។
អតីតតារាស្រី ដែលមានសម្រស់ស្រស់ស្អាតសាច់ចាំ អ្នកនាង លី ម៉ារីណា ថ្មីៗនេះ ត្រូវបានបណ្តាញទំនាក់ទំនងសង្គម Facebook យករូបរបស់នាង និងក្រុមគ្រួសារ មកបង្ហោះពាសពេញបណ្តាញមួយនេះ ធ្វើឲ្យទស្សនិកជន និងគាំទ្រនាងជាច្រើននាក់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលការលេចរូបរបស់នាងលើកនេះ គឺនាងបានវិវត្តន៍ខ្លួន ទៅជាម្តាយរបស់គេហើយ ដោយកូនរបស់នាង មានវ័យប្រមាណ៦ខែហើយ ។
តាមរយៈការបង្ហាញរូប ជាលក្ខណៈគ្រួសារ របស់អតីតតារាបង្ហាញម៉ូដ និងតារាសម្តែង អ្នកនាង លី ម៉ារីណា បានសរបញ្ជាក់ឲ្យឃើញថា គ្រួសាររបស់នាង រស់នៅយ៉ាងមានក្តីសុខ សុភមង្គល មិនខុសពីសិល្បការិនី រួមអាជីពដែលរៀបការរួចដទៃទៀតឡើយ ។ បើទោះជាពេលកន្លងមកនាង ធ្លាប់រងការរិះគន់ និងជួបរឿងរ៉ាវអាស្រូវថា ដណ្តើមប្តីគេ ហើយទទួលរងការគំរាមសម្លាប់ក៏ដោយ ក៏នាងអាចជំនះឧបសគ្គ រស់នៅជាមួយមនុស្ស ដែលខ្លួនស្រឡាញ់ ជាអាណិកជនខ្មែរ រស់នៅអាមេរិក លោក សាត ចាន់ថន ដោយមិនខ្វល់ពីអ្វីឡើយ ។
បើទោះជាពេលនេះ ម្ចាស់សាម៉ីខ្លួន នាង ម៉ារីណា បានចាប់ផ្តើមបង្ហាញពីជីវិតរស់ នៅឯកជនរបស់នាងខ្លះៗ ក៏ដោយ តែតារារូបនេះ មិនបានបញ្ជាក់លម្អិត ឬបើកចំហរពីស្ថានភាពគ្រួសារ របស់នាងច្រើននោះទេ ដោយនាងគ្រាន់តែបង្ហើបឲ្យដឹងយ៉ាងខ្លីថា ពេលនេះចំណងគ្រួសារ គឺកាន់តែមានភាពរឹងមាំ ស្រលាញ់គ្នាកាន់តែខ្លាំង ហើយមានកូនជាចំណងដៃម្នាក់ ថែមទៀតផង ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល