CamNews

សុខភាព 

ទម្លាប់ល្អៗមួយចំនួនដើម្បីបង្ការអាការៈគាំងបេះដូង

ដើម្បីបង្ការការស្ទះសរសៃឈាមបេះដូង ដំបូងឡើយអ្នកត្រូវដឹងថា ការស្ទះសរសៃឈាមបេះដូង វាបង្ហាញរោគសញ្ញាអ្វីខ្លះ។ ការណ៍នេះអ្នកនឹងដឹងសញ្ញាព្រមានមួយចំនួនដូចជា ឈឺដើមទ្រូង​ បែកញើសច្រើនដោយមិនដឹងមូលហេតុ រកកលក្អួត ហេវហត់អស់កម្លាំង ឬពិបាកដកដង្ហើម។ ប្រសិនបើអ្នកកត់សម្គាល់ឃើញអាការៈណាមួយ ក្នុងចំណោមអាការៈដូចបានរៀបរាប់ខាងលើ សូមទៅជួបវេជ្ជបណ្ឌិតជាបន្ទាន់ ពីព្រោះអ្នកទទួលបានការធ្វើរោគវិនិច្ឆ័យបានកាន់តែលឿនកាលណា ពេទ្យក៏អាចជួយសង្រ្គោះអ្នកបានលឿនប៉ុណ្ណោះដែរ ។ ជាទូទៅ អ្នកអាចបង្កើតទម្លាប់ល្អៗដើម្បីបញ្ជៀសអាការៈស្ទះសរសៃឈាមបេះដូង ដោយអ្នកត្រូវយកវាមកអនុវត្តអោយបានខ្ជាប់ខ្ជួន៖

១. ទទួលទានអាហារណា ដែលល្អចំពោះសុខភាព៖ របបអាហារប្រចាំថ្ងៃរបស់អ្នក ដើរតួនាទីយ៉ាងសំខាន់  នៅពេលនិយាយដល់ការបង្ការអាការៈស្ទះសរសៃឈាមបេះដូង និងជំងឺសរសៃឈាមបេះដូងដទៃទៀត ។ នៅពេលតម្រូវការអាហារូបត្ថម្ភរបស់អ្នក មានកម្រិតផ្សេងៗគ្នាអាស្រ័យទៅលើអាយុ ទម្ងន់ និងសុខភាពទូទៅនោះ យើងសូមណែនាំអ្នកអោយអនុវត្តប្រការដូចខាងក្រោម៖

ទទួលទានបន្លែ និងផ្លែឈើស្រស់ឱ្យបានច្រើន

  • ទទួលទានធញ្ញជាតិ ដែលសម្បូរជាតិសរសៃហ្វាយប័រ
  • ដាក់បន្ថែមអាហារសម្បូរជាតិប្រូតេអីន ក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក
  • ទទួលទានអាហារ និងឱសថ ដែលមានជាតិអូមេហ្កា-3
  • ទទួលទានទឹក និងភេសជ្ជៈ ដែលល្អចំពោះសុខភាពអោយបានច្រើន

 

២. ចៀសវាងការជក់បារី៖ មនុស្ស ដែលជក់ និងស្រូបផ្សែងបារី ប្រឈមនឹងហានិភ័យខ្ពស់នៃការកើតអាការៈស្ទះសរសៃឈាមបេះដូង នៅពេលប្រៀបធៀបទៅនឹងមនុស្ស ដែលមិនជក់បារី។ ដូចដែលមនុស្សជាច្រើនបានដឹងមកហើយ សមាសធាតពុលនៅក្នុងបារី មាននូវផលប៉ះពាល់អវិជ្ជមាន ទៅលើសួត និងសុខភាពបេះដូង។ ដោយហេតុនេះ នៅពេលប្រឈមនឹងជំងឺបេះដូង ឬជំងឺសរសៃឈាមបេះដូង វាជារឿងចាំបាច់ ដែលត្រូវជៀសវាងការជក់បារី។



៣. ការធ្វើលំហាត់ប្រាណអាចបង្ការអាការៈស្ទះសរសៃឈាមបេះដូង៖ ការហាត់ប្រាណជាប្រចាំ មានគុណប្រយោជន៍ជាច្រើនចំពោះសុខភាពបេះដូងរបស់អ្នក។ ក្រៅពីជួយពង្រឹងដល់សាច់ដុំបេះដូង ការហាត់ប្រាណជួយកាត់បន្ថយសម្ពាធឈាម កូឡេស្តេរ៉ូល និងបញ្ហាដទៃទៀត ដែលបង្កើនហានិភ័យនៃអាការៈស្ទះសរសៃឈាមបេះដូង។ ម្យ៉ាងទៀត វាក៏ជួយកាត់បន្ថយភាពតានតឹង និងជួយឱ្យអារម្មណ៍ល្អផងដែរ ។



៤. ធ្វើសមាធិ៖ យោងតាមការសិក្សាស្រាវជ្រាវ ការធ្វើសមាធិរាល់ថ្ងៃ អាចជាវិធីដ៏សំខាន់ ក្នុងការការពារជំងឺបេះដូង និងអាការៈស្ទះសរសៃឈាមបេះដូង ។ ដោយសារតែសមត្ថភាពកាត់បន្ថយភាពតានតឹង និងសម្ពាធឈាមរបស់វា ទើបធ្វើឱ្យការព្យាបាលប្រភេទនេះ ផ្ដល់ប្រយោជន៍យ៉ាងសំខាន់ដល់សុខុមាលភាពផ្លូវកាយ និងផ្លូវចិត្ត។



៥. ឥទ្ធិពលទម្ងន់រាងកាយចំពោះសុខភាពបេះដូងរបស់អ្នក៖ បើទោះជាមនុស្សជាច្រើនមើលរំលងបញ្ហានេះក្តី ការឡើងគីឡូខ្លាំង និងជំងឺធាត់ ធ្វើឱ្យបេះដូងរបស់អ្នកធ្វើការកាន់តែខ្លាំង ។ បញ្ហាទាំងពីរនេះ ក៏ជាកត្តា ដែលបណ្ដាលឱ្យកើតជំងឺសម្ពាធឈាម ឡើងកូឡេស្តេរ៉ូល ជំងឺទឹកនោមផ្អែម និងជំងឺដទៃទៀត ដែលជះឥទ្ធិពលដល់ការស្ទះសរសៃឈាមបេះដូងដែរ៕




 ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ steptohealth