CamNews

តារា 

សោភ័ណ្ឌ លីនដា ទទួលស្គាល់ចំណងស្នេហ៍ តែបដិសេធរស់នៅផ្ទះ ជាមួយគ្នា

ភ្នំពេញ៖ ថ្មីៗនេះ ស្រាប់តែមានដំណឹង ដ៏រសើបលេចឮថា តារាសម្ដែងស្រីវ័យទើប២០ឆ្នាំ កញ្ញា សោភ័ណ្ឌ លីដា បច្ចុប្បនេះ កំពុងរស់នៅផ្ទះតែមួយ ជាមួយនឹងសង្សារថ្មី គឺលោក មករា ដែលត្រូវបានគេស្គាល់ថា ជាអ្នកដឹកនាំសម្ដែង នៅក្នុងផលិតកម្មសាន់ដេ យ៉ាងសប្បាយចិត្ត និងស្ងប់ស្ងាត់បំផុត ។ ប៉ុន្តែដំណឹងនេះ ត្រូវបាន កញ្ញា លីដា បដិ សេធន៍ថា មិនមែនជារឿងពិត ដូចការលើកឡើយទេ។

ប្រភពព័ត៌មាន ពីអ្នករស់នៅក្នុងចង្កោមសិល្បៈ បាននិយាយថា ទំនាក់ទំនងស្នេហា រវាងតារាសម្តែង សោភ័ណ្ឌ លីនដា ជាមួយលោក មករា ថ្វីត្បិតតែអ្នកទាំងពីរ មិនទាន់មានគម្រោងភ្ជាប់ពាក្យ ឬចូលរោងក្រាបផ្ទឹមសំពះការ ជាមួយគ្នាក៏ពិតមែន តែសព្វថ្ងៃនេះពួកគេ បានរួមរស់ជាមួយគ្នា យ៉ាងផ្អែមល្ហែមក្រោយ ដំបូលផ្ទះតែមួយរួច ហើយ។

ប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទកាលពីថ្មីៗ នេះតារាសម្តែង កញ្ញា សោភ័ណ្ឌ លីនដា បាននិយាយសម្តែងអារម្មណ៍ ទាំងហួសចិត្តប្រាប់ថា "ពុំមែនជាការពិតដូចគេ និយាយនោះទេ ។ ខ្ញុំឆ្ងល់ណាស់ មិនដឹងថា ពួកគាត់បានព័ត៌មាននេះ មកពីណា ? ខ្ញុំមិនដឹងផង..! ហេតុអីបានជាគេ ចេះតែនិយាយ គ្មានការពិតបែបនេះ..? "។

កញ្ញា សោភ័ណ្ឌ លីនដា បានបន្តទាំងញ័រមាត់ថា "ខ្ញុំនិងបងមករា គឺពិតជាស្រឡាញ់គ្នាមែន តែរឿងរស់នៅផ្ទះ ជាមួយគ្នា នេះគ្មានទេ ។ ខ្ញុំទទួលស្គាល់ថា យើងទាំងពីរនាក់ ពិតជាឧស្សាហ៍ ដើរទៅណាមកណា ជាមួយគ្នាមែន ម្យ៉ាងទៀត គាត់ក៏ឧស្សាហ៍ ចេញចូលផ្ទះខ្ញុំដែរ ព្រោះពេលមានកម្មវិធីជួបជុំគ្នា តែងហៅគាត់មកចូលរួម។ ចំណែករឿងថា គាត់មករស់នៅផ្ទះ តែមួយជាមួយគ្នា គឺអត់ទេ.!" ។

ជាមួយគ្នានេះ កញ្ញា សោភ័ណ្ឌ លីនដា បានបន្ថែមថា ចំពោះព័ត៌មាននេះ ពិតជាធ្វើឱ្យប៉ះពាល់ ដល់កិត្តិយស និង កេរ្តិ៍ឈ្មោះ របស់នាងខ្លាំងណាស់ ។ មិនតែប៉ុណ្ណោះ ក៏ជះឥទ្ធិពល មិនល្អសម្រាប់ខ្លួននាងផ្ទាល់ ក៏ដូចជាក្រុមគ្រួសារ ទៀតផង ។ គួរបញ្ជាក់ថា លីដា បោះជំហានចូលសិល្បៈ ក្នុងអំឡុងឆ្នាំ២០១១ ក្នុងក្រុមបង្ហាញម៉ូដ Sun Super Model Cambodia ។ តារាស្រីម្នាក់នេះ ធ្លាប់បានថតស្ប៉តពាណិជ្ជកម្ម តិចតួចទេ ប៉ុន្តែបើខារ៉ាអូខេវិញ មានស្ទើរគ្រប់ផលិតកម្មធំៗទាំងអស់ នៅក្នុងប្រទេសកម្ពុជា៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh